កីឡាអន្តរជាតិ
អន្តរជាតិ
Coutinho ចេញពី Barca ទៅ Bayern Munich ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​មួយ​រដូវ​កាល​
19, Aug 2019 , 3:51 pm        
រូបភាព
រូបភាពពីវេបសាយ Bayern Munich
រូបភាពពីវេបសាយ Bayern Munich
FC Barcelona ទទួលបាន ៩លានដុល្លារអាមេរិក ក្រោយ​យល់ព្រម​ឲ្យ​ខ្សែបម្រើ Philippe Coutinho ទៅ FC Bayern Munich ខ្ចី​ជើងក្នុង​រយៈពេល​មួយ​រដូវ​កាល​។ នេះ​បើតាម​ការផ្សាយ​របស់​វេ​ប​សាយ​ផ្លូវការ​របស់ Bayern Munich  នៅ​ថ្ងៃទី​១៩ ខែសីហា​នេះ។

 
​ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល វ័យ​២៧​ឆ្នាំ​នឹង​ស្នាក់នៅ​ទឹកដី​អាល្លឺម៉ង់​រហូតដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ សម្រាប់​លក្ខខណ្ឌ​ខ្ចី​ជើង​នេះ​។ យ៉ាងណាក៏ដោយ​បើតាម Goal.com ម្ចាស់​ជើងឯក Bundesliga អាចមាន​លក្ខខណ្ឌ​ទិញយក Coutinho ដាច់​តែម្តង​នៅ​រដូវ​កាល​បន្ទាប់​ដែលមាន​តម្លៃ​រហូតដល់ ១៣៣​លាន​ដុល្លារ​អាមេរិក​។​


 
​អតីត​សមាជិក Liverpool រូបនេះ បាន​ទៅពិនិត្យ​សុខភាព​នៅ​ទឹកដី Allianz Arena ដោយ​ជោគជ័យ​ហើយ​ដើម្បី​ត្រៀមខ្លួន​ជួយ Bayern ប្រជែង​ពាន​ធំៗ​ដូចជា​លី​គ​កំពូល​អាល្លឺម៉ង់ ជាពិសេស​ពាន​កំពូល​អឺរ៉ុប Champions League តែម្តង​។​
 
«​សម្រាប់​ខ្ញុំ​ការផ្លាស់ប្តូរ​នេះ​មានន័យថា​ជាការ​ប្រកួតប្រជែង​ថ្មី​នៅក្នុង​ប្រទេស​ថ្មី ជាមួយ​ក្លិប​ល្អ​បំផុត​មួយ​នៅ​អ៊ឺរ៉ុប​។ ខ្ញុំ​កំពុង​ទន្ទឹងរង់ចាំ​យ៉ាងខ្លាំង​។ ខ្ញុំ​ជឿជាក់ថា​អាច​សម្រេចបាន​លទ្ធផល​ដ៏​អស្ចារ្យ​រួមគ្នា​មួយ​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​របស់ខ្ញុំ​នៅទីនេះ​»​។ នេះ​ជាការ​រៀបរាប់​របស់ Coutinho សម្រាប់​ក្លិប​ថ្មី​របស់គេ​។

Coutinho ដែលត្រូវពាក់អាវលេខ១០ ក្លាយជាកីឡាករខ្ចីជើងទី២ បន្ទាប់ពី Bayern ខ្ចីបានខ្សែបម្រើសញ្ជាតិក្រូអាស៊ី Ivan Perišić ពី Inter Milan រដូវកាលនេះ៕
 


Tag:
 Philippe Coutinho
  Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com