ជាតិ
សេដ្ឋកិច្ច
មកដល់​បច្ចុប្បន្ន ជប៉ុន ផ្តល់ជំនួយ​ជាង​៣​ពាន់​លាន​ដុល្លារ ដល់​កម្ពុជា
20, Aug 2019 , 10:19 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកសម្តេច ហេង សំរិន
រូបភាពពីទំព័រហ្វេសប៊ុកសម្តេច ហេង សំរិន
​រាជរដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ជំនួយ​អភិវឌ្ឍ​ដល់​កម្ពុជា​ប្រមាណ ៣​ពាន់​លាន​ដុល្លារ បើ​គិតពី​ឆ្នាំ​១៩៩២ មកដល់​បច្ចុប្បន្ននេះ​។ ជាពិសេស ជប៉ុន ក៏បាន​ជួយ​គ្រាំទ្រ​ដល់​ការបោះឆ្នោត និង ការលើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផងដែរ​។ នេះ​បើ​ការ​ឲ្យ​ដឹង​ពី​លោក កែវ ពិសិដ្ឋ ប្រធាន​ខុទ្ទកាល័យ​របស់​សម្តេច ហេង សំរិន ក្រោយ​ជំនួប​ពិភាក្សា​រវាង​សម្ដេច និង​លោក Hidehisa Horinouchi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​។

 
​លោក កែវ ពិសិដ្ឋ អះអាងថា  សម្តេច ហេង សំរិន បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ជប៉ុន និង​ពលរដ្ឋ​ជប៉ុន ដែល​បាន​ជួយ​គាំទ្រ និង​ផ្តល់ជំនួយ​ច្រើនសន្ធឹក​សន្ធាប់​ដល់ក​ម្ពុ​ជា​រហូតមក​។ លើសពីនេះ សម្តេច បាន​កោតសរសើរ​ចំពោះ លោក Hidehisa HORINOUCHI លើ​ការបំពេញ​តួរ​នាទី​រយៈពេល​៣​ឆ្នាំ របស់លោក​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ជួយ​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន លើ​គ្រប់​វិស័យ រួមមាន ការវិនិយោគ​, ពាណិជ្ជកម្ម​, ទេសចរណ៍ ជាពិសេស​ចំណងមិត្តភាព​ការទូត កម្ពុជា ជប៉ុន កាន់តែ​រឹងមាំ​ផងដែរ​។ ហើយ​សម្តេច​បាន​អរគុណ​ជប៉ុន ដែល​បាន​ជួយ​គ្រាំទ្រ​ការកែទម្រង់​ការបោះឆ្នោត និង ការលើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​
 
​ជាការ​ឆ្លើយតប លោក Hidehisa HORINOUCHI បាន​កោតសរសើរ​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​ពង្រឹង​ដល់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ ឯកអគ្គរាជទូត​ជប៉ុន​ផុត​អាណត្តិ​បាន​អះអាងថា បេសកម្ម​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​ទទួលបាន​ជោគជ័យ ដែល​លោក​បាន​ជំរុញ​ឲ្យ​ប្រទេស​ទាំងពីរ ក្លាយជា ភាពជា​ដៃគូ​យុទ្ធសាស្ត្រ តាមរយៈ​ការជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ទស្សន​កិច្ច​រវាង​ថា្នក់​ដឹកនាំ រហូតដល់​មន្ត្រី​ថ្នាក់ក្រោម​របស់​ប្រទេស​ទាំងពីរ​។ តាម​ការ​ឲ្យ​ដឹង​របស់លោក កែវ ពិសិដ្ឋ​។ 
 
​លោក Hidehisa HORINOUCHI  ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច ហេង សំរិន ដែល​បាន​គាំទ្រ​ដល់​បេសកកម្ម​ការទូត​របស់​ខ្លួន​នៅ​កម្ពុជា ដោយ​សម្តេច​បាន​ជំរុញ​ឲ្យ​រដ្ឋសភា​កម្ពុជា​និង​ជប៉ុន បានការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​។​
 
​លោក កែវ ពិសិដ្ឋ បន្តថា សម្តេច​ក៏បាន​ស្នើសុំ​ប្រទេស​ជប៉ុន បន្ត​ជួយ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​បន្ថែមទៀត ជាពិសេស​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការកសាង​សមត្ថភាព​ដល់​យុវជន​កម្ពុជា ដើម្បីឱ្យ​កម្ពុជា​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីក​ចម្រើនប​ន្តែ​ម​ទៀត​នាពេលខាងមុខ​៕ 

Tag:
 កម្ពុជា​
  ជប៉ុន​
  ជំនួយ​
© រក្សាសិទ្ធិដោយ thmeythmey.com