សង្គមអន្តរជាតិ​
អន្តរជាតិ
​យុវជន​បារាំង​កាន់តែច្រើន​ចូលរួម​ក្នុង​យុទ្ធនា​ការប្រមូល​កន្ទុយ​បារី​ដាក់​ដប
20, Aug 2019 , 10:59 pm        
រូបភាព
ដោយ: ធីតា
​ផ្តួចផ្តើមឡើង​កាលពី​ថ្ងៃទី​៣១ ខែកក្កដា យុទ្ធនាការ #FillTheBottle (​ដែល​មានន័យថា បំពេញ​ដប​) កំពុង​មានការ​ផុសផុល​យ៉ាងខ្លាំង​ក្នុងចំណោម​យុវជន​បារាំង និង​យុវជន​ផ្សេងទៀត​នៅលើ​ពិភពលោក​ដែល​ស្រឡាញ់​បរិស្ថាន និង​លុបបំបាត់​ការជក់បារី​។ យុទ្ធនាការ​នេះ តម្រូវ​ឲ្យ​អ្នកចូលរួម​ទាំងអស់​ប្រមូល​កន្ទុយបារី ដាក់​ឲ្យ​ពេញ​ដប ហើយ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម រួមទាំង​សរសេរ​សារ​ព្រមាន​អ្នក​ដែល​និយម​ជក់បារី​។​

 
​យុវជន​បារាំង​ម្នាក់​ឈ្មោះ Amel Talha បានចាប់ផ្តើម​យុទ្ធនាការ #FillTheBottle ដោយ​ផ្ញើ​រូបថត​ដប​ពេញ​ដោយ​កន្ទុយបារី ទៅកាន់​មិត្តភក្តិ​ម្នាក់​ឈ្មោះ Jason Prince​។ បន្ទាប់មក​មានការ​អនុវត្ត​តៗ​គ្នា តាមរយៈ​បណ្តាញ​សង្គម Twitter និង​ហ្វេ​ស​ប៊ុ​ក​។​
 
​យោងតាម​ការផ្សាយ​រប​ស់ Huffington Post យុវជន​ជាច្រើន បាន​យល់ដឹង​សារ​អប់រំ​នេះ ហើយ​ពួកគេ​បាន​ចូលរួម​ជា​បន្តបន្ទាប់ ពោលគឺ​មិន​ត្រឹមតែ​យុវជន​បារាំង​នោះឡើយ​។ នៅ​កម្ពុជា យុវជន​មួយក្រុម​ក៏បាន​ធ្វើ​យុទ្ធនាការ​ស្រដៀង​គ្នា​នេះ នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ​។​


 
​កន្ទុយបារី​ភាគច្រើន មាននៅ​តំបន់​ឆ្នេរសមុទ្រ និង​ទីក្រុង​តូចៗ​។ ដោយ​អ្នកខ្លះ​ប្រជែង​គ្នា ដាក់​កន្ទុយបារី​ឲ្យ​ពេញ​ក្នុង​ដប​ចំណុះ​១​លីត្រ​ក្នុង​រយៈពេល​ត្រឹម​២០​នាទី​។ សកម្មភាព​បែបនេះ ក៏​មានការ​ផុសផុល​នៅ​ប៊ុលហ្គារី ស្វី​ស អាហ្វ្រិក​ខាងត្បូង និង​តា​ហ៊ី​ទី ផងដែរ​។​
 
​អ្នក​បរិស្ថាន​បាន​កោតសរសើរ​ចំពោះ​គំនិត​ផ្តួចផ្តើម #FillTheBottle ដែល​ជំរុញ​ឲ្យ​មនុស្ស​ទាំងអស់​ចូលរួម​ថែរក្សា​ភពផែនដី ក៏ដូចជា​សារ​ព្រមាន​សម្រាប់​អ្នក​ជក់បារី ដែល​ប្រឈម​ចំពោះ​បញ្ហា​សុខភាព​៕
 





© រក្សាសិទ្ធិដោយ thmeythmey.com