​ប្រឡង​បាក់​ឌុប​ថ្ងៃ​ដំបូង​៖ បេក្ខជន​អវត្តមាន​ជាង​១៧០០​នាក់ និង​ជួប​បញ្ហា​សុខភាព​ជាង​៤០​ករណី​
ជាតិ
បាក់ឌុប
​ប្រឡង​បាក់​ឌុប​ថ្ងៃ​ដំបូង​៖ បេក្ខជន​អវត្តមាន​ជាង​១៧០០​នាក់ និង​ជួប​បញ្ហា​សុខភាព​ជាង​៤០​ករណី​
19, Aug 2019 , 6:31 pm        
រូបភាព
បេក្ខជនម្នាក់នៅវិទ្យាល័យបឹងត្របែកមានអាការមិនស្រួលខ្លួន ពេលដំណើរការប្រឡងពេលរសៀល។ រូបថត អ៊ូ សុខមាន
បេក្ខជនម្នាក់នៅវិទ្យាល័យបឹងត្របែកមានអាការមិនស្រួលខ្លួន ពេលដំណើរការប្រឡងពេលរសៀល។ រូបថត អ៊ូ សុខមាន
ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៅ​ថ្ងៃទី​១ បានបញ្ចប់ ដោយមាន​បេក្ខជន​អវត្តមាន​ជាង​១៧០០​នាក់ ហើយ​បញ្ហា​សុខភាព​មាន​៤៣​ករណី​នៅតាម​មណ្ឌល​ប្រឡង​នានា​ទូទាំង​រាជធានី​-​ខេត្ត​។ បើតាម​ការបញ្ជាក់​ពី​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បេក្ខជន​បញ្ហា​សុខភាព​តែមួយ​ករណី​តែប៉ុណ្ណោះ​ដែល​ស្ថិតក្នុង​លក្ខណៈ​ធ្ងន់ធ្ងរ​មិនអាច​បន្ត​ការប្រឡង​បាន​។ ចំពោះ​បេក្ខជន​ផ្សេងទៀត មិនមាន​បញ្ហា​ធ្ងន់ធ្ងរ​ឡើយ ដោយ​ពួក​គ​សុទ្ធតែ​បាន​បន្ត​ការប្រឡង​ឡើងវិញ​បាន​។



«​សកម្មភាព​បេក្ខជន​ដែល មាន​អាការ វិលមុខ ក្អួត និង​ខ្យល់គរ មិន​ចោទ​ជា​បញ្ហា​ធ្ងន់ធ្ងរ​នោះទេ ពួកគេ​អាច​បន្ត​ការប្រឡង វិញ​បាន​បន្ទាប់ពី​ទទួល​ការសង្គ្រោះ​បឋម ពី​ក្រុមគ្រូពេទ្យ​ប្រចាំការ​នៅតាម​មណ្ឌល​»​។ នេះ​ជាការ​បញ្ជាក់​ពី​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ដែល​បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​។​

​របាយការណ៍​ក្រសួង​អប់រំ ស្តីពី​ដំណើរ​ការប្រឡង​ថ្ងៃ​ទីមួយ បានបង្ហាញ​ឲ្យ​ឃើញ​ផងដែរ​ថា បេក្ខជន​ចំនួន​១៧៤៥​នាក់​ដែល​ស្មើ​១.៤៩​ភាគរយ (​ស្រី ៦៧៨​នាក់​) ក្នុងចំណោម​១១៧ ០៤៣ នាក់ (​ស្រី​៦០ ៤២៧​នាក់​) បាន​អវត្តមាន​។ ក្នុងចំណោម​បេក្ខជន​មាន​បញ្ហា​សុខភាព​មាន​៤៣​ករណី មានតែ​១​រូប​ប៉ុណ្ណោះ​ជួប​បញ្ហា​ធ្ងន់ធ្ងរ រីឯ​អ្នក​ផ្សេងទៀត​បន្ត​ប្រឡង​បាន ក្រោយ​ការសង្គ្រោះ​បឋម​។​

​ក្រៅពី​របាយការណ៍​ទាក់ទង​នឹង​បេក្ខជន​ម្នា​ក់នៅ​ខេត្តសៀមរាប ដែល​ទៅ​យឺត​កន្លះ​ម៉ោង ក្រសួង​អប់រំ​យុវជន និង​កីឡា បានបញ្ជាក់​ឲ្យ​ដឹងថា នៅ ថ្ងៃ​ទីមួយ នេះ មាន បេក្ខជន តែមួយ​រូប ប៉ុណ្ណោះ ដែល បាន យក សំណៅ​ឯកសារ ចូល បន្ទប់ ប្រឡង និង មាន បេក្ខជន មួយ រូប ទៀត  បាន យក ទូរ​សព្ទ ដៃ ចូល ក្នុង បន្ទប់ ប្រឡង​។ ដូច្នេះ ក្រសួង នឹង អនុ​វត្តបទ​ប្បញ្ញត្តិ និង​កម្រិត វិន័យ ចំពោះ បេក្ខជន ទាំងពីរ រូបនេះ ដោយ កំណត់ ឱ្យ ធ្លាក់ ជា ស្វ័យ ប្រវត្តិ​៕


Tag:
 ប្រឡង​
 ​បាក់​ឌុប​
 ​បេក្ខជន​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com