ជាតិ
បាក់ឌុប
បេក្ខនារីបាក់ឌុបម្នាក់ ធ្លាក់ដោយស្វ័យប្រវត្តិ ព្រោះទៅយឺតកន្លះម៉ោង
19, Aug 2019 , 3:14 pm        
រូបភាព
បេក្ខនារីម្នាក់ឈ្មោះ ជា ចាន់ស្រីនាង មិនត្រូវបានអនុញ្ញាតឲ្យចូលប្រឡងឡើយ ដោយសារតែនាងទៅយឺតកន្លះម៉ោង (ក្រោយសំឡេងជួងលើកទី២)។ ការប្រឡង ចាប់ផ្តើមនៅម៉ោង៧កន្លះព្រឹក នាថ្ងៃទី១៩សីហានេះ តែនាង បានទៅដល់នៅម៉ោង៨។



ស្រីនាង ជាសិស្សនៃវិទ្យាល័យអង្គរ ហើយត្រូវប្រឡងនៅមណ្ឌលវិទ្យាល័យ១០មករា ខេត្តសៀមរាប។ នៅម៉ោងប្រមាណ៨និង១០នាទីព្រឹក នាង ក៏បានទៅជួបលោក តាន់ វិច្ឆិការង្សី ប្រធានមណ្ឌលវិទ្យាល័យ១០មករា ហើយលោក ក៏បានសម្រេចមិនឲ្យនាង ចូលប្រឡង។

លោក នួន ពុទ្ធារ៉ា នាយករដ្ឋបាលខេត្តសៀមរាប ដែលមានវត្តមាននៅក្នុងមណ្ឌលប្រឡងវិទ្យាល័យ១០មករា ក្នុងការបើកហឹបវិញ្ញាសាដែរនោះ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា បេក្ខនារី ជា ចាន់ស្រីនាង ពិតជាទៅយឺតដល់ទៅកន្លះម៉ោងមែន ហើយនាង ក៏ត្រូវបានហាមឃាត់មិនឲ្យចូលប្រឡង។ លោក បញ្ជាក់បែបនេះថា៖«បេក្ខជន ដែលមកយឺតក្រោយការប្រឡងនេះ គឺត្រូវបានចាត់ទុកថាធ្លាក់ដោយស្វ័យប្រវត្តិ»។

នៅក្នុងរឿងនេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប ប្រាប់សារព័ត៌មានថ្មីៗថា លោក ក៏បានទទួលដំណឹងខាងលើដែរ តែលោក បានបដិសេធថា លោកពុំបានធ្វើអន្តរាគមន៍ឲ្យបេក្ខនារី ជា ចាន់ស្រីនាង បានចូលប្រឡងវិញ ដូចសារព័ត៌មានមួយចំនួនចុះផ្សាយនោះទេ។ លោក បកស្រាយដូច្នេះថា៖«ខ្ញុំ គ្មានសិទ្ធិជ្រៀតជ្រែកក្នុងរឿងនេះទេ វាជាការសម្រេចរបស់ក្រសួង»។
 
ក្រសួងអប់រំ កំណត់ ថា ការវាយជួង សម្រាប់ប្រឡងបាក់ឌុប មាន៤ដំណាក់កាល គឺ សំឡេងជួងលើកទី១ ជាសញ្ញាឲ្យអនុរក្សហៅឈ្មោះនិងពិនិត្យសាលកបត្របេក្ខជន ដែលត្រូវចូលបន្ទប់ប្រឡង សំឡេងជួងលើកទី២ ជាសញ្ញាចាប់ផ្តើមដំណើរការវិញ្ញាសាសរសេរ (នៅម៉ោង៧កន្លះ) សំឡេងជួងលើកទី៣ ជាសញ្ញាប្រកាសដំណឹងដល់បេក្ខជនថា នៅសល់រយៈពេល១៥នាទីទៀត ដល់ពេលប្រមូលកិច្ចការ និង សំឡេងជួងលើកទី៤ ជាសញ្ញាឲ្យអនុរក្សប្រមូលសន្លឹកកិច្ចការពីបេក្ខជន។ 

ក្រសួង បញ្ញត្តថា មិនត្រូវអនុញ្ញាតឲ្យបេក្ខជន ដែលទៅដល់មណ្ឌលប្រឡង នៅក្រោយសំឡេងជួងលើកទី២ ចូលប្រឡងឡើយ។ យ៉ាងណា លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់សារព័ត៌មានថ្មីៗបន្ថែម តាមទូរសព្ទថា បើបេក្ខជន ទៅដល់មណ្ឌលប្រឡង នៅក្រោយសំឡេងជួងលើកទី២ រយៈពេល១៥នាទី បេក្ខជននោះ អាចបំពេញលិខិតសុំចូលប្រឡងបាន។ តែលោក បញ្ជាក់ថា បើលើសពី១៥នាទី បេក្ខជននោះ នឹងមិនត្រូវអនុញ្ញាតឲ្យចូលប្រឡងឡើយ។ 

អ្នកនាំពាក្យរូបនេះ បន្ថែមថា បើមិនបានប្រឡងលើមុខវិជ្ជាណាមួយ មានន័យថា បេក្ខជន បានពិន្ទុសូន្យ លើមុខវិជ្ជានោះ។ លោក ពន្យល់ថា បើបេក្ខជន ធ្វើខុសបទបញ្ញត្តិ ហើយមិនត្រូវបានអនុញ្ញាតឲ្យចូលប្រឡងលើមុខវិជ្ជាណាមួយ បេក្ខជននោះ នឹងមិនត្រូវអនុញ្ញាតឲ្យចូលប្រឡងលើមុខវិជ្ជាដទៃទៀតឡើយ ដែលជាហេតុធ្វើឲ្យបេក្ខជននោះ ធ្លាក់ក្នុងការប្រឡង។ លោក លើកពីករណីរបស់បេក្ខនារី ជា ចាន់ស្រីនាង ថា នាង បានទៅសុំចូលប្រឡងនៅម៉ោងទី២ (វិញ្ញាសាទី២) នៅព្រឹកថ្ងៃទី១៩សីហានេះ តែមិនត្រូវបានអនុញ្ញាត៕ 





Tag:
 បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com