កីឡាជាតិ
ជាតិ
តេ​ក្វាន់​ដូ ITF រំពឹង​បំបែក​កំណត់ត្រា​ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប៊ុលហ្គារី​
21, Aug 2019 , 9:19 am        
រូបភាព
ដោយ:
​កីឡាករ​កីឡាការិនី​តេ​ក្វាន់​ដូ ITF កម្ពុជា​កំពុង​ហ្វឹកហាត់​យ៉ាងសកម្ម នៅ​ទីលាន​ក្នុង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​សម្រាប់​ត្រៀម​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ប៊ុលហ្គារី នា​ចុងខែ​សីហា​នេះ​។ លោក បួនហ៊ីង​ សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​សង្កេតឃើញថា សមត្ថភាព​អត្ត​ព​លិ​កមាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​បើ​ធៀប​នឹង​ការចូលរួម​លើក​មុន ហើយ​លោក​រំពឹងថា កម្ពុជា​នឹង​អាច​បំបែក​កំណត់ត្រា​ចាស់​របស់ខ្លួន​សម្រាប់​ការចូលរួម​លើក​នេះ​។ កម្ពុជា​នឹង​បញ្ជូន​អត្ត​ព​លិ​ក​១៧​រូប​ឲ្យ​ចូលរួម ដោយ​ពួកគេ​លេង​គ្រប់​វិញ្ញាសា​។​

 
 
​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​លោក បួនហ៊ីង ​សុធី​យ៉ា ហាក់​មាន​ជំនឿ​ចិត្ត​ខ្ពស់​លើ​សមត្ថភាព​អត្ត​ព​លិ​ក​ក្នុង​ការកសាង​កំណត់ត្រា​ថ្មី​ជូន​កម្ពុជា​តាមរយៈ​ការ​ឈ្នះ​មេដាយមាស​ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក ដែល​រៀបចំ​នៅ​ប្រទេស​ប៊ុលហ្គារី ចន្លោះ​ពីថ្ងៃ​ទី​២៤-៣០ ខែសីហា ឆ្នាំ​២០១៩​។ កត្តា ដែល​ធ្វើ​ឲ្យ លោក​រំពឹង​បែបនេះ បន្ទាប់ពី​លោក​សង្កេតឃើញថា សមត្ថភាព​អត្ត​ព​លិ​កមាន​ការរីកចម្រើន​ខ្លាំង បើ​ធៀប​នឹង​ការចូលរួម​កន្លងមក​។   
 
​ពេល​សួរ​ពី​សមត្ថភាព​របស់​អត្ត​ព​លិ​កលោក បួនហ៊ីង ​សុធី​យ៉ា បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ចំពោះ​សមត្ថភាព​កីឡាករ​កីឡាការិនី គឺ​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​យើង​ឃើញថា កម្រិត​កើនឡើង​ជាង​មុន ព្រោះ​ចាប់តាំងពី​ឆ្នាំ​២០១៧​ដល់​បច្ចុប្បន្ន​កម្រិតរ​បស់​គាត់​ខ្ពស់ជាង​មុន មានន័យថា ពីមុន​គេ​មិន​ស្គាល់​កម្ពុជា​នោះទេ តែ​ឥឡូវ​គេ​ស្គាល់​កម្ពុជា​ថា ជា​ប្រទេសមួយ​ដែល​ពិបាក​ក្នុងការ​យកឈ្នះ​»​។​
 
