ONE Championship
កីឡាជាតិ
ជាតិ
ចាន់ សំអាត ពី​ក្មេង​ធ្លាប់​ញៀន​ថ្នាំ ប្រែជា​កីឡាករ​គុន​ចម្រុះ​លេចធ្លោ​ម្នា​ក់នៅ​កម្ពុជា
19, Aug 2019 , 5:22 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 

​ខ្សែជីវិត​របស់ ចាន់ សំអាត ច្បាស់​ជាមាន​អ្នកគាំទ្រ​ជាច្រើន​មិន​នឹកស្មាន​ដល់​។ ចាន់ សំអាត​បាន​កែប្រែ​ខ្លួន​ពី​ក្មេង​ធ្លាប់​ជក់​គ្រឿងញៀន​ជោកជាំ និង ជា​ក្មេង​ជើងកាង ទៅជា​កីឡាករ​គុន​ចម្រុះ និង​ប្រដាល់​គុន​ខ្មែរ​ដ៏​លេចធ្លោ​ម្នា​ក់នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។


 
​សំអាត ដែលមាន​បទពិសោធន៍​នៅ​សង្វៀន ONE ជាច្រើន​ដង​បាន​គូសបញ្ជាក់ថា​៖«​ពេល​ខ្ញុំ​អាយុ​ប្រហែល ១៥, ១៦, ១៧ ឆ្នាំ ខ្ញុំ​វក់​នឹង​ការជក់​គ្រឿងញៀន​ជាមួយ​មិត្ត​ភ័ក្ដិ​ជាច្រើន​នៅ​ស្រុកកំណើត​នៅ​អន្លង់វែង​។ កាល​ហ្នឹង ខ្ញុំ​បាន​ឈប់រៀន ។ ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៧​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង ខ្ញុំ​ដើរ​ប៉ោឡែ ជើងកាង​នៅ​ភូមិ​ទៀតផង​»​។ 
 
​ការ​បណ្ដោយ​ខ្លួន​មួយ​ខ្យល់​បែបនេះ​ក្រោយ​ឳ​ពុក​ទទួលមរណភាព​អំឡុង​ឆ្នាំ ២០០២  និង​បន្សល់ទុក​ម្ដាយ​និង​បងប្អូន​ប្រុស​ស្រី ៣​នាក់​គ្មាន​ទីពឹង​ដូច​មុន​។ សំអាត បាន​ក្លាយជា​ក្មេង​ដើរលេង​គ្មាន​គោលដៅ បន្ទាប់ពី​ឈប់រៀន​។ យ៉ាងណាក្ដី មិត្ត​ភ័ក្ដិ​ដែល​ធ្លាប់​សេពគប់​ជាមួយគ្នា​ពីមុន គឺ ផ្ដាច់​អស់ហើយ​នាពេល​បច្ចុប្បន្ននេះ​។ កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​តែងតែ​អប់រំ​អ្នក​ស្គាល់គ្នា ឬ អ្នកជំនាន់ក្រោយ​មិន​ឲ្យ​ប៉ះពាល់ គ្រឿងញៀន​ព្រោះ​ជា​អំពើ​ខុសច្បាប់ និង នាំ​ឲ្យ​ខូចខ្លួន​ទៀតផង​។ 
 
