EPL៖ Pogba ទាត់​ប៉េ​ណា​ល់​ទី​មិន​ចូល ខណៈ Man Utd ខក​ឱកាស​ឡើង​កំពូល​តារាង​
កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Pogba ទាត់​ប៉េ​ណា​ល់​ទី​មិន​ចូល ខណៈ Man Utd ខក​ឱកាស​ឡើង​កំពូល​តារាង​
20, Aug 2019 , 11:58 am        
រូបភាព
​ខ្សែបម្រើ​ឆ្នើម Paul Pogba បាន​ខក​ឱកាស​មាស​ក្នុង​ការជួយ Manchester United បន្ត​ជ័យជម្នះ​ជា​លើក​ទី​២ ក្រោយ​ទាត់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​មិន​ចូលក្នុង​ជំនួប​ស្មើគ្នា​ជាមួយ Wolverhampton Wanderers ១-១ ក្នុង​ក្របខណ្ឌ Premier League​។​


 
​ជំនួប​សប្តាហ៍​ទី​២ នៅ​រាត្រី​ថ្ងៃទី​១៩ ខែសីហា ក្រុម​បិសាច​ក្រហម​មានឱកាស​រក​គ្រាប់​បាល់​នាំមុខ​ក្រុម​ម្ចាស់ផ្ទះ Wolves មុន​នៅ​នាទី​២៧ ដោយ​ខ្សែប្រយុទ្ធ Anthony Martial​។ 
 
​ចូលដល់​តង់​ទី​២ ខ្សែបម្រើ Ruben Neves ស៊ុត​ពី​ចម្ងាយ​យ៉ាង​អស្ចារ្យ​ផុតដៃ​អ្នកចាំទី David De Gea ដើម្បី​ជួយ Wolves តាម​ស្មើ​វិញ​នៅ​នាទី​៥៥​។ ក្រុម​ទាំងពីរ​បាន​បន្ត​វាយ​សម្រុក​គ្នា​ទៅវិញទៅមក រហូត Man Utd ទទួលបាន​បាល់​ពិន័យ​១១​ម៉ែត្រ​បន្ទាប់ពី​ខ្សែការពារ Conor Coady ទាក់​ជើង Pogba នៅ​តំបន់​គ្រោះថ្នាក់​នានា​ទី​៦៨​។ 


 
​ខ្សែបម្រើ​សញ្ជាតិ​បារាំង​ដែល​កំពុងមាន​ពាក្យ​ច​ចាម​អារាម​ចង់​ចាក​ចេញពី Old Trafford ជា​អ្នករ៉ាប់រង​ការ​ទាត់​ពិន័យ​នេះ ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច​បន្ទាប់ពី​អ្នក​ចា​តំ​ទី Rui Patricio សង្គ្រោះ​បាល់​បាន​។ នេះ​ជាការ​ខកខាន​ឱកាស​មាស​សម្រាប់​រូបគេ​ក្នុង​ការស្តារ​មុខមាត់​ឡើងវិញ ស្របពេល Man Utd ត្រូវ​បាត់​២​ពិន្ទុ និង​ឡើងឈរ​កំពូល​តារាង​សប្តាហ៍​ទី​ពីរ​នៃ​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល ២០១៩-២០​នេះ​។​
 
​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យ​ទទួលបាន​៤​ពិន្ទុ​ពី​ការប្រកួត​ពីរលើក​ឈរ​ចំណាត់ថ្នាក់​ទី​៤ តាម​ពីក្រោយ Arsenal និង Liverpool ដែលមាន​៦​ពិន្ទុ​ពេញ ខណៈ Wolves មាន​២​ពិន្ទុ​នៅ​លេខ​រៀង​ទី​១២ ក្រោយ​ប្រកួត​ស្មើ​ទាំងពីរ​ប្រកួត​៕ 

Tag:
 Premier League
  Paul Pogba
© រក្សាសិទ្ធិដោយ thmeythmey.com