ជាតិ
នយោបាយជាតិ
មន្ត្រីកម្ពុជាថា វៀតណាមនៅកម្ពុជា អាចសុំសញ្ជាតិខ្មែរបាន ដោយធ្វើទៅតាមផ្លូវច្បាប់
× មន្ត្រីកម្ពុជា បានប្រាប់មន្ត្រីវៀតណាមថា ពលរដ្ឋវៀតណាមដែលរស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា អាចដាក់ពាក្យស្នើសុំសញ្ជាតិខ្មែរបាន ប៉ុន្តែពួកគេត្រូវបំពេញទៅតាមច្បាប់ជាធរមាន។ ការឆ្លើយបែបនេះ ក្រោយអាជ្ញាធរវៀតណាម បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ផ្តល់សញ្ជាតិខ្មែរ ដល់ពលរដ្ឋខ្លួនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
លោក ឈាង វុន តំណាងសភាកម្ពុជា បានប្រាប់អ្នកសារព័ត៌មាន ក្រោយពីបញ្ចប់កិច្ចប្រជុំលើកទី៧ នៃគណៈកម្មការកិច្ចការបរទេសសភាកម្ពុជា ឡាវ និង វៀតណាម នៅប្រទេសវៀតណាម កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ថា ក្នុងកិច្ចប្រជុំខាងលើ រដ្ឋាភិបាលវៀតណាម បានលើកឡើងពីការមិនផ្តល់សញ្ជាតិខ្មែរ ដល់ប្រជាពលរដ្ឋខ្លួនដែលរស់នៅលើកទឹកដីកម្ពុជា ខណៈពួកគេបានរស់នៅលើទឹកដីកម្ពុជាយូរណាស់មកហើយ។ បើតាមលោក ឈាង វុន គណៈប្រតិភូកម្ពុជាបានប្រាប់ទៅវៀតណាមវិញថា ពលរដ្ឋវៀតណាមដែលរស់នៅខុសច្បាប់ទាំងនោះត្រូវតែដាក់ពាក្យស្នើសុំសញ្ជាតិពីអាជ្ញាធរមានសមត្ថកិច្ច ដែលមានចែងក្នុងច្បាប់របស់កម្ពុជាជាមុនសិន។
តំណាងរាស្ត្ររូបនេះ និយាយថា៖«ខ្ញុំ និងគណៈប្រតិភូយើងបានឆ្លើយតបច្បាស់លាស់ ពីរឿងនេះថា យើងមានច្បាប់ទម្លាប់របស់យើង ហើយច្បាប់ជាច្រើន ក្នុងហ្នឹងរួមទាំងច្បាប់សញ្ជាតិហ្នឹងផង ច្បាប់អន្តោប្រវេសន៍ផង។ យើងមិនអាចឱ្យគាត់ ឱ្យគ្រប់សញ្ជាតិដោយស្វ័យប្រវត្តិ ចំពោះបងប្អូនវៀតណាមរបស់គាត់ ដែលមករស់នៅខុសច្បាប់នៅក្នុងដែនដីកម្ពុជាកន្លងទៅ យើងមិនអាចឱ្យកើតទេ។ ប៉ុន្តែគាត់អាចដាក់ពាក្យសុំសញ្ជាតិ ច្បាប់ទម្លាប់របស់យើង គឺវាអ៊ីចឹង»។
គណៈកម្មការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានបង្ហាញថា មានជនអន្តោប្រវេសន៍ជាង១០ម៉ឺននាក់ ដែលរស់នៅក្នុងប្រទេសកម្ពុជា ដោយគ្មានឯកសារត្រឹមត្រូវ។ ហើយ ជនអន្តោប្រវេសន៍ ដែលបានដាក់ពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន៍មានជាង៣,២ម៉ឺនគ្រួសារ ដែលមានមនុស្សសរុបជាង១០ម៉ឺននាក់។ ជនបរទេសទាំងនេះ មាន១១សញ្ជាតិ ដោយក្នុងនោះមានជនជាតិវៀតណាមច្រើនជាងគេ៕
Tag:
កម្ពុជា
វៀតណាម
សញ្ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com