ភ្នំពេញ៖ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានប្រារព្ធសន្និសីទប្រចាំឆ្នាំ លើកទី ១ ស្តីពីអាជីព កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដែលមានការចូលរួមពីបុគ្គលិក និងនិស្សិត មកពីគ្រប់មហាវិទ្យាល័យ។ ជាមួយនឹងចំនួនអ្នកចូលរួមយ៉ាងច្រើនកុះករ ដែលមានទាំងនិស្សិតបញ្ចប់ការសិក្សា និងក្រុមហ៊ុន ក៏ដូចជាសហគ្រាសនានា សាកលវិទ្យល័យ ពុទ្ធិសាស្ត្រ គ្រោងប្រារព្ធ សន្និសីទនេះ ជារៀងរាល់ឆ្នាំ។
សន្និសីទអាជីពប្រចាំឆ្នាំនេះ ស្តែងឱ្យឃើញយ៉ាងច្បាស់ ពីការប្តេជ្ញាចិត្តរបស់សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក្នុងការពង្រឹងភាពជាដៃគូរបស់ខ្លួន ជាមួយស្ថាប័នអន្តរជាតិ ក៏ដូចជាក្រុមហ៊ុន សហគ្រាសសុខាភិបាល និងឧស្សាហកម្មបច្ចេកវិទ្យា ព័ត៌មានវិទ្យា។ សន្និសីទនេះ ក៏បង្ហាញផងដែរថា និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ត្រៀមខ្លួនរួចជាស្រេច សម្រាប់អាជីពរបស់ពួកគេ នាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត។
សន្និសីទនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសឱ្យនិស្សិត ដែលសិក្សានៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន សហគ្រាសដែលមានសក្តានុពល នៅក្នុងជំនាញសិក្សារបស់ពួកគេរៀងៗខ្លួន។
សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយសន្និ សីទនេះ ទទួលបានការគាំទ្រពីអ្នកឧបត្ថម្ភ ដូចជា ក្រុមហ៊ុន DKSH, ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារទន្តសាស្ត្រ Eng. Go, ក្រុមហ៊ុន iOne, ក្រុមហ៊ុន Dynamic Pharma Co. Ltd និងក្រុមហ៊ុន កូងស៊ាន មេឌីខល អ៊ីនស្ត្រូមែន Co. Ltd ។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន និងសហគ្រាសដែលបានចូលរួមក្នុងកម្មវិធីនេះ គឺជាក្រុមហ៊ុនឈានមុខដែលខ្លះ ជាក្រុមហ៊ុន និងសហគ្រាស ដែលមានការិយាល័យតំណាងនៅទូទាំងពិភពលោក។
លោកសាស្ត្រាចារ្យ អ៊ាន ហ្វីនលេ សាកលវិទ្យាធិការ និងអនុអធិការបតីនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ មានប្រសាសន៍ថា៖«សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ មានសេចក្តីសោមនស្សរីករាយ ក្នុងការចាប់ដៃគូយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ក៏ដូចជាសហគ្រាសនានា ដើម្បីធានាឱ្យនិស្សិតដែលបានបញ្ចប់ការសិក្សា មានទាំងជំនាញរឹង និងជំនាញទន់ ដែលជាតម្រូវការរបស់អនាគតនិយោជករបស់ពួកគេ។ សន្និសិទអាជីពនេះ គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ចំពោះដៃគូ និងនិស្សិតរបស់យើង»។
សន្និសីទអាជីពនេះ រួមមានសិក្ខាសាលា វេទិកាពិភាក្សា និងពិព័រណ៌ការងារ។ ប្រធានបទជាច្រើនត្រូវបានយកមកជជែកពិភាក្សា នៅក្នុងសិក្ខាសាលា ដូចជាជំនាញសម្ភាសន៍, ការសរសេរប្រវត្តិរូបសង្ខេបដែលមានគុណភាព, ជំនាញការងារសំខាន់ៗ ក៏ដូចជាជំនាញទន់ (Soft-Skills)មានដូចជាការគិត និងការប្រាស្រ័យទាក់ទងជាដើម។ ក្រៅពីការសិក្សាពីរបៀបសរសេរប្រវត្តិរូបសង្ខេប ដែលបង្ហាញពីសមត្ថភាពរបស់ពួកគេប្រកបដោយប្រសិទ្ធភាព និងវិធីបង្ហាញខ្លួនសម្រាប់ការសម្ភាសន៍ការងារប្រកបដោយភាពជោគជ័យ និស្សិតរបស់សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏ទទួលបានការពង្រឹងជំនាញរបស់ពួកគេ ដើម្បីធានាអាជីពការងារនាពេលអនាគត។ បន្ថែមពីនេះផងដែរ និស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏ទទួលបានឱកាសក្នុងការពង្រីកបណ្តាញ នៅក្នុងវិស័យរបស់ពួកគេផងដែរ។ សន្និសីទនេះក៏បានបញ្ចូលសិក្ខាសាលា ស្តីពីភាពជាអ្នកដឹកនាំ ដែលផ្តល់ឱ្យអ្នកចូលរួម នូវមេរៀនពីការពង្រឹងការងាររបស់ពួកគេ ដែលធ្វើឱ្យពួកគេក្លាយជានិយោជក ដែលមានគុណភាព និងក្លាយជាអនាគតអ្នកដឹកនាំល្អ។
សិក្ខាសាលាផ្សេងៗទៀត ក៏បង្ហាញពីទិដ្ឋភាព នៃជីវិតការងារនៅក្នុងក្រុមហ៊ុនជាតិ និងក្រុមហ៊ុនអន្តរជាតិ ក៏ដូចជាការពិភាក្សាជាក្រុម ដើម្បីជួយឱ្យនិស្សិតស្វែងយល់ពីលក្ខណៈវិនិច្ឆ័យ នៃការជ្រើសរើសរបស់និយោជិក។ ទាំងនេះធ្វើឱ្យនិស្សិតបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ទទួលបានការងារល្អ និងប្រាក់បៀវត្សខ្ពស់។ នេះគឺជាវេទិកាដ៏មានតម្លៃបំផុត ដែលនឹងជួយសម្រេចបំណងប្រាថ្នារបស់និស្សិតបញ្ចប់ការសិក្សា និងសម្រួលដល់ការរំពឹងទុកការងារ របស់និយោជិកផងដែរ។
សន្និសីទ ក៏បានផ្តល់ព័ត៌មានអំពីនិន្នាការឧស្សាហកម្ម និងសហគ្រាសនាពេលបច្ចុប្បន្នដើម្បីណែនាំនិស្សិតក្នុងការស្វែងរកការងារ ឆ្ពោះទៅរកការសម្រេចចិត្តត្រឹមត្រូវ សម្រាប់អាជីពនាពេលអនាគតរបស់ពួកគេ។
សន្និសីទអាជីពនេះ នឹងជួយបំពេញសេចក្តីត្រូវការរបស់និយោជិត និងនិយោជក ដោយត្រួសត្រាយផ្លូវសម្រាប់ការជ្រើសរើសដែលទទួលបានភាពជោគជ័យ និងផ្តល់ភាពងាយស្រួលដល់និយោជក ក្នុងការស្វែងរកបេក្ខជនដែលមានជំនាញត្រឹមត្រូវច្បាស់លាស់៕
(អត្ថបទពាណិជ្ជកម្ម)