អត្ថបទ៖ ស៊ីធី
កីឡាករកំពូលគុនចម្រុះកម្ពុជា ចាន់ រតនា សាងប្រវត្តិថ្មី ដែលអាចឈ្នះលើសង្វៀនលំដាប់អន្តរជាតិ ONE ចំនួន ៣ លើកជាប់គ្នាបន្ទាប់ពីយកឈ្នះពិន្ទុជាឯកច្ឆន្ទលើកីឡាករសញ្ជាតិគុយបា Gustavo Balart នាថ្ងៃទី ១៦ សីហា នៅសង្វៀន ONE: DREAMS OF GOLD ក្នុងក្រុងបាងកក ប្រទេសថៃ។
ជើងខ្លាំងថៃ Petchdam Petchyindee Academy របូតខ្សែក្រវាត់ Flyweight Kickboxing World Championship របស់ខ្លួនក្រោយសន្លប់ក្រោមកណ្ដាប់ដៃរបស់ Ilias Ennahachi មកពីហុល្លង់ត្រឹមទឹកទី២។ កណ្ដាប់ដៃមហាទម្ងន់ Giorgio Petrosyan មកពីអ៊ីតាលី ឡើងជួប Samy Sana នៅវគ្គផ្ដាច់ព្រ័ត្រ Featherweight Kickboxing World Grand Prix ដើម្បីដណ្ដើមប្រាក់រង្វាន់ ១ លានដុល្លារ នៅសង្វៀន ONE: CENTURY នាក្រុងតូក្យូ នាខែ តុលា បន្ទាប់ពីឈ្នះគូប្រកួតរៀងៗខ្លួន។
១- ចាន់ រតនា ឈ្នះពិន្ទុជើងខ្លាំងគុយបា Gustavo Balart ជាឯកច្ឆន្ទ
អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា ឈ្នះពិន្ទុជាឯកច្ឆន្ទលើជើងខ្លាំងគុយបា Gustavo Balart ក្រោយប្រកួត ៣ ទឹកពេញ។ ទឹកទី១ និង ទឹកទី២ កីឡាករគុយបាព្យាយាមយ៉ាងខ្លាំងដើម្បីចូលចាប់បោក ចាន់ រតនា និង លើកយ៉ាងខ្ពស់ៗ ប៉ុន្តែ ម្ចាស់ក្លិប «សិល្បៈ» បានដោះ និង រើរួចហើយក៏ប្រើក្បាច់គុនខ្មែរបានច្រើន។ ទឹកទី៣ ចាន់ រតនា មិនសូវឲ្យគូប្រជែងចូលចាប់ទេ ដោយប្រើជំហរគុនខ្មែរដើម្បីវ៉ៃទប់ បុកជង្គង់ និង កណ្ដាប់ដៃ។ ទឹកចុងក្រោយនេះ រតនា បានធ្វើឲ្យ ម្ចាស់មេដាយមាស Pan American Games ឆ្នាំ ២០១១ សឺៗ ព្រោះរងកណ្ដាប់ដៃ និង ការទាត់ជើងជាច្រើនរហូតចង់អស់កម្លាំងស៊ុហ្វរៀងៗខ្លួន។ ទីបំផុត ចាន់ រតនា ឈ្នះពិន្ទុជាឯកច្ឆន្ទ។ ជ័យជម្នះនេះជាកំណត់ត្រាថ្មីសម្រាប់កីឡាករកម្ពុជា ដែលឈ្នះ ៣ លើកជាប់គ្នាមិនធ្លាប់មាននៅសង្វៀនអន្តរជាតិ ONE Championship។
២- Petchdam Petchyindee Academy របូតខ្សែក្រវាត់កម្រិតពិភពលោករបស់ខ្លួន
ខ្សែក្រវាត់ Flyweight Kickboxing World Championship ដែលជារបស់ Petchdam Petchyindee Academy នោះ បានធ្លាក់លើកីឡាករសញ្ជាតិហុល្លង់ Ilias Ennahachi វិញម្ដង ក្រោយប្រកួតបានត្រឹម ២ ទឹក។
