ភ្នំពេញ៖ ជនជាតិចិន ដែលអាជ្ញាធរចាប់បណ្ដេញចេញពីកម្ពុជា គឺសុទ្ធតែមានដីកាចាប់ខ្លួនពីប្រទេសសាមី ដើម្បីអនុវត្តតាមវិធានការច្បាប់ ផ្អែកលើអនុស្សារណៈ ទ្វេរភាគី។ នេះជាការបញ្ជាក់របស់ក្រសួងមហាផ្ទៃ ដែលឆ្លើយតបទៅនឹងមតិរិះគន់ថា កម្ពុជាគឺជាជម្រករបស់ឧក្រិដ្ឋជន សម្រាប់ប្រព្រឹត្តបទល្មើស។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានពន្យល់ហេតុផលនៃការបង្ក្រាបបទឧក្រិដ្ឋថា ការចាប់ខ្លួនជនជាតិចិន ដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស និងការបណ្ដេញជនជាតិចិនទាំងនេះ ចេញពីកម្ពុជា គឺធ្វើឡើងផ្អែកលើស្មារតីនៃអនុស្សារណៈ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍។ ក្នុងន័យនេះក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ជនល្មើសដែលចាប់បណ្ដេញពីកម្ពុជានេះ គឺមានដីកាតាមចាប់ខ្លួនពីអាជ្ញាធរប្រទេសចិន ដែលត្រូវយកទៅអនុវត្តនីតិវិធីតាមផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៅប្រទេសចិន ដោយគ្មានការដោះលែងឱ្យរួចខ្លួននោះទេ។
ក្រៅពីជនជាតិចិននេះ អាជ្ញាធរកម្ពុជា ក៏ធ្លាប់ចាប់បញ្ជូនខ្លួនជនបរទេសផ្សេងទៀត ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនៅប្រទេសខ្លួន ឱ្យទៅប្រទេសសាមីវិញផងដែរ ស្របតាមស្មារតីនៃអនុស្សារណៈរវាងប្រទេសទាំងពីរ។
ឆ្លើយតបនឹងមតិរិះគន់ថា កម្ពុជាគឺជាជម្រករបស់ឧក្រិដ្ឋជន សម្រាប់ប្រព្រឹត្តបទល្មើសនោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១៦ សីហាថា ៖«ជនល្មើសបរទេសទាំងឡាយ ដែលត្រូវបានចាប់ខ្លួន និងបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ នឹងត្រូវដាក់បញ្ចូលឈ្មោះក្នុងបញ្ជីខ្មៅ (Black List) នៃប្រព័ន្ធគ្រប់គ្រងអន្តោប្រវេសន៍ ហើយមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចូលមកកម្ពុជាជាថ្មីទៀតឡើយ»។
កាលពីថ្ងៃទី១៤សីហា ជនជាតិចិន១៨០នាក់នៅខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត Voice Over Internet Protocol (VOIP) ។ក្នុងចំណោមជនជាតិចិនទាំងនោះ មាន១២៨នាក់នេះ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនៅភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់។ចំណែកអ្នកដទៃ ត្រូវបានដោះលែងវិញ ក្រោយពិនិត្យទៅឃើញថា មិនពាក់ព័ន្ធ។ នេះបើតាមលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានថ្មីៗ កន្លងមក។
ដោយសារតែបញ្ហានេះ ទើបអ្នកតាមដានស្ថានការណ៍សង្គម បានលើកឡើងថា ច្បាប់នៅកម្ពុជាមានភាពខ្វះចន្លោះ និងកម្សោយ ដែលនាំឱ្យជនល្មើសយកកម្ពុជា ជាទីកន្លែងប្រព្រឹត្តបទឧក្រិដ្ឋ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធការលើកឡើងនេះ ដោយចាត់ទុកថា ជាសម្តីដែលខ្វះមូលដ្ឋានព័ត៌មាន និងផ្លូវច្បាប់ច្បាស់លាស់ ដែលអាចបណ្ដាលឱ្យសាធារណមតិជាតិ និងអន្តរជាតិ មានការភាន់ច្រឡំចំពោះវិធានការ និងដំណើរការនីតិវិធីរបស់អាជ្ញាធរ។«រាល់ការចុះប្រតិបត្តិការបង្ក្រាបបទល្មើស និងចាប់ខ្លួនជនល្មើស ទោះបីជាជនល្មើសនោះជាជនជាតិខ្មែរ ឬជាជនបរទេសក្តី អាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា តែងតែស៊ើបអង្កេតស្រាវជ្រាវប្រមូលភស្តុតាងឱ្យបានគ្រប់តាមផ្លូវច្បាប់ជាមុន។ក្រសួងមហាផ្ទៃ នឹងបន្តកិច្ចសហការជិតស្និទជាមួយភាគីពាក់ព័ន្ធ ដើម្បីធានារក្សានូវសន្តិសុខ សុវត្ថិភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈជនពលរដ្ឋ»។ នេះជាការអះអាងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
គិតចាប់ពីឆ្នាំ២០១៤ ដល់ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរកម្ពុជា បានបណ្ដេញជនជាតិចិន ជាង២,៧០០នាក់ហើយ ចេញពីកម្ពុជា។ បើតាមក្រសួងមហាផ្ទៃ ជនល្មើសទាំងនេះ នឹងជាអម្រែកបន្ទុកដ៏ធ្ងន់មួយ នៃថវិកាជាតិ ប្រសិនបើជនទាំងនេះ ត្រូវបានឃុំឃាំងនៅកម្ពុជា៕