ជាតិ
បាក់ឌុប
បាក់ឌុប៖ បេក្ខជនអវត្តមាន១៨៣៨នាក់ បញ្ហាសុខភាព១៥២ករណី និងប្រព្រឹត្តខុស២ករណី
× ភ្នំពេញ៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា (បាក់ឌុប) បានបញ្ចប់ទៅដោយរលូន រីឯភាពមិនប្រក្រតីក៏មិនមានករណីធំដុំគួរឲ្យកត់សម្គាល់នោះដែរ។ នេះបើតាមការអះអាងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រោយបញ្ចប់ដំណើរការប្រឡងរយៈពេល២ថ្ងៃពេញ។
ក្នុងចំណោមបេក្ខជនដែលបានចុះឈ្មោះប្រឡងសរុប ១១៧ ០៤៣នាក់ (ស្រី ៦០ ៤២៧នាក់) នៅមណ្ឌលចំនួន២០២ទូទាំងប្រទេស មានបេក្ខជន ១៨៣៨នាក់អវត្តមាន ក្នុងនោះស្រី ៦៩៦នាក់។ ចំនួនអវត្តមានត្រូវជា ១.៥៧ភាគរយនៃចំនួនបេក្ខជនដែលបានចុះឈ្មោះប្រឡង។
ដំណើរកចំនួនពីរថ្ងៃនៃការថ្ងៃប្រឡងនេះ មានបេក្ខជនជួបបញ្ហាសុខភាពចំនួន១៥២ករណី ដោយភាគច្រើនបន្តដំណើរការប្រឡងបានក្រោយការសង្គ្រោះបឋម ដោយលើកលែង១១ករណី ដែលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ហើយមិនអាចបន្តការប្រឡងបាន។
ថ្វីដ្បិតការប្រឡងប្រព្រឹត្តទៅយ៉ាងរលូន ដែលមិនមានអ្វីដែលគួរឲ្យកត់សម្គាល់ តែនៅតែមានករណីបេក្ខជនយកទូរសព្ទ និងយកសំណៅឯកសារចូលក្នុងបន្ទប់ប្រឡង ដែលនាំឲ្យបេក្ខជន២រូបធ្លាក់ដោយស្វ័យប្រវត្តិ។ រីឯបញ្ហាអាកាសធាតុ ក៏មិនបានរំខានដល់ដំណើរការប្រឡងនោះដែរ។
ក្រសួងបានរំលឹកផងដែរថា ដំណើរការប្រឡងនេះ មានការចូលរួមពីមន្ត្រីអប់រំប្រមាណ២ម៉ឺននាក់ គរុសិស្ស-និស្សិតជិត២៥០០នាក់ ភាគីពាក់ព័ន្ធជាង២០០០នាក់ និងកម្លាំងសមត្ថកិច្ចប្រមាណ១០ ០០០នាក់។
សូមបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រកាសនៅថ្ងៃទី១០ ខែកញ្ញា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រាប់បណ្តាខេត្តឆ្ងាយៗ នឹងប្រកាសនៅថ្ងៃទី១១ ខែកញ្ញា៕
Tag:
ប្រឡង
បាក់ឌុប
បេក្ខជន
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com