អន្តរជាតិ
ខេត្តចំនួន១២ នៅថៃ ត្រូវដាក់ក្រោមការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ រូបភាព Bangkok Post
×
ដោយ៖ ឈួន ឈីវអ៊ីង
ខេត្ត Nakhon Nayok និង១១ខេត្តផ្សេងទៀតរបស់ថៃ ត្រូវបានដាក់បញ្ជូលក្នុងបញ្ជីឈ្មោះខេត្ត ដែលគួរមានការប្រុងប្រយ័ត្នចំពោះទឹកជំនន់ហូរកាត់ និងការបាក់ដី។ បើតាមនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយរបស់ថៃ ការដាក់ឲ្យស្ថិតក្រោមការប្រុងប្រយ័ត្ននេះ នឹងបន្តរហូតដល់ថ្ងៃទី២០ ខែសីហានេះ។
អគ្គនាយកដ្ឋាន លោក Chayaphol Thitisak បានប្រកាសអាសន្នចំពោះខេត្តទាំង ១២ បន្ទាប់ពីជំនន់ទឹកភ្លៀងបំផ្លាញតំបន់មួយចំនួនក្នុងរយៈពេល ២ថ្ងៃកន្លងមក។ ខេត្តដែលស្ថិតក្រោមការប្រកាសអាសន្ននោះមានដូចជា Nakhon Nayok, Trat, Mae Hong Son, Chiang Rai, Phayao, Nan, Uttaradit, Tak, Ranong, Phangnga និង Trang។
ទឹកជ្រោះ Wang Takrai, Sarika និង Nang Rong ដែលមានឈ្មោះល្បីល្បាញនៅខេត្ត Nakhon Nayok ក្នុងស្រុក Muang ត្រូវបានរងគ្រោះដោយទឹកជំនន់ ដែលហូរចេញពីឧទ្យានជាតិ Khao Yai ប្រហែលម៉ោង១ យប់កាលពីចុងសប្ដាហ៍កន្លងទៅ។ ទឹកជំនន់ដែលជន់ឡើងភ្លាមៗនេះ ក៏បានបំផ្លាញរមណីយដ្ឋាន ៣ទៅ៤ កន្លែងនៅ Klong Maduea និងចំណតរថយន្តប្រហែល ១០កន្លែងនៅ Wang Takrei ផងដែរ។។ ប៉ុន្តែមិនមានការរាយការណ៍ពីអ្នករបួស និងបាត់បង់ជីវិតឡើយ ព្រោះភ្ញៀវទេសចរណ៍ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។
ការិយាល័យបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយប្រចាំខេត្ត Nakhon Nayok បាននិយាយថាទឹកជ្រោះទាំង៣កន្លែង នៅតែបើកនៅនៅចុងសប្ដាហ៍មុន ប៉ុន្តែការលេងទឹកត្រូវបានហាមឃាត់ ដោយសារតែមានចរន្តទឹកខ្លាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com