ជាតិ
សាសនា / ធម៌
ឪពុកម្តាយ មិនចង់បានអ្វី ក្រៅពីចង់ឲ្យកូនមានអនាគតល្អ
20, Aug 2019 , 10:56 am        
រូបភាព
ម្តាយពិសាបាយជាមួយកូនស្រី ពេលកូនស្រីចេញពីប្រឡងបាក់ឌុបម៉ោងទី១ កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅមណ្ឌលប្រឡងវិទ្យាល័យផ្សារដើមថ្កូវ (រូបដោយកញ្ញា ឡាយ សុភាវត្តី)
ម្តាយពិសាបាយជាមួយកូនស្រី ពេលកូនស្រីចេញពីប្រឡងបាក់ឌុបម៉ោងទី១ កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅមណ្ឌលប្រឡងវិទ្យាល័យផ្សារដើមថ្កូវ (រូបដោយកញ្ញា ឡាយ សុភាវត្តី)
ក្រៅពីមានគុណក្នុងការផ្តល់កំណើតឲ្យកូន ឪពុកម្តាយ នៅមានគុណមួយទៀតចំពោះកូន គឺការចិញ្ចឹមបីបាច់។ ពួកគាត់ មិនមែនគ្រាន់តែចិញ្ចឹមកូនឲ្យធំនោះទេ តែនៅខំបង្ហាត់បង្រៀនកូនឲ្យក្លាយជាមនុស្សល្អថែមទៀត និងប្រឹងបញ្ជូនកូនឲ្យទៅរៀន ដើម្បីមានចំណេះដឹង និងមានអនាគតភ្លឺស្វាង បើទោះបីជាពួកគាត់ ក្រីក្រឬលំបាកយ៉ាងណាក៏ដោយ។



ទោះជាកូនមានចំណេះដឹង មានការងារល្អហើយក៏ដោយ ក៏ឪពុកម្តាយ នៅតែគិតគូររកគូស្រករ និងរៀបចំគ្រួសារឲ្យកូនទៀត។ ឪពុកម្តាយ គិតពីកូនរហូត លុះត្រាតែពួកគាត់ រលត់ជីវិត។

គុណរបស់ឪពុកម្តាយ គ្មានអ្វីមកប្រៀបផ្ទឹមបានឡើយ «ធំជាងសមុទ្រ ធ្ងន់ជាងភ្នំ»។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ឲ្យឈ្មោះឪពុកម្តាយ៤យ៉ាង គឺ ព្រះព្រហ្ម ទេវតាដើម គ្រូដើម និង ព្រះអរហន្ត។ 



ឈ្មោះថាព្រះព្រហ្ម ព្រោះលោក មានព្រហ្មវិហារធម៌ចំពោះកូន គឺ មេត្តា ករុណា មុទិតា ឧបេក្ខា។ ឈ្មោះថា ទេវតាដើម ព្រោះលោក ជាមនុស្សមុនគេ ដែលចិញ្ចឹមបីបាច់និងរក្សាកូន។ ឈ្មោះថា គ្រូដើម ព្រោះលោក ជាអ្នកបង្រៀនកូនមុនគេ ឲ្យចេះនិយាយ ចេះដើរ ចេះគោរពគេឯង និង មានសីលធម៌ សុជីវធម៌...។ ឈ្មោះថា ព្រះអរហន្ត ព្រោះលោក ជាបុគ្គលដែលកើតបុណ្យក្រៃលែងសម្រាប់កូន ដែលត្រូវគោរពបូជា។

បើនិយាយពីគុណ ព្រះបរមគ្រូ ទ្រង់សម្តែងថា ឪពុកម្តាយ មានគុណ៤យ៉ាង គឺ អនេកប្បការគុណ ជាគុណដែលច្រើនអនេកប្បការ អនន្តគុណ ជាគុណដែលរាប់មិនអស់ អប្បរិមាណគុណ ជាគុណដែលប្រមាណមិនបាន អសមគុណ ជាគុណដែលគ្មានអ្វីស្មើបាន។

ដូច្នេះ កុលបុត្រ កុលធីតា ត្រូវមានកតញ្ញូតាធម៌ចំពោះឪពុកម្តាយ ដោយមិនត្រូវបំភ្លេចគុណពួកគាត់ឡើយ។ ទោះជាមានឬក្រ ក្នុងនាមជាកូន ត្រូវ តបស្នងសងគុណពួកគាត់វិញ ហើយមិនត្រូវធ្វើទង្វើមិនគប្បី ចំពោះអ្នកមានគុណនោះទេ។

«ការធ្វើល្អចំពោះឪពុកម្តាយ គឺជាអំពើល្អបំផុត។ ការធ្វើអំពើអាក្រក់ចំពោះឪពុកម្តាយ គឺជាអំពើអាក្រក់បំផុត។ កូនកតញ្ញូ តែងរុងរឿង។ កូនអកតញ្ញូ តែងវិនាស»៕











Tag:
 គុណឪពុកម្តាយ
© រក្សាសិទ្ធិដោយ thmeythmey.com