កីឡាជាតិ
ជាតិ
AFF Women៖ កម្ពុជាប៉ះឥណ្ឌូណេស៊ី ឯវៀតណាមប្រជែងដណ្តើមលេខ១ក្នុងពូលជាមួយមីយ៉ាន់ម៉ា ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជាពេលគោរពភ្លេងជាតិ មុនប៉ះជាមួយមីយ៉ាន់ម៉ា, រូបភាពពី FFC
× ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជាត្រូវប្រជែងជាមួយឥណ្ឌូណេស៊ីសម្រាប់ជំនួបចុងក្រោយពូលBនៃពានរង្វាន់ AFF Women’s Championship 2019។ ការប្រកួតដែលធ្វើឡើងវេលាម៉ោង៦ល្ងាច នៅកីឡដ្ឋាន IPE 1 នេះ គឺជាការប្រកួតបង្គ្រប់កិច្ចសម្រាប់ក្រុមទាំងពីរ ដ្បិតពួកគេសុទ្ធតែអស់ឱកាសឡើងទៅវគ្គបន្ត។ ជាមួយគ្នានេះ ក្រុមកីឡាការិនីជម្រើសជាតិវៀតណាម ត្រូវប្រជែងជាមួយមីយ៉ានម៉ា ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ១ពូល B។
ក្រោយបរាជ័យពីរប្រកួតជាប់គ្នាក្រោមថ្វីជើងវៀតណាម ១០-០ និងមីយ៉ាន់ម៉ា ១០-១ ធ្វើឲ្យក្រុមកីឡាការិនីជម្រើសជាតិកម្ពុជាធ្លាក់ចេញពីព្រឹត្តិការណ៍ AFF Women’s Championship ត្រឹមវគ្គជម្រុះក្នុងពូលជាលើកទី២។ ខណៈកាលពីឆ្នាំ២០១៨ ដែលជាការចូលរួមលើកដំបូង កម្ពុជាបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ក្នុងពូល ដោយឈរលើទីម័រខាងកើត។
ទោះបីអស់ឱកាសឡើងទៅវគ្គបន្ត តែក្រុមកីឡាការិនីកម្ពុជានៅសល់ការប្រកួតបង្គ្រប់កិច្ចជាមួយឥណ្ឌូណេស៊ី មួយប្រកួតទៀត ដែលធ្វើឡើងនៅម៉ោង៦ល្ងាចថ្ងៃទី២០ សីហានេះ។ វាក៏ជាការប្រកួតបង្គ្រប់កិច្ចសម្រាប់ឥណ្ឌូណេស៊ីផងដែរ បន្ទាប់ពីពួកគេចាញ់មីយ៉ាន់ម៉ា និងវៀតណាមក្នុងលទ្ធផល ៧-០ ដូចគ្នា៕
Tag:
AFF Women’s Championship
© រក្សាសិទ្ធិដោយ thmeythmey.com