ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បាក់ឌុប
ឳ​ពុក​ម្ដាយ​សិស្ស​ចោល​ការងារ​នៅផ្ទះ កំដរ​កូន​មក​ប្រឡង​បាក់​ឌុប​
20, Aug 2019 , 7:59 pm        
រូបភាព
​សៀមរាប​៖ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប ឆ្នាំ​២០១៩​នេះ ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​១៩ និង​២០ សីហា​។ សម្រាប់​ឆ្នាំនេះ មាន​បេក្ខជន​ប្រឡង​បាក់​ឌុប​សរុប​ចំនួន​ជាង ១១៩​ពាន់​នាក់ ក្នុងនោះ​មាន​មណ្ឌល​ប្រឡង​ចំនួន​២០២​។ ដូច​ឆ្នាំមុនៗ​ដែរ ក្រសួង​បាន​រិត​បន្ដឹង​ការប្រឡង បើទោះជា​ឆ្នាំនេះ​គ្មាន​អ្នកសង្កេតការណ៍​ពី​ខាងក្រៅ​ក្ដី​។ រាល់​ការប្រឡង​ម្ដងៗ អាណាព្យាបាល​សិស្ស​បានបង្ហាញ​វត្ត​មាននៅ​ជិត​មណ្ឌល​ប្រឡង​ជានិច្ច ដ្បិត​មិនបាន​ជួយ​អ្វី​ដល់​កូន​ក៏ដោយ តែ​វា​ជា​កម្លាំងចិត្ត​មួយ​ដ៏​ធំ​សម្រាប់​កូនៗ​ពួកគេ​ផងដែរ​។ អាណាព្យាបាល​ទាំងនោះ បាន​លះបង់​ពេលវេលា​ធ្វើការ​របស់ខ្លួន ដើម្បី​កំដរ​និង​លើកទឹកចិត្ត​ដល់​កូន​ពេល​មក​ប្រឡង​បាក់​ឌុប​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖



 
​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​ឆ្នាំ​២០១៩​នេះ កំពុង​ដំណើរ​ទៅមុខ​។ បេក្ខជន​ដែលមាន​ឈ្មោះ​ប្រឡង​នៅ​ឆ្នាំនេះ សរុប​ចំនួន ១១៩,២១៧ នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ២០២ ដោយ​ក្នុងនោះ​មណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ដ្រ​មាន​ចំនួន ៧៥ និង​ថ្នាក់​វិទ្យាសាស្ដ្រ​សង្គម​ចំនួន ១២៧​មណ្ឌល​។​
 
​ដូច​រាល់ដង អាណាព្យាបាល​សិស្ស​មកពី​ទីជិត​ឆ្ងាយ បានបង្ហាញ​វត្តមាន​នៅតាម​មណ្ឌល​ប្រឡង​នានា ដើម្បី​ចង់ដឹង​សុខទុក្ខ​ពេល​កូន​ប្រឡង​។ ពួកគាត់​បាន​ចោលការ​ងារ​និង​របរ​រកស៊ី​ទទួលទាន​ផ្សេងៗ ដើម្បី​ចង់ឃើញ​ទឹកមុខ​កូន​ពេល​ចេញពី​ប្រឡង និង​ជាការ​ផ្តល់​កម្លាំងចិត្ត​ដល់​កូន​ខ្លួន​ដែរ​។​
 
​នៅ​បរិវេណ​មុខ​វិទ្យាល័យ​១០​មករា ឆ្នាំ​១៩៧៩ ខេត្តសៀមរាប ពេល​ជិត​ដល់​ម៉ោង​បញ្ចប់​ការប្រឡង​ថ្ងៃទី​១ អាណាព្យាបាល​របស់​សិស្ស​ជាច្រើន​កំពុង​រង់ចាំ​កូន​ចេញពី​ប្រឡង​ដោយ​ភាព​អន្ទះសា​។ អន្ទះសា​ចង់ដឹង​ពី​ការរៀបរាប់​របស់​កូន លើ​កិច្ច​ការប្រឡង​។​


