សង្គមអន្តរជាតិ​
អន្តរជាតិ
ក្នុង​វ័យ​៩៤​ឆ្នាំ នាយករដ្ឋមន្ត្រី មហា​ធៀ នៅ​អាច​ធាក់​កង់​បាន​ចម្ងាយ​១១​គីឡូម៉ែត្រ​
20, Aug 2019 , 9:39 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់
ដោយ:
​ទោះ​ស្ថិតក្នុង​វ័យ​៩០​ប្លាយ លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ អាច​ជិះ​កង់​បាន​រហូតដល់ ១១​គីឡូម៉ែត្រ​ឯណោះ​។ ទង្វើ​របស់​មេដឹកនាំ​ចាស់វស្សា​រូបនេះ ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​ភ្ញាក់ផ្អើល​ជាខ្លាំង និង​ថែមទាំង​លាន់មាត់​សរសើរ​ពី​សុខភាព​លោក​ផងដែរ​។

 
​បង្ហោះ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃទី​១៧ ខែសីហា លោក មហា​ធៀ បញ្ជាក់ថា​៖«​ព្រឹក​នេះ យើង​មានឱកាស​ធាក់​កង់​ចម្ងាយ​ជិត ១១​គីឡូម៉ែត្រ​។ អរគុណ​ព្រះ​ជា​ម្ចាស់ វា​មាន​អារម្មណ៍​ស្រស់ស្រាយ និង​ពោរពេញ​ដោយ​ថាមពល​»​។ 
 
​សំណេរ​របស់​មេដឹកនាំ​វ័យ ៩៤​ឆ្នាំ​រូបនេះ ក៏មាន​អមដោយ​វីដេអូ​រយៈពេល ២៣​វិនាទី​មួយ​ផងដែរ​។ ក្នុង​វីដេអូ​នេះ បង្ហាញ​ពី​ទិដ្ឋភាព​របស់លោក​នាយករដ្ឋមន្ត្រី​ធ្វើ​សកម្មភាព​ធាក់​កង់​នៅ​ជុំវិញ​ឧទ្យាន​ក្នុង​ទីក្រុង ​Putrajaya ដែល​ស្ថិតនៅ​ភាគខាងត្បូង​នៃ​រាជធានី កូ​ឡា​ឡាំ​ពួ និង​ក្រុង​ឧទ្យាន​បែប​វិទ្យាសាស្ត្រ​ឈ្មោះថា Cyberjaya ។​
 
 
​តាមរយៈ​វីដេអូ​នោះ ជាមួយ​អាវយឺត​ដៃខ្លី​ពណ៌​ទឹកប៊ិច​ចាស់ និង​ខោជើងវែង​ពណ៌​ខ្មៅ លោក មហា​ធៀ ជិះ​កង់​ពណ៌​ក្រហម ខណៈ​ពាក់មួក​សុវត្ថិភាព​ពណ៌​ក្រហម​ឈ្នូត​ពណ៌​ស​។  អំឡុងពេល​ធ្វើដំណើរ​នេះ លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ មាន​មនុស្ស​ហែហម​ប្រមាណ ១០​នាក់​។​
 
​ប៉ុន្មាន​ម៉ោង​ក្រោយ​វីដេអូ​នេះ ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម វា​មាន​អ្នក​ចុច Like ជិត​១​ម៉ឺន​ដង​ឯណោះ ទាំង​ក្នុង Facebook និង Twitter​។ អ្នកប្រើប្រាស់ Facebook ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ បាន​បញ្ចេញមតិ​លើ​វីដេអូ​នោះ​ថា លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ ជា​បុគ្គល​ជាទី​ស្រឡាញ់​បំផុត​សម្រាប់​ប្រជាជន​ម៉ាឡេស៊ី​គ្រប់រូប​។ លោក មាន​សុខ​ភាពល្អ​មាំមួន បើទោះជា​មាន​អាយុ​ច្រើន​ក៏ដោយ​ក្តី​។ 
 
​ម្យ៉ាងវិញទៀត កាលពី​ថ្ងៃទី ៩ ខែសីហា លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ បាន​បើកឡាន​ជូន​ប្រ​ធានា​ធិ​ប​តិ​ី​ឥណ្ឌូ​ណេ​ស៊ិ ចូ​កូ វី​ដូ​ដូ ពី​កន្លែង​ដែល​ប្រជុំ​ទៅកាន់​កន្លែង​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅក្នុង​ក្រុង Putrajaya ទៀតផង ។​
 
​សូមបញ្ជាក់ថា លោក មហា​ធៀ មហាម៉ាត់ កើត​នៅ​ថ្ងៃទី​១០ កក្កដា ឆ្នាំ​១៩២៥ ក្នុង​រដ្ឋ​ភាគ​ពាយព្យ នៃ​ប្រទេស​ម៉ាឡេស៊ី ដែលមាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ​។ លោក ជា​កូនពៅ​ក្នុងចំណោម​បងប្អូន​ទាំង​៩​នាក់​។ 
 
​ក្នុង​វិស័យ​នយោបាយ លោក មហា​ធៀ បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លើកដំបូង ក្នុង​ឆ្នាំ​១៩៨១ នៅ​វ័យ ៥៦​ឆ្នាំ ហើយ​ជា​នាយករដ្ឋមន្ត្រី​ទី​៤ របស់​ម៉ាឡេស៊ី​។ លោក​បាន​លាលែង​ពី​តំណែង​ក្នុង​ឆ្នាំ​២០០៣ ក្រោយពី​កាប់​អំណាច ២២​ឆ្នាំ​។ ក្រោយមក លោក មហា​ធៀ  បានសម្រេច​ចូលប្រឡូក​ក្នុង​នយោបាយ​ជាថ្មី និង​បាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទី​៧ កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​៕ 

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ​
  កង់
© រក្សាសិទ្ធិដោយ thmeythmey.com