អន្តរជាតិ
ទាំងអ្នកធំ ទាំងអ្នកតូចនៅអាស៊ីអាគ្នេយ៍ ព្រួយបារម្ភខ្លាំងពីការលិចក្រោមសមុទ្រ ដោយសារបម្រែបម្រួលអាកាសធាតុ របងបេតុងនៅទីក្រុងហ្សាការតា។ រូបភាព AP
× បម្រែបម្រួលអាកាសធាតុ គឺជាបញ្ហា និងក្តីបារម្ភរួមមួយរបស់ពិភលោក ដែលតម្រូវឲ្យមានវិធានទប់ស្កាត់ទុកជាមុនឲ្យបានទាន់ពេល និងប្រសិទ្ធភាពបំផុត។ បើមេដឹកនាំរបស់ពិភពលោក ជាពិសេសសម្រាប់ប្រទេសដែលមានភូមិសាស្ត្រផុយស្រួល និងងាយរងគ្រោះ មិនមានផែនការ និងសកម្មភាពបង្ការនោះទេ ប្រទេសទាំងនោះ អាចនឹងអវត្តមានពីផែនទីពិភពលោក ដោយសារការលិចលង់។
តាមរបាយការណ៍អ្នកជំនាញរបស់អង្គការសហប្រជាជាតិ ប្រទេសដែលកំពុងតែរងការគំរាមកំហែងខ្លាំងបំផុតពីបញ្ហាបម្រែបម្រួលអាកាសធាតុ គឺបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ដែលមានភូមិសាស្ត្រមិនអំណោយផល ។ មិនអំណោយផលនោះគឺប្រទេសទាំងនោះ ទំនាប ដែលងាយរងការលិចលង់បំផុត នៅពេលកម្ពស់នៃទឹកសមុទ្រកាន់តែកើនឡើង។
គួរឲ្យកត់សម្គាល់នោះ ថ្មីៗនេះរដ្ឋអាស៊ីអាគ្នេយ៍ គឺឥណ្ឌូណេស៊ី ដែលមានផ្ទៃដីធំបំផុតនៅក្នុងតំបន់ និងសិង្ហបុរី ដែលមានផ្ទៃដីតូចបំផុតនៅក្នុងតំបន់ បានមានក្តីបារម្ភខ្លាំងដូចគ្នាពីភាពមិនប្រាកដ និងមិនអាចព្យាករបាននៃបាតុភូតធម្មជាតិ។ ប្រទេសទាំងពីរ សុទ្ធតែព្រួយបារម្ភ ថាអាចនឹងត្រូវលិចទៅក្រោមសមុទ្រ ប្រសិនបើមិនមានវិធានការទប់ស្កាត់ឲ្យបានមុនពេលទេនោះ។
តាមសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង នៅថ្ងៃ១៨ សីហា សិង្ហបុរី ក៏ជារដ្ឋកោះមួយ ដែលងាយរងគ្រោះបំផុតពីបម្រែបម្រួលអាកាសធាតុ ជាពិសេសនោះពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រ ។ ដោយមើលឃើញពីទំនោរនេះ លោកនាយករដ្ឋមន្ត្រី បានអះអាងថា សិង្ហបុរី បានមានផែនការរួចស្រេចសម្រាប់អនុវត្តក្នុងរយៈពេលវែងចន្លោះ៥០ទៅ១០០ឆ្នាំខាងមុខ។
មេដឹកនាំសិង្ហបុរី ដែលតែងមានគោលការណ៍គោលនយោបាយគិតគូរជាតិសម្រាប់៥០ឆ្នាំខាងមុនរូបនេះ បានមើលឃើញថា ដើម្បីការពារសិង្ហបុរីពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រ សិង្ហបុរី ត្រូវចំណាយ ប្រមាណ ១០០ ពាន់លានដុល្លារសិង្ហបុរី ក្នុងរយៈពេល១០០ឆ្នាំ។ លោក គូសបញ្ជាក់ថា ប្រសិនបើយកពេលត្រឹម១០ឆ្នាំសម្រាប់ដោះស្រាយ នោះសិង្ហបុរី ច្បាស់ជាមិនអាចធ្វើបានឡើយ។
រីឯឥណ្ឌូណេស៊ីវិញ កាលពីខែមុននេះ លោកប្រធានាធិបតី ចូកូ វីដូដូ បានលើកឡើងថា រដ្ឋធានីហ្សាការតា អាចនឹងត្រូវលិចក្រោមទឹកសមុទ្រ នាពេលខាងមុខ បើមិនមានវិធានការការពារនោះទេ។ លោកប្រធានាធិបតី ពេលនោះ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារ និងពន្លឿនគម្រោង និងផែនការអនុវត្តរបស់លោក ដែលមិនទាន់ទទួលបានការគាំទ្រ១០០ភាគរយពីភាគីពាក់ព័ន្ធ។
គម្រោងនោះគឺ ការសាងសង់ជញ្ជាំងយក្សហ៊ុមព័ទ្ធរដ្ឋធានី ដែលគ្រោងចំណាយថវិការហូតដល់ ៤២ ពាន់លានដុល្លារ។ លោកប្រធានាធិបតី បានក្រើនរម្លឹកថា ប្រសិនបើផែនការនេះ នៅតែពន្យារពេលទៀតនោះ មួយភាគបី នៃរដ្ឋធានី ហ្សាការតា អាចនឹងត្រូវលិចលង់ទៅក្រោមសមុទ្រនៅត្រឹមឆ្នាំ២០៥០ ជាពុំខាន៕
Tag:
ឥណ្ឌូណេស៊ី
សិង្ហបុរី
បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com