អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក លី សៀន​ឡុង​៖ សិង្ហ​បុរី បន្ត​រក្សា​អព្យាក្រឹត ដោយ​មិន​ចាប់​ខាង​ចិន ឬ​អាមេរិក​ឡើយ ទោះ​ជួប​បញ្ហាលំបាក​
19, Aug 2019 , 9:39 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង (ប្រភពរូប៖ Bloomberg)
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង (ប្រភពរូប៖ Bloomberg)
ដោយ:
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង លើកឡើងថា សិង្ហ​បុរី នឹង​ប្រកាន់ខ្ជាប់​យ៉ាង​តឹងរ៉ឹង​នូវ​គោលនយោបាយ​រក្សា​ចំណងទាក់ទង​ល្អ​ទាំង​ជាមួយ​សហរដ្ឋអាមេរិក និង​ចិន ទោះបីជា​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន មហាអំណាច​ទាំងពីរ កំពុង​ប្រឈមមុខ​ដាក់គ្នា​យ៉ាង​ក្តៅគគុក​ក៏ដោយ​ក្តី​។

 
​ក្នុង​សុន្ទរកថា​ស្តីពី​គោលនយោបាយ​ជាតិ​ប្រចាំឆ្នាំ (National Day Rally) នៅ​ថ្ងៃទី​១៨ ខែសីហា ប្រមុខ​រដ្ឋាភិបាល​សិង្ហ​បុរី លី សៀន​ឡុង គូសបញ្ជាក់ថា ក្នុងនាម​ជា​ប្រទេស​ដែលមាន​ជន​ជាតិចិន​ភាគច្រើនរ​ស់​នៅ ពោលគឺ​រហូតដល់​ជាង ៧០​ភាគរយ​នៃ​ប្រជាជន​សរុប រដ្ឋាភិបាល​របស់លោក កំពុង​រង​គំនាប​ខ្លាំង ដ្បិតថា​ទាំង​សម្តី និង​សកម្មភាព​សិង្ហ​បុរី អាច​ត្រូវគេ​យល់ឃើញ​ខុស​ដោយ​ងាយស្រួល​បំផុត​។  
 
«​ប្រសិនបើ​យើង​គាំទ្រ​ចិន សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ផ្សេងទៀត ប្រហែល​គិតថា យើង​ធ្វើបែបនេះ ក៏​ព្រោះតែ​យើង​ជា​ប្រទេស​ដែលមាន​ជនជាតិ​ចិន​ច្រើន ហេតុដូច្នេះ​ទើប​យើង​ងាក​ទៅរក​ចិន​»​។ លោក លី សៀន​ឡុង បញ្ជាក់​បែបនេះ ដោយ​បន្ថែមទៀតថា ដោយឡែក ប្រសិនបើ សិង្ហ​បុរី គាំទ្រ​ក្រុង​វ៉ាស៊ីនតោន​វិញ​នោះ ក្រុង​ប៉េកាំង ក៏​នឹង​យល់​ខុស​លើ​ជំហរ​របស់​បុរី​រដ្ឋ​សិង្ហ​បុរី​ផងដែរ​។​
 
​តាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post លោកនាយក​រដ្ឋមន្ត្រី លី សង្កត់ធ្ងន់​ពី​ចំណងទាក់ទង​ផ្នែក​សន្តិសុខ​ដ៏​ខ្លាំងក្លា​ជាមួយ​សហរដ្ឋអាមេរិក ដោយ​លើក​ឧទាហរណ៍​ពាក់ព័ន្ធ​នឹង​ការបញ្ជាទិញ​សព្វាវុធ​ទំនើបៗ​ពី​ក្រុង​វ៉ាស៊ីនតោន ព្រមទាំង​ការធ្វើ​សមយុទ្ធ​ជា​ទៀងទាត់​ជាមួយ​កងទ័ព​អាមេរិក​ផងដែរ​។ បន្ថែម​ពី​វិស័យ​ការពារជាតិ មេដឹកនាំ​រូបនេះ ក៏​អះអាង​ទៀតថា ការធ្វើ​វិនិយោគ​ពី​សំណាក់​ក្រុមហ៊ុន​អាមេរិក​ក្នុងប្រទេស​សិង្ហ​បុរី គឺ​ខ្ពស់ជាង​អ្នកវិនិយោគ​មកពី​បណ្តា​ប្រទេស​ណាៗ​ទាំងអស់​។  
 
