ជាតិ
អ្នកនាំពាក្យ​៖ ជនជាតិ​ចិន ដែល​បណ្ដេញ​ចេញពី​កម្ពុជា គឺមាន​ដីកាចាប់ខ្លួន​ពី​ចិន ហើយ​គ្មាន​ការដោះលែង​
20, Aug 2019 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ ជនជាតិ​ចិន ដែល​អាជ្ញាធរ​ចាប់​បណ្ដេញ​ចេញពី​កម្ពុជា គឺ​សុទ្ធ​តែមាន​ដីកាចាប់ខ្លួន​ពី​ប្រទេស​សាមី ដើម្បី​អនុវត្តតាម​វិធានការ​ច្បាប់ ផ្អែកលើ​អនុស្សារណៈ ទ្វេរ​ភាគី​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងមហាផ្ទៃ ដែល​ឆ្លើយតប​ទៅនឹង​មតិ​រិះគន់ថា កម្ពុជា​គឺជា​ជម្រក​របស់​ឧក្រិដ្ឋជន សម្រាប់​ប្រព្រឹត្ត​បទល្មើស​។​


 
​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ពន្យល់​ហេតុផល​នៃ​ការបង្ក្រាប​បទឧក្រិដ្ឋ​ថា ការចាប់ខ្លួន​ជនជាតិ​ចិន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស និង​ការបណ្ដេញ​ជនជាតិ​ចិន​ទាំងនេះ ចេញពី​កម្ពុជា គឺធ្វើឡើង​ផ្អែកលើ​ស្មារតី​នៃ​អនុស្សារណៈ រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ស្របតាម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​។ ក្នុងន័យនេះ​ក្រសួងមហាផ្ទៃ បាន​សង្កត់ធ្ងន់ថា ជនល្មើស​ដែល​ចាប់​បណ្ដេញ​ពី​កម្ពុជា​នេះ គឺមាន​ដីកា​តាម​ចាប់ខ្លួន​ពី​អាជ្ញាធរ​ប្រទេស​ចិន ដែល​ត្រូវ​យកទៅអនុវត្ត​នីតិវិធី​តាមផ្លូវ​ច្បាប់ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​នៅ​ប្រទេស​ចិន ដោយ​គ្មាន​ការដោះលែង​ឱ្យ​រួចខ្លួន​នោះទេ​។​
 
​ក្រៅពី​ជនជាតិ​ចិន​នេះ អាជ្ញាធរ​កម្ពុជា ក៏​ធ្លាប់​ចាប់បញ្ជូន​ខ្លួន​ជនបរទេស​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​នៅ​ប្រទេស​ខ្លួន ឱ្យទៅ​ប្រទេស​សាមី​វិញ​ផងដែរ ស្របតាម​ស្មារតី​នៃ​អនុស្សារណៈ​រវាង​ប្រទេស​ទាំងពីរ​។​
 
​ឆ្លើយតប​នឹង​មតិ​រិះគន់ថា កម្ពុជា​គឺជា​ជម្រក​របស់​ឧក្រិដ្ឋជន សម្រាប់​ប្រព្រឹត្ត​បទល្មើស​នោះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី​១៦ សីហា​ថា ៖«​ជនល្មើស​បរទេស​ទាំង​ឡាយ ដែល​ត្រូវបាន​ចាប់ខ្លួន និង​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ស្របតាម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ នឹងត្រូវ​ដាក់បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ (Black List) នៃ​ប្រព័ន្ធគ្រប់គ្រង​អន្តោប្រវេសន៍ ហើយ​មិនត្រូវ​បានអនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ចូលមក​កម្ពុជា​ជាថ្មី​ទៀតឡើយ​»​។ 
 
​កាលពី​ថ្ងៃទី​១៤​សីហា ជនជាតិ​ចិន​១៨០​នាក់​នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​បទល្មើស​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត Voice Over Internet Protocol (VOIP) ។​ក្នុងចំណោម​ជនជាតិ​ចិន​ទាំងនោះ មាន​១២៨​នាក់​នេះ ត្រូវបាន​បញ្ជូន​ទៅកាន់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​នៅ​ភ្នំពេញ ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់​។​ចំណែក​អ្នកដទៃ ត្រូវបាន​ដោះលែង​វិញ ក្រោយ​ពិនិត្យ​ទៅ​ឃើញថា មិន​ពាក់ព័ន្ធ​។ នេះ​បើតាម​លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ប្រាប់​សារព័ត៌មាន​ថ្មីៗ កន្លងមក​។​
 
​ដោយសារតែ​បញ្ហា​នេះ ទើប​អ្នកតាមដាន​ស្ថានការណ៍​សង្គម បាន​លើកឡើងថា ច្បាប់​នៅ​កម្ពុ​ជាមាន​ភាពខ្វះ​ចន្លោះ និង​កម្សោយ ដែលនាំឱ្យ​ជនល្មើស​យក​កម្ពុជា ជាទី​កន្លែង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​។ 
 
​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បដិសេធ​ការលើកឡើង​នេះ ដោយ​ចាត់ទុកថា ជាស​ម្តី​ដែល​ខ្វះ​មូលដ្ឋាន​ព័ត៌មាន និង​ផ្លូវច្បាប់​ច្បាស់លាស់ ដែល​អាច​បណ្ដាលឱ្យ​សាធារណមតិ​ជាតិ និង​អន្តរជាតិ មានការ​ភាន់ច្រឡំ​ចំពោះ​វិធានការ និង​ដំណើរការ​នីតិវិធី​របស់​អាជ្ញាធរ​។​«​រាល់​ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស និង​ចាប់ខ្លួន​ជនល្មើស ទោះបីជា​ជនល្មើស​នោះ​ជា​ជនជាតិខ្មែរ ឬ​ជា​ជនបរទេស​ក្តី អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​ស៊ើបអង្កេត​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​ឱ្យបាន​គ្រប់​តាមផ្លូវ​ច្បាប់​ជាមុន​។​ក្រសួងមហាផ្ទៃ នឹង​បន្ត​កិច្ចសហការ​ជិតស្និទ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ធានា​រក្សា​នូវ​សន្តិសុខ សុវត្ថិភាព​សង្គម និង​សណ្ដាប់ធ្នាប់​សាធារណៈជន​ពលរដ្ឋ​»​។ នេះ​ជាការ​អះអាង​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​។​
 
​គិត​ចាប់ពី​ឆ្នាំ​២០១៤ ដល់​ខែកក្កដា ឆ្នាំ​២០១៩ អាជ្ញាធរ​កម្ពុជា បាន​បណ្ដេញ​ជនជាតិ​ចិន ជាង​២,៧០០​នាក់​ហើយ ចេញពី​កម្ពុជា​។ បើតាម​ក្រសួងមហាផ្ទៃ ជនល្មើស​ទាំងនេះ នឹង​ជា​អ​ម្រែ​ក​បន្ទុក​ដ៏​ធ្ងន់​មួយ នៃ​ថវិកាជាតិ ប្រសិនបើ​ជន​ទាំងនេះ ត្រូវបាន​ឃុំឃាំង​នៅ​កម្ពុជា​៕

Tag:
 មហាផ្ទៃ​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com