ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​បិទ និង​ហាម​ចេញ​អាជ្ញាប័ណ្ណ​ដល់​អាជីវកម្ម​ល្បែងភ្នាល់​តាម​អន​ឡាញ
19, Aug 2019 , 2:59 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​អាជីវកម្ម​ល្បែងភ្នាល់​តាម​អ៊ីនធឺណិត ដែល​គ្មាន​អាជ្ញាប័ណ្ណ និង​ហាម​មិន​ឲ្យ​ចេញ​អាជ្ញាប័ណ្ណ​ថ្មី ឬ​បន្ត​អាជ្ញា​បណ្ណ ដល់​ក្រុមហ៊ុន​ល្បែង​តាម​អន​ឡាញ​គ្រប់​ប្រភេទ​ឡើយ​។ នេះ​បើតាម​សារាចរ​ណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​១៨ សីហា​។

 
​សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ស​ង្គ​ម​។ ដូច្នេះ​រដ្ឋាភិបាល​បានសម្រេច​បញ្ឈប់​ការផ្តល់​គោលការណ៍ និង​អាជ្ញាប័ណ្ណ​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច និង​អន​ឡាញ​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស ។ 
 
​សារាចរ​ណែនាំ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សរសេរ​ដូច្នេះ​ថា​៖ «​ពួកឧក្រិដ្ឋជន​បរទេស​មួយចំនួន បាន​ជ្រក​ក្រោមរូបភាព​ល្បែងភ្នាល់​ប្រភេទ​នេះ ដើម្បី​បោកប្រាស់​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ ទាំង​ក្នុង​និង ក្រៅប្រទេស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ក្នុងសង្គម​»​។ 
 
​ក្រសួង​ពាក់ព័ន្ធ​ដែល​ត្រូវ​ដោះស្រាយ និង​ទប់ស្កាត់​បញ្ហា​ខាងលើនេះ រួមមាន​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សម្ដេច ស ខេង , រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន , រដ្ឋមន្ត្រី​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ប៊ិន ឈិន ,​មេបញ្ជាការ​កងរាជអាវុធហត្ថ ,​មេ​នគរបាលជាតិ និង​អភិបាលខេត្ត​ទាំងអស់​។ នេះ​ជាការ​បញ្ជា​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​បន្ថែមថា អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ម៉ឹងម៉ាត់ និង​មាន​ប្រសិទ្ធភាព​លើ​បញ្ហា​នេះ​។ 
 
​បច្ចុប្បន្ន​កម្ពុជា​មិនទាន់​មានច្បាប់​គ្រប់គ្រង​កាស៊ីណូ​នោះឡើយ​។ ប៉ុន្តែ​កម្ពុជា​បានផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​បើក​កាស៊ីណូ​ចំនួន ១៦៣​កន្លែង នៅ​ទូទាំងប្រទេស និង​កាស៊ីណូ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ និង​កំពុងដំណើរការ​អាជីវ​កម្ម​ល្បែងភ្នាល់​នៅ​ទូទាំងប្រទេស មាន​ចំនួន ៥៣​កន្លែង​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​នាយដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​
 
​គួររម្លឹកថា កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ ជនជាតិ​ចិន​១៨០​នាក់ ត្រូវបាន​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន ពាក់ព័ន្ធ​បទល្មើស​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត Voice Over Internet Protocol (VOIP)​។ បើ​គិត​ចាប់តាំងពី​ឆ្នាំ ២០១៤ មកដល់​ខែកក្កដា ឆ្នាំ​២០១៩ នេះ អាជ្ញាធរ​កម្ពុជា បាន​បណ្ដេញ​ជនល្មើស​ជ​ន​ជាតិចិន​ប្រមាណ ២, ៧០០​នាក់​ហើយ ចេញពី​កម្ពុជា​៕ 

Tag:
 ហ៊ុន សែន
 ​ល្បែង​
  អន​ឡាញ​
  កាស៊ីណូ​
© រក្សាសិទ្ធិដោយ thmeythmey.com