ជាតិ
បាក់ឌុប
បាក់​ឌុប​ព្រឹក​ថ្ងៃទី​២៖ បេក្ខជន​ជាង​១៨០០​នាក់​អវត្តមាន បញ្ហា​សុខភាពមាន​​ជាង​៦០​ករណី​
20, Aug 2019 , 12:21 pm        
រូបភាព
ដោយ: ថ្មីៗ
​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២០ ខែសីហា នេះ ប្រព្រឹត្ត​ទៅដោយ​រលូន និង​មិនមាន​បាតុភាព​មិន​ប្រក្រតី​គួរ​ឲ្យ​កត់សម្គាល់​នោះឡើយ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ផ្សព្វផ្សាយ​តាម​បណ្តាញ Telegram សម្រាប់​អ្នកសារព័ត៌មាន​។​



​នៅ​ព្រឹក​ថ្ងៃទី​ពីរ​នៃ​ការប្រឡង​នេះ បេក្ខជន​ថ្នាក់ វិទ្យាសាស្ត្រ ប្រឡង​លើ​មុខវិជ្ជា អក្សរសាស្ត្រ​ខ្មែរ និង រូបវិទ្យា រីឯ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ប្រឡង​គណិតវិទ្យា និង​សីលធម៌ ពលរដ្ឋ​វិជ្ជា​)​។ ក្រសួង​អប់រំ បានលើកឡើង​ពី​ករណី​ភ្លៀង​ធ្លាក់​នៅតាម​មណ្ឌល​មួយចំនួន​ក្នុង​ខេត្តព្រះវិហារ  ស្ទឹងត្រែង រតនគិរី និង កោះកុង ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ដំណើរការ​ប្រឡង​ឡើយ​។​



ចំនួន​បេក្ខជន​អវត្តមាន​នា​ព្រឹក​ថ្ងៃទី​២០ ខែសីហា​នេះ មាន​ចំនួន​១,៨១៨​នាក់ ក្នុងនោះ​ស្រី ៦៩៦​នាក់ ជា​ភាគរយ ១.៥៥​ភាគរយ​។ បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន ៦៣​ករណី ក្នុងនោះ មិនអាច​វិល ត្រឡប់មក​ប្រឡង​វិញ ​៣​ករណី ចំណែកបេក្ខជនផ្សេងទៀត បានបន្តការប្រឡង បន្ទាប់ពីទទួលបានការសង្គ្រោះ​បឋម​។​



​បេក្ខជន​ប្រឡង​ឆ្នាំនេះ មាន​ចំនួន ១១៧,០៤៣ នាក់ ស្រី ៦០,៤២៧នាក់ មាន ២០២ មណ្ឌល ចែកជា​ថ្នាក់​វិទ្យាសាស្ត្រ​មាន​បេក្ខជន​ចំនួន​ ៤៤,៦៩០​នាក់ មាន ៧៥មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​បេក្ខជន​ចំនួន ៧២,៣៥៣​នាក់ មាន ១២៧មណ្ឌល​៕



រូបថតទាំងអស់ដោយ៖ សៅ សុខអេង, អ៊ូ សុខមាន និង ឡាយ សុភាវតី



Tag:
 ប្រឡង​
 ​បាក់​ឌុប​
 ​បេក្ខជន​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com