 
​អ្នកស្រី ស៊ុន តឿន បានបង្ហាញ​កាយវិការ​អង្គុយ​ផង​ឈរ​ផង នៅ​អែប​របង​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែល​នៅ​ពីមុខ​មណ្ឌល​ប្រឡង​ដែល​កូន​អ្នកស្រី​កំពុង​ប្រឡង​។ អ្នកស្រី តឿន បាន​ជូន​កូនស្រី​ទី​២​របស់ខ្លួន​មក​ប្រឡង​តាំងពីព្រឹក​មក ដោយ​មិនបាន​ទៅ​លក់ដូរ​ដូច​សព្វដង​ទេ​។ ស្ដ្រី​វ័យ​ជាង​៤០​ឆ្នាំ​រូបនេះ​មានរ​បរជា​អ្នកលក់​ភេសជ្ជៈ​តាម​បេនឡាន និង​បាន​ផ្អាក​ការលក់​រយៈពេល​២​ថ្ងៃ ដើម្បី​ជូន​កូន​មក​ប្រឡង​។ អ្នកស្រី​បន្ថែមថា​៖« ត្រូវ​លះបង់​ពេល​នៅ​បេនឡាន​២​ថ្ងៃនេះ ត្រូវ​ឈប់​ជូន​កូន​មក​សាលា លើកទឹកចិត្ត​កូន ដើម្បី​បំពេញ​បំណង​របស់​កូន​ដែល​យើង​បាន​ជួយ​វា​កន្លងមក​។ កន្លងមក ប្រឹង​លក់ដូរ​តាម​បេនឡាន​ដើម្បី​យកលុយ​ឱ្យ​កូន​រៀន ពី​ថ្នាក់​ទី​១​ដល់​១២ មិន​ស្រួល​ទេ ត្រឹម​កូន​រៀន​មិនមាន​អ្វី​សល់​ទេ​...»​។​
 
​ដ្បិត​មិនទាន់​ដឹង​ពី​លទ្ធផល​ប្រឡង​របស់​កូន​ក៏ពិតមែន តែ​អ្នកស្រី តឿន ប្រាប់​ខ្លួនឯង​រួចទៅហើយ​ថា នឹង​ពុះពារ​ឱ្យ​កូន​រៀន​បន្ត​រហូត​ទាល់តែ​ចប់ ព្រោះ​អ្នកស្រី​មិន​ចង់ឱ្យ​កូន​លំបាក​ដូច​ខ្លួន គឺ​ចង់​ឱ្យគេ​មាន​អនាគត​ភ្លឺស្វាង​នៅក្នុង​សង្គម​។​


 
​កំពុង​អង្គុយ​លើ​ម៉ូតូ​ដែល​ចត​នៅ​មួយកន្លែង​មុខ​មណ្ឌល​ប្រឡង អ្នកស្រី ម៉ាប់ មកពី​កំពង់ក្ដី ស្រុក​ជីក្រែង ព្រំប្រទល់​ជាប់​ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​នាំ​កូនស្រី​ច្បង​អ្នកស្រី​មក​ប្រឡង​នៅ​ទី​រួម​ខេត្តសៀមរាប​។ និយាយ​ដោយ​ទឹកមុខ​រីករាយ អ្នកស្រី​ថា​ពិតជា​រំភើប​ណាស់​ដែល​បានកូន​ប្រឡង​បាក់​ឌុប​នឹង​គេ​ឆ្នាំនេះ​។ ត្រឹម​ជា​កសិករ​ម្នាក់ អ្នកស្រី​ម៉ាប់ ប្រាប់ថា អ្នកស្រី​មាន​មោទកភាព​ដែល​ខំប្រឹងប្រែង​បានកូន​រៀន​ថ្នាក់ខ្ពស់​ហ្នឹង​គេឯង ហើយ​តាមរយៈ​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន អ្នកស្រី​ក៏បាន​ជូនពរ​កូន​ដែល​កំពុង​ប្រឡង​ឱ្យ​ប្រឡង​ជាប់​ផងដែរ​។ អ្នកស្រី​សង្ឃឹមថា កូន​អ្នកស្រី​នឹង​ក្លាយជា​ក្មេង​ល្អ​ម្នាក់ និង​ជា​ធនធាន​សង្គម​ម្នាក់​នាពេល​អនាគត​តាម​ការប៉ង​ប្រាថ្នា​របស់​ខ្លួន​។ 
 