​កម្ពុជា​ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​បាន​៦​លើក​រួចមកហើយ តែ​មិន​ធ្លាប់​ដណ្តើមបាន​មេដាយមាស​នោះទេ ពោលគឺ​បានត្រឹមតែ​មេដាយប្រាក់​និង​សំរឹទ្ធ​តែប៉ុណ្ណោះ​។ ជាមួយ​ការអះអាង​ត្រៀមខ្លួន​បានល្អ​១០០​ភាគយ អគ្គលេខាធិការ​រូបនេះ​បានបង្ហាញ​ក្តី​រំពឹង​យ៉ាង​ដូច្នេះ​ថា​៖«​តាមរយៈ​ការខិតខំ​ហ្វឹកហាត់​របស់​កីឡាករ និង​ចំណុច​ពិសេស​មួយចំនួន យើង​រំពឹងថា យើង​ប្រហែលជា​អាច​បំបែក​កំណត់ត្រា​យក​មេដាយមាស តែ​យើង​អត់​ទាន់​ហ៊ាន​ធានាថា​អាចធ្វើ​បាន​នោះទេ​។ ប៉ុន្តែ​អ្វី ដែល​យើង​ចង់បាន​បំផុត គឺ​ក្នុងចំណោម​មេ​ដាម​មាស ប្រាក់ សំរឹទ្ធ មួយណា​ក៏បាន​។ តែ​មហិច្ឆតា​យើង គឺ​ចង់​បំបែក​ឯកទត្ត​កម្ម​ចាស់ ព្រោះ​យើង​ធ្លាប់​ទទួលបាន​មេដាយប្រាក់ ដូច្នេះ​យើង​នឹង​ប្រឹងប្រែង​ធ្វើយ៉ាងណា​ឲ្យ​បាន​មេដាយមាស​»​។​


 
​កត្តា​ធ្វើដំណើរ ចំណីអាហារ និង​អាកាសធាតុ ត្រូវបាន​លោក បួនហ៊ីង ​សុធី​យ៉ា ចាត់ទុកជា​បញ្ហា​ប្រឈម​របស់​អត្ត​ព​លិ​ក​កម្ពុជា​សម្រាប់​ការប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ប៊ុលហ្គារី​នេះ​។ យ៉ាងហោច កម្ពុជា ត្រូវ​ចំណាយពេល​២​ថ្ងៃ ដើម្បី​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ប៊ុលហ្គារី​។ បើ​អត្ត​ព​លិ​ក​កម្ពុជា​មិនអាច​ជម្នះ​បញ្ហា​នេះ​បានទេ វា​នឹងធ្វើ​ឲ្យ​សមត្ថភាព​និង​បច្ចេកទេស​របស់​ពួកគេ​ធ្លាក់ចុះ​។ 
 
​អគ្គលេខាធិការ​ខាងលើ​បាន​បន្ថែមថា​៖«​ក្នុងនាម​ខ្ញុំ​ជា​អគ្គលេខាធិការ​ផង​និង​ជា​គ្រូបង្វឹក​ផង ខ្ញុំ​បាន​ត្រៀម​រួចហើយ ទី​១.​យើង​មាន​គោលការណ៍​ធ្វើ​ឲ្យ​គាត់​ស៊ាំ​ជាមួយ​អាកាសធាតុ​ត្រជាក់ ហើយ​ទី​២.​ប្រហែលជា​យើង​ផ្តល់យោបល់​ឲ្យ​កីឡាករ​កីឡាការិនី​យើង​នាំយក​ម្ហូបអាហារ​មួយចំនួន​ទៅតាម​ខ្លួន ដើម្បី​ជួយ​បង្កើន​រសជាតិ​នៃ​អាហារ ព្រោះ​រសជាតិ​អាហារ​របស់​កីឡាករ​កម្ពុជា​យើង ខុសពី​អាហារ​នៅ​អឺរ៉ុប​»​។ 
 
​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​នឹង​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន​១៧​រូប​(​ស្រី​២​រូប​)​ឲ្យ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ប៊ុលហ្គារី​លើក​នេះ ដោយ​អត្ត​ព​លិ​ក​កម្ពុជា​នឹង​ប្រកួត​គ្រប់​វិញ្ញាសា​។ ក្នុងចំណោម​វិញ្ញាសា​ទាំង​អស់លោក បួនហ៊ីង ​សុធី​យ៉ា រំពឹង​ខ្ពស់​លើ​វិញ្ញាសា​បំបែក​ក្តា​(Power Breaking) ការបង្ហាញ​ស្នៀត​ពិសេស​(Special Technical) និង​សម្តែង​មេគុណ​។​
 
​ការចូលរួម​នេះ ដោយ​ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស (Khmer Beverages) ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(CAMSOC)៕

Tag:
 តេ​ក្វាន់​ដូ ITF
  ប៊ុលហ្គារី​
  បួង​ហ៊ីង សុធី​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com