​បុរស​មកពី​ស្រុក​អន្លង់វែង​រំលឹកថា​៖«​ពេល​ខ្ញុំ​ចូល​ហាត់​ប្រដាល់​អំឡុង​ឆ្នាំ ២០០៨ ក៏​មិនទាន់​ដាច់​ទាំងស្រុង​ដែរ តែ​នៅ​ជក់​យូរៗ​ម្ដង​។ រហូត​បន្ត​បន្ទាប់មក​ទៀត ទើប​ផ្ដាច់​បាន​រហូតដល់​បច្ចុប្បន្ន ហើយ​លែង​គិត​អំពី​វា​ទៀត និង នៅ​ឆ្ងាយ​ពី​វា ពេល​ខ្ញុំ​ជួប​អ្នក​ល្អៗ​នៅ​ជុំវិញខ្លួន​។ ពីមុន​ខ្ញុំ​ក៏​ជក់បារី​ខ្លាំង​ដែរ​។ តែ​ឥឡូវ​ផ្ដាច់​បាន​អស់ហើយ​។ ប៉ុន្តែ​ខ្ញុំ​អត់​សូវ​ចេះ​ផឹកស្រា​ទេ​»​។ សំអាត គូសបញ្ជាក់ថា​៖«​ការផ្ដាច់​រឿង​អបាយមុខ​នេះ​អាស្រ័យ​លើ​ចិត្ត​យើង​ដែរ​។ ទាល់តែ​យើង​ខំ​កា​ត់វា ហើយ​គិតថា​អត់​ប្រយោជន៍​ទើប ផ្ដាច់​បាន​»​។ 
 
​អតីត​កូនសិស្ស​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៣​ខេត្តព្រះវិហារ ត្រូវបាន​គេ​លើកសរសើរ​មិន​ដាច់​ពី​មាត់​ពី​សំណាក់​អ្នក​ស្គាល់​ថា​អាច​ផ្ដាច់​អំពើ​ខុសឆ្គង​ក្នុងសង្គម​, អំពើ​ខុសច្បាប់ និង អំពើ​សង្គម​ស្អប់ខ្ពើម​អស់ទាំង​នេះ​បាន​។ ចាន់ សំអាត ដែល​យក​ត្រកូល​តាម​រៀមច្បង ខុន ស៊ី​ចាន់ បាន​សង្កត់ធ្ងន់ថា​៖«​បើសិន​ជក់​គ្រឿងញៀន ឬ ថ្នាំញៀន​ទៅ​វា​ឆ្លាត​, ពូកែ​, ក្លាយជា​មនុស្ស​ល្អ នោះ​យើង​ជា​អ្នកក្រ​ច្បាស់​ជា​ជក់​អត់​ទាន់​អ្នកមាន​ទេ​»​។​
 
​គួរ​ដឹងថា ចាន់ សំអាត ជា​ម្ចាស់​ខ្សែក្រវាត់​កីឡា​គុន​ចម្រុះ​វ៉ៃ​ដាក់​ទ្រុង​វគ្គ​៣ ឬ​ហៅថា Khmer Warrior Challenge រៀបចំ​ដោយ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន និង MyTV កាល​ឆ្នាំ ២០១៤​។  មុន​ឈ្នះ​ខ្សែក្រវាត់ សំអាត​ជា​កីឡាករ​ចូល​ប្រមូលផ្ដុំ​និង​ប្រកួត​ក្នុងនាម​កីឡាករ​ជំនួស​តែប៉ុណ្ណោះ​។ ចាន់ សំអាត មានឈ្មោះ​ដើម ធាន អាត មុន​ប្ដូរ​យក​ត្រកូល​តាម ខុន ស៊ី​ចាន់ អំឡុង​ឆ្នាំ ២០០៨ ពេល​ចូល​ហាត់​ប្រដាល់​។ សំអាត ឡើង​ប្រកួត​នៅ​សង្វៀន​អន្តរជាតិ ONE ជា​ហូរហែ បន្ទាប់ពី​បន្ត​ចូល​ហ្វឹកហាត់​នៅ Cambodian Top Team តាំងពី​ឆ្នាំ ២០១៤ រហូតដល់​បច្ចុប្បន្ន​ជាមួយ​លោក ហ៊ុន ច័ន្ទ​រាជ្យ​៕ 
 
​សូម​ទស្សនា​ការផ្សាយ​ផ្ទាល់​គ្រប់ការ​ប្រកួត​របស់​ស​ង្វៀន ONE Championship តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com