ពីនេះ ពីនោះ
រូបត្លុក
មន្ត្រី​ខុស មហាជន​ថ្កោលទោស ចុះបើ​មហាជន​ខុស តើ​អ្នកណា​ដាក់ទោស​?
19, Aug 2019 , 12:39 pm        
រូបភាព
​ស្ត្រី​មន្ត្រី​មន្ទីរ​សាធារណការ​ម្នាក់​នៅ​ខេត្តសៀមរាប ត្រូវបាន​គេ​ឃើញ​ក្នុង​រូបថត​យក​ជើង​ចង្អុល​ស្លាក​លេខ​រថយន្ត​ម៉ាក​អូ​ឌី​។ រូបថត​ត្រូវបាន​មហាជន​បង្ហោះ​ជាមួយ​ពាក្យរិះគន់ ជេរ ប្រមាថ រហូតដល់​ស្ថាប័ន​សា​ម៉ី​សម្រេច​ផ្ទេរ​ភារកិច្ច​មន្ត្រី​នោះ​។ សំណាង និង​សុធីរ បារម្ភ​ខ្លាំង​អំពី​បញ្ហា​បែបនេះ​នៅក្នុង​សង្គម​ខ្មែរ ពិសេស​ឥទ្ធិពល​នៃ​ការបញ្ចេញមតិ​តាម​ហ្វេ​ស​ប៊ុ​ក​ដែល​មិន​ត្រឹមត្រូវ​។

 
​សំណាង​៖ អញ​ថា ហ្វេ​ស​ប៊ុ​ក​គួរឱ្យខ្លាច​ណាស់​អ្ហា​? ចង់ឱ្យ​អ្នកណា​អស់តំណែង​ក៏បាន ចង់ឱ្យ​អ្នកណា​ល្បី​ក៏បាន​។ យូរៗ​ទៅ ហ្វ៊េ​ស​ប៊ុ​ក​ចង់​គ្រប់គ្រង​សង្គម​យើង​ហើយ​។ មិនមែន​មានតែ​រឿង​មន្ត្រី​សាធារណការ​នៅ​សៀមរាប​ទេ​។ កន្លងមក​មានរឿង​ច្រើនណាស់ ដែល​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក ផ្អើល​តាមតែ​គ្នា​។ ពេលខ្លះ​រឿង​តែមួយ ផ្អើល​ម្តង​ឆ្វេង ម្តង​ស្តាំ​។​
 
​សុធីរ​៖ ឯង​គិត​ដូច​អញ​ដែរ​។ ឥឡូវនេះ​ត្រឹម​រូបថត​មួយ​សន្លឹក ធ្វើឱ្យ​មហាជន​កាត់សេចក្តី​បាន​ហើយ​។ តើ​វា​មាន​ខុស​អី ខុសពី​តុលាការ​មហាជន​ដែល​វាយ​សម្លាប់​ជនសង្ស័យ​ជា​ចោរឆក់​នៅតាម​ផ្លូវ​?
 
​សំណាង​៖ អ្ហែង​និយាយ​ត្រូវ​។ យើង​មិន​បានឃើញ​ហេតុការណ៍​នោះឡើយ​។ មហាជន​វិនិច្ឆ័យ​តែ​លើ​រូបភាព​មួយ​សន្លឹក​។ ឃើញ​ខុស ជេរប្រទេច​តែម្តង​។ ឧបមា​ថា មន្ត្រី​នោះ​ខុស​ពិតមែន​ចុះ តើ​វា​ជា​កំហុស​តែ​១​ដង ឬ​ពីរដង​ដែល​ត្រូវ​ទទួលពិន័យ​ផ្ទេរ​ភារកិច្ច ហើយ​ត្រូវ​ប្រកាស​ជា​សាធារណៈ​អ៊ីចឹង​? ឬក៏​ស្ថាប័ន​សា​ម៉ី​បង្ខំចិត្ត​ចាត់វិធានការ ហើយ​ប្រកាស​ជា​សាធារណៈ ដោយសារ​សម្ពាធ​មហាជន​តាម​ហ្វេ​ស​ប៊ុ​ក​?
 
​សុធីរ​៖ អញ​ក៏​មិនដឹង​ដែរ​។ ប៉ុន្តែ​អ្វីដែល​អញ​ទោមនស្ស​ខ្លាំង​ជាងនេះទៀត គឺ​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ជេរប្រទេច​ស្ត្រី​នោះ សុស​អស់សាច់​ហើយ​។ អញយល់ថា​គ្រោះថ្នាក់​របស់​សង្គម​យើង គឺ​នៅត្រង់​ហ្នឹង​។ មហាជន​ច្រើន​លើសលប់ ប្រើពាក្យ​អសុរោះ​ជេរ ប្រទេច ប្រមាថ​ស្ត្រី​នោះ ហួស​ពី​ទោសកំហុស​ដែល​ស្ត្រី​ម្នាក់​នោះ​ត្រូវ​ទទួល​ទៅទៀត​។ អ្នកខ្លះ​បង្ហោះ​រូបថត ហើយ​សរសេរ​ប្រមាថ​ស្ត្រី​នោះ ដល់​រឿង​ផ្លូវភេទ​ទៀត​! គាត់​មាន​ម្តាយ​ឪពុក កូនចៅ សាច់ញាតិ មិត្តភក្តិ​។ តើ​ពួកគេ​ឈឺចិត្ត​ប៉ុណ្ណា នៅពេលដែល​សាច់ញាតិ​ម្នាក់​ត្រូវបាន​សង្គម​ទាំងមូល ស្រាប់តែ​ជាន់ឈ្លី​គាត់​យ៉ាងនេះ​? តើ​ស្ត្រី​នោះ​រូបនោះ អាច​ដើរចេញ​ក្រៅ​ផ្ទះ​ទៀត​ទេ​? ចុះបើ​ស្ត្រី​នោះ ជា​បងស្រី​យើង ប្អូនស្រី ម្តាយ​យើង សាច់ញាតិ​យើង​? មន្ត្រី​ខុស​ជា​រឿង​មួយ​។ ចុះ​មហាជន ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​គ្រប់គ្នា​នេះ ហើយ​ជេរ ប្រមាថ មន្ត្រី​នោះ គ្មាន​កំហុស​ទេ​? ជេរប្រមាថ​លើ​ហ្វេ​ស​ប៊ុ​ក គឺ​ជេរ​ជា​សាធារណៈ​។ ហេតុអ្វី​ជេរ​គេ​?
 
​សំណាង​៖ រឿង​សីលធម៌​។ អ៊ីចឹង​ហើយ បាន​ជាមាន​ពាក្យ តែ តែ ស្ករ ស្ករ ហ្នឹង​ណា​អ្ហា​។ 

Tag:
 កាហ្វេ​ថ្មីៗ
© រក្សាសិទ្ធិដោយ thmeythmey.com