អន្តរជាតិ
ជំងឺគ្រុនឈាមរាលដាលខ្លាំងនៅហ្វីលីពីន ខណៈអ្នកស្លាប់មានជាង៨០០នាក់
×
ដោយ៖ ឈួន ឈីវអ៊ីង
ករណីជំងឺគ្រុនឈាមនៅហ្វីលីពីនរយៈពេលប្រាំបីខែកន្លងមកក្នុងឆ្នាំ២០១៩ បានកើនឡើងដល់ទៅជាង ១៨៨,០០០ ករណី ដែលក្នុងនោះមាន៨០៧នាក់ ត្រូវបានបាត់បង់ជីវិត។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលហ្វីលីពីននៅថ្ងៃទី២០ ខែសីហា។
ក្រសួងសុខាភិបាលហ្វីលីពីន បានបូកសរុបចំនួនករណីជំងឺគ្រុនឈាមក្នុងប្រទេសចាប់តាំងពី ថ្ងៃទី១ មករា រហូតដល់ថ្ងៃទី៣ សីហា ខណៈជំងឺនេះកំពុងរវាយលុកខ្លាំង។ យោងតាមរបាយការណ៍អង្កេតរបស់ខ្លួន ត្រឹម៨ខែប៉ុណ្ណោះ ករណីជំងឺគ្រុនឈាមមានដល់ទៅ ១៨៨,៥៦២ ករណី។ ទិន្នន័យនេះកើនឡើងពីរដងនៃទិន្នន័យកាលពីឆ្នាំ២០១៨ ដែលស្មើនឹង ៩៣,១៤៩ ក្នុងរយៈពេលដូចគ្នា។
ទិន្នន័យបានបង្ហាញថា អ្នកជម្ងឺគ្រុនឈាមភាគច្រើនជាកុមារមានអាយុចាប់ពី ៥ទៅ៩ឆ្នាំ ដែលមានចំនួន៤៣,០៤៧នាក់។ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោក Eric Domingo បាននិយាយថា ករណីគ្រុនឈាមនៅតែបន្តកើនឡើង ហើយលោកក៏បានអំពាវនាវដល់ប្រជាជនហ្វីលីពីនឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបោសសម្អាត និងបំផ្លាញជម្រកសត្វមូស។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ។
ក្រសួងសុខាភិបាលហ្វីលីពីនក៏ព្រមានដែរថា ជំងឺនេះនឹងបន្តកើតឡើងរហូតដល់ ខែតុលា ដោយសារតែជារដូវភ្លៀង។ គ្រុនឈាម គឺឆ្លងតាមរយៈមូសខ្លាញីខាំ ដែលរកឃើញនៅក្នុងប្រទេសនៃតំបន់ត្រូពិច។ វាអាចធ្វើឲ្យមានអាការៈ ឈឺសន្លាក់, ក្អួតចង្អោរ,មានកន្ទួលលើស្បែក ហើយអាចបង្កឲ្យមានបញ្ហាផ្លូវដង្ហើម និងធ្វើឲ្យសរីរាង្គចុះខ្សោយក្នុងករណីធ្ងន់ធ្ងរ។
អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ជំងឺគ្រុនឈាមកើនឡើងយ៉ាងខ្លាំងនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ គឺកើនឡើង៣០ដង ក្នុងរយៈពេល៥០ឆ្នាំ។ ជំងឺគ្រុនឈាមនៅមិនទាន់មានវិធីព្យាបាលច្បាស់លាស់នៅឡើយ ប៉ុន្តែការដឹងភ្លាមៗហើយទទួលបានការថែទាំអាចជួយកាត់បន្ថយអាត្រាមរណភាពឲ្យឋិតនៅក្រោមមួយភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com