​និយាយ​ទៅដល់​ចិន លោក លី សៀន​ឡុង និយាយថា ងារ​របស់​សិង្ហ​បុរី​ជា​ប្រជាជាតិ​អធិបតេយ្យ​តែមួយ​ប៉ុណ្ណោះ​លើ​ពិភពលោក​ដែលមាន​ជនជាតិ​ចិន​ច្រើន​រស់នៅ បាន​ជួយ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​យក្ស​អាស៊ី​នេះ ព្រោះ​តែមាន​វប្បធម៌ និង​កេរ្តិ៍ដំណែល​ដូចគ្នា​។ ទន្ទឹមគ្នា​នឹង​ផ្នែក​វប្បធម៌ ប្រមុខ​រដ្ឋាភិបាល​សិង្ហ​បុរី​រូបនេះ ក៏​លើកឡើង​ពី​ចំណង​សេដ្ឋកិច្ច​ដ៏​ស៊ីជម្រៅ​ជាមួយ​ចិន ដោយ​អះអាងថា ប្រទេស​ទាំងពីរ​កំពុង​ចូល​ហ៊ុន​គ្នា​ក្នុង​គម្រោង​ធំៗ​ចំនួន​៣​ក្នុងប្រទេស​ចិន​។ 
 
​យ៉ាងណាមិញ នាយករដ្ឋមន្ត្រី​វ័យ ៦៧​ឆ្នាំ​រូបនេះ បានទទួល​ស្គា​ល់ពី​ការលំបាក​ដែល​សិង្ហ​បុរី​កំពុង​ជួបប្រទះ​ក្នុងការ​រក្សា​ជំហរ​អព្យាក្រឹត ព្រោះ​ក្នុង​ស្ថានការណ៍​ពិភពលោក​បច្ចុប្បន្ន ប្រទេស​តូចតាចៗ ដូចជា សិង្ហ​បុរី ត្រូវ​ហ៊ុមព័ទ្ធ​ដោយ​សម្ពាធ​ពី​ប្រទេស​មហាអំណាច​ដើម្បី​ជ្រើស​យក​ម្ខាង​។ នេះ​ពុំមែន​ជា​លើកទីមួយ​ឡើយ​ដែល​លោក លី សៀន​ឡុង លើកឡើង​បែបនេះ​។ 
 
​កាលពី​ចុងខែ​ឧសភា​កន្លងទៅ នា​កិច្ចប្រជុំ​សន្តិសុខ​ធំ​មួយ​ប្រចាំ​តំបន់​អាស៊ី «​វេទិកា​កិច្ចសន្ទនា Shangri-La» លោក លី បានប្រកាសថា បុរី​រដ្ឋ​សិង្ហ​បុរី នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើ​មិត្ត​ល្អជា​មួយ​សហរដ្ឋអាមេរិក និង​ចិន​។ ប៉ុន្តែ​ដើម្បី​ជៀសវាង​ការប្រកាន់យក​ខាង​ណាមួយ​នោះ លោក លី ទទូច​ឲ្យ​ប្រទេស​មហាអំណាច​ទាំងពីរ​កុំ​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋ​តូចតាច​ទៀត​៕
 

Tag:
 សិង្ហ​បុរី​
  សហរដ្ឋ​អា​េ​ម​រិ​ក​
  ចិន​
  អាស៊ីអាគ្នេយ៍
© រក្សាសិទ្ធិដោយ thmeythmey.com