ចូលទឹកទី១កីឡាករទាំងចាប់ផ្ដើមទាត់ និងប្រើកម្លាំងដៃដាក់គ្នា។ ទឹកដំបូងនេះ Petchdam ទាត់ខាងក្រោមចំក្បែរប្រដាប់ការពាររបស់ Ennahachi ហើយត្រូវសម្រាកព្យាបាល ២ នាទី។ យ៉ាងណាការប្រកួតអាចបន្តដល់ចប់ទឹកទី១។ ចូលដើមទឹកទី២ Ennahachi សន្ធាប់ម៉ាត់ចូលឆ្វេងស្ដាំលើ Petchdam យ៉ាងច្រើនធ្វើឲ្យដួលអុកគូទលើកទី១ ប៉ុន្តែមិនបញ្ហា។ ពេលងើបឡើង កីឡាករមកពីហុល្លង់បានប្រើកណ្ដាប់ដៃឆ្វេងស្ដាំយ៉ាងញាប់ធ្វើឲ្យអាជ្ញាកណ្ដាលបញ្ឈប់ Petchdam តែម្ដង។ នេះជាការចងចាំបំផុតរបស់កូនកាត់ហុល្លង់ - ម៉ារុក Ilias Ennahachi ដែលទទួលជ័យជម្នះក្នុងការបង្ហាញខ្លួនលើកដំបូងនៅសង្វៀន ONE Championship អមដោយការឈ្នះខ្សែក្រវាត់។
៣- កីឡាករកណ្ដាប់ដៃធ្ងន់ Giorgio Petrosyan ឡើងជួប Samy Sana ដើម្បីដណ្ដើមប្រាក់រង្វាន់ ១ លានដុល្លារ នៅវគ្គផ្ដាច់ព្រ័ត្រ Featherweight Kickboxing World Grand Prix
Smokin' Jo Nattawut ដែលធ្លាប់ចាញ់ Giorgio Petrosyan ម្ដងរួចហើយកាលខែ មេសា ឆ្នាំ ២០១៨នោះ រងបរាជ័យជាថ្មីត្រឹមដើមទឹកទី១ប៉ុណ្ណោះ។ Petrosyan ប្រើកណ្ដាប់ដៃឆ្វេងម៉ាត់ Jo Nattawut ឲ្យដេកទៅលើក្ដាររេញមិនអាចបន្តការប្រកួតទៀតបានឡើយ និង កក់កៅអីទៅវគ្គផ្ដាច់ព្រ័ត្រ Featherweight Kickboxing World Grand Prix ដែលមានប្រាក់រង្វាន់ ១ លានដុល្លារ។ Petrosyan បានថ្លែងថា៖«នេះជាការប្រកួតដែលខ្ញុំស្រលាញ់។ ខ្ញុំប្រសើរឡើងទាំងបច្ចេកទេស និង ភាពវ័យឆ្លាត។ ពេលនេះខ្ញុំមិននិយាយច្រើនពាក់ព័ន្ធនឹង Sana នៅវគ្គផ្ដាច់ព្រ័ត្រទេ ប៉ុន្តែយើងនឹងជួបគ្នានៅ តូក្យូ»។
ចំណែក Sana ដែលឈ្នះ វីរបុរសថៃ Yodsanklai នៅវគ្គ៨នាក់ចុងក្រោយនោះបន្ត ឈ្នះពិន្ទុកីឡាកររុស្សី Askerov។ ទឹកទី៣ Sana និង Askerov វ៉ៃប្រយ័ត្នរៀងខ្លួន ប៉ុន្តែ កីឡាករបារាំងចំណេញពិន្ទុរួចហើយនៅទឹកទី១ និង ទី២ ព្រោះម៉ាត់កីឡាកររុស្សីឲ្យដួលលើក្ដាររេញ។ Sana បញ្ជាក់ថា៖«ខ្ញុំបានធ្វើការធ្ងន់ណាស់ដើម្បីសម្រេចបានលទ្ធផល។ ដេកដើរឈរអង្គុយ ខ្ញុំតែងតែគិតដល់ការប្រកួតថ្ងៃនេះ។ ខ្ញុំមិននិយាយច្រើនទេ តែចាំជួប Petrosyan នៅតូក្យូ»។