កីឡាជាតិ
ជាតិ
ចាន់ វឌ្ឍនាកា និង​លោក Akeeb Tunji ឈ្នះ​ពាន​កីឡាករ និង​គ្រូបង្វឹក​ល្អ​ប្រចាំ​ខែកក្កដា​
19, Aug 2019 , 4:35 pm        
រូបភាព
រូបថត CNCC
រូបថត CNCC
ដោយ:
​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​បឹងកេត ចាន់ វឌ្ឍនាកា និង​លោក Akeeb Tunji Ayoyinka គ្រូបង្វឹក​ស្តីទី​របស់​វិសាខា បានឈ្នះ​ពានរង្វាន់​កីឡាករ​និង​គ្រូបង្វឹក​ល្អ​ប្រចាំខែ​កក្កដា​។ ចំណែក​កីឡាករ សារី ម៉ាត់​ណូ​រ៉ូ​ទីន ជាប់​ជា​កីឡាករ​ទាត់​បញ្ចូល​ទី​លឿន​ជាងគេ​។ ពានរង្វាន់​ទាំងនេះ​ត្រូវបាន​ប្រគល់ជូន​ក្នុងជំនួប​រវាង​បឹងកេត​ជាមួយ​វិសាខា កាលពី​ថ្ងៃអាទិត្យ​ទី​១៨ សីហា នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​។​

 
​គណៈ​កម្ម​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC)​បាន​វាយតម្លៃ​ឲ្យ​កីឡាករ ចាន់ វឌ្ឍនាកា ក្លាយជា​កីឡាករ​លេង​ល្អ​ជាងគេ​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គប្រ​ចាំ​ខែកក្កដា ឆ្នាំ​២០១៩​។ ការវាយតម្លៃ​បែបនេះ ធ្វើ​ឡើយ​ក្រោយ វឌ្ឍនាកា រកបាន​៤​គ្រាប់​សម្រាប់​ការបង្ហាញ​ខ្លួន​៤​លើក​នៅ​ខែកក្កដា​។ នា​ជំនួប​បឹងកេត​ស្មើ ៤-៤ ជាមួយ​ភ្នំពេញ​ក្រោ​ន​នៅ​កីឡដ្ឋាន R.S.N កាលពី​ថ្ងៃទី​៦ កក្កដា កីឡាករ ចាន់ វឌ្ឍនាកា សម្រេចបាន​ពីរ​គ្រាប់​ម្នាក់ឯង ដោយបាន​ក្លាយជា​កីឡាករ​ឆ្នើម​ប្រចាំការ​ប្រកួត​។  
 
​បន្ទាប់មក​រូបគេ​សម្រេចបាន​១​គ្រាប់​ក្នុង​ជ័យជម្នះ ៤-០ របស់​បឹងកេត​លើ​អគ្គិសនី​កម្ពុជា នា​ជំនួប​សប្តាហ៍​ទី​១៥ កាលពី​ថ្ងៃទី​១៣ កក្កដា មុន​ជួយ​ឲ្យ​បឹងកេត​ស្មើ ១-១ ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រលើ​ទឹកដី​ខ្លួន នា​ជំនួប​សប្តាហ៍​ទី​១៦​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩ ដោយពេល​នោះ វឌ្ឍនាកា ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំការ​ប្រកួត​។​
 
 
​ជាមួយគ្នានេះ​លោក Akeeb Tunji Ayoyinka ដែល​ក្លិប​វិសាខា​តែងតាំង​ឲ្យ​ធ្វើជា​គ្រូបង្វឹក​បណ្តោះអាសន្ន​ជំនួស​លោក ហុក សុ​ជីវ័ន ត្រូវបាន CNCC វាយតម្លៃ​ឲ្យ​ឈ្នះ​ពានរង្វាន់​គ្រូបង្វឹក​ល្អ​ប្រចាំខែ​កក្កដា​។ ការទទួលបាន​ពានរង្វាន់​គ្រូបង្វឹក​ល្អ​នេះ ធ្វើឡើង​ក្រោយ​គ្រូបង្វឹក​នី​ហ្សេ​រី​យ៉ា​រូបនេះ ដឹកនាំ​វិសាខា​ឈ្នះ​៤​ប្រកួត​ជាប់​គ្នា​ក្នុង​ខែកក្កដា ដោយ​យកឈ្នះ​សូល​ទី​ឡូ​អង្គរ ៣-២ គីរីវង់​សុខ​សែន​ជ័យ ៤-១ ភ្នំពេញ​ក្រោ​ន ៤-៣ និង​ឈ្នះ​អគ្គិសនី​កម្ពុជា ៧-០​។ បច្ចុប្បន្ន​វិសាខា​ស្ថិតនៅ​លេខ​រៀង​ទី​៣​មាន​៤៤​ពិន្ទុ ដោយមាន​គម្លាត​៨​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង ដែលមាន​៥២​ពិន្ទុ​។  
 
 
​ដោយឡែក​កីឡាករ សារី ម៉ាត់​ណូ​រ៉ូ​ទីន បានឈ្នះ​ពានរង្វាន់​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​លឿន​ជាងគេ​ប្រចាំខែ​កក្កដា បន្ទាប់ពី​រូបគេ​រក​គ្រាប់​បាល់​ឲ្យ​វិសាខា​ត្រឹម​១​នាទី​ក្នុង​តង់​ទី​១ នា​ជំនួប​ដែល​វិសាខា​យកឈ្នះ​សូល​ទី​ឡូ​អង្គរ ៣-២៕ 
 

Tag:
 បាល់ទាត់​
  ចាន់ វឌ្ឍនាកា​
  Akeeb Tunji Ayoyinka
  Cambodian League 2019
© រក្សាសិទ្ធិដោយ thmeythmey.com