​ងាក​ទៅ​លោក ឃាន់ វិញ​ដែល​កំពុង​អង្គុយ​លើ​ម៉ូតូ​និង​មាន​មួកសុវត្ថិភាព​ជាស្រេច​នៅ​នឹង​កន្ដ្រក ចាំ​កូន​ពេល​ចេញពី​មណ្ឌល​ប្រឡង ក៏​បង្ហាញ​ចិត្ត​សប្បាយរីករាយ​ទៅនឹង​កូន​របស់លោក​ដែល​បាន​ប្រឡង​ឆ្នាំ​នេះដែរ​។ លោក ឃាន់ បានឃើញ​ពី​សមត្ថភាព​កូន​ខ្លួន​បាន​ខ្លះៗ​ហើយ ហើយ​លោក​ជឿថា​កូនស្រី​លោក​នឹង​ប្រឡង​ជាប់​។ ដ្បិត​រវល់​នឹង​ការងារ​ស្រែចម្ការ​នា​រដូវ​នេះ​ក៏ដោយ តែ​ក្នុងនាម​ជា​ឪពុក លោក ឃាន់ បាន​ឆ្លៀតពេល​ពី​ការ​ភ្ជួរស្រែ​ដើម្បី​ជូន​និង​មក​ទទួល​កូន​ពី​ប្រឡង​បាក់​ឌុប​។​


 
​លោក​បានបង្ហាញ​អារម្មណ៍​ផ្ទាល់​យ៉ាង​ដូច្នេះ​ថា​៖​ ជា​ឪពុក​មួយរូប មាន​មោ​នកភាព​ដែលមាន​កូន​ប្រឡង ព្រោះ​ខ្ញុំ​អត់​បាន​រៀន ចេញពី​សម័យ ប៉ុល ពត​មក មានតែ​ម្ដាយ​... អត់​បាន​រៀន តែ​ពេលនេះ​ប្រឹង​ឱ្យ​កូន​រៀន កុំឱ្យ​អត់​ដូច​សម័យ​យើង ពេល​អត់​ចេះ​អ៊ីចឹង​វា​យ៉ាប់ ចង់ទៅ​ណា​ក៏​ពិបាក​...​តាម​បំណង​កូន គេ​ចង់​រៀន​ពេទ្យ តែ​ខ្ញុំ​មិនទាន់​ដឹង​យ៉ាងណាទេ​»​។ 
 
​លោក គឹម កប ចោលការ​ងារ​នៅ​ភូមិ​សសរស្ដម្ភ ស្រុក​ពួក ជូន​កូនស្រី​មក​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប​នៅ​វិទ្យាល័យ ១០​មករា​។ ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន បុរស​វ័យ​ជាង​៤០​រូបនេះ​រៀបរាប់ថា លោក​មាន​អារម្មណ៍​ភ័យ​ផង​អរ​ផង​ជំនួស​កូន​ដែល​កំពុង​ប្រឡង តែ​យ៉ាងណា​លោក​មាន​មោទកភាព​ជាខ្លាំង ពេល​ការតស៊ូ​របស់លោក​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​។ ជោគជ័យ​របស់​បុរស​ម្នាក់នេះ គឺ​បានកូន​ប្រឡង​បាក់​ឌុប​ចំនួន​២​នាក់ ជំនួស​អ្វីដែល​លោក​មិន​ធ្លាប់មាន​ក្នុង​ជីវិត​។ លោក​ពន្យល់ថា​៖«​ដោយសារ​គ្រួសារ​ខ្ញុំ​អត់​ចេះ​សោះ​រឿង​អក្សរ​...​កើត​ក្នុងសម័យ​គេ​រៀន​ហើយ គឺ​ឱ្យ​កូន​រៀន ធ្វើ​ម៉េច​ឱ្យ​វា​ចេះ​ផ្តល់​អនាគត​ឱ្យ​វា​...​ជា​អាណាព្យាបាល​ចង់ឱ្យ​កូន​បាន​រៀន​ខ្ពង់ខ្ពស់​ទាំងអស់ តែ​ក៏​អាស្រ័យ​លើ​ពួកគេ​ដែរ តែ​សម្រាប់​ខ្ញុំ​មិនដែល​ឱ្យ​កូន​ឈប់រៀន​ឡើយ​...»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com