ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប៉េកាំង​គាំទ្រ​ចំណាត់ការ​សម្តេច ហ៊ុន សែន លើ​ការឈប់​ផ្តល់​អាជ្ញា​បណ្ណ​ហ្គេម​អន​ឡាញ​
21, Aug 2019 , 12:05 pm        
រូបភាព
លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេស​ចិន នា​សន្និសីទសារព័ត៌មាន​កាលពី​ថ្ងៃទី​២០ ខែសីហា។ រូបថត ក្រសួងការបរទេសចិន
លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេស​ចិន នា​សន្និសីទសារព័ត៌មាន​កាលពី​ថ្ងៃទី​២០ ខែសីហា។ រូបថត ក្រសួងការបរទេសចិន
ដោយ: រួបរួម
អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នា​សន្និសីទកាសែត កាលពី​ថ្ងៃទី​២០ ខែសីហា ថា រដ្ឋាភិបាល​លោក​គាំទ្រ​ចំណាត់ការ​សម​ភាគី​កម្ពុជា លើ​ការបញ្ឈប់​ការផ្តល់​អាជ្ញា​បណ្ណ​ដល់​ក្រុមហ៊ុន​ល្បែង​តាម​អន​ឡាញ​គ្រប់​ប្រភេទ​។​



អត្ថបទទាក់ទង


«​យើង​ដឹង​ហើយ​ថា ហ្គេម​អន​ឡាញ​ជា​ប្រភព​ដ៏​គ្រោះថ្នាក់​មួយ​ក្នុងសង្គម​ទំនើប ហើយ​មនុស្ស​ជុំវិញ​ពិភពលោក​មិន​ចូលចិត្ត […]​។ ចិន​អបអរ​ចំណាត់ការ​កម្ពុជា​ចំពោះ​ការហាម​ប្រាម​អាជីវកម្ម​ហ្គេម​អន​ឡាញ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ការបរទេស​ចិន​។​

​ជាមួយគ្នានេះ លោក Geng Shuang រំពឹងថា ចំណាត់ការ​របស់​កម្ពុ​ជា នឹង​ការពារ​ផលប្រយោជន៍​ទាំង​ពលរដ្ឋ​កម្ពុជា និង​ចិន ហើយក៏​ជា​ផ្នែក​មួយ​ដែល​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​នៃ​ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​ទំនាក់​ទំនងជា​មិត្តភាព​ផងដែរ​។​

​លោក Geng ក៏មាន​មតិយោបល់​ដូចគ្នា​ផងដែរ​ទាក់ទង​នឹង​ចំណាត់ការ​របស់​រដ្ឋាភិបាល​ហ្វីលីពីន ស្តីពី​ការព្យួរ​អាជ្ញា​បណ្ណ​ហ្គេម​អន​ឡាញ​។ លោក​បាន​គូសបញ្ជាក់ថា ករណីនេះ នឹង​បង្កើត​នូវ​បរិយាកាស​ល្អ​សម្រាប់​ទំនាក់ទំនង​ទ្វេរ​ភាគី សន្តិភាព និង​ស្ថេរភាព​ក្នុង​តំបន់​។​

​កាលពី​ថ្ងៃទី​១៨ ខែសីហា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារាចរ​ណែនាំ ដែល​ក្នុងនោះ​សម្តេច​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​អាជីវកម្ម​ល្បែងភ្នាល់​តាម​អ៊ីនធឺណិត ដែល​គ្មាន​អាជ្ញាប័ណ្ណ និង​ហាម​ចេញ​អាជ្ញា​បណ្ណ​ថ្មី ឬ​បន្ត​អាជ្ញា​បណ្ណ ដល់​ក្រុមហ៊ុន​ល្បែង​តាម​អន​ឡាញ​គ្រប់​ប្រភេទ​។

​សារាចរ​ណែនាំ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សរសេរ​ដូច្នេះ​ថា​៖ «​ពួកឧក្រិដ្ឋជន​បរទេស​មួយចំនួន បាន​ជ្រក​ក្រោមរូបភាព​ល្បែងភ្នាល់​ប្រភេទ​នេះ ដើម្បី​បោកប្រាស់​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ ទាំង​ក្នុង​និង ក្រៅប្រទេស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ក្នុងសង្គម​»​។
 
​ក្រសួង​ពាក់ព័ន្ធ​ដែល​ត្រូវ​ដោះស្រាយ និង​ទប់ស្កាត់​បញ្ហា​ខាងលើនេះ រួមមាន​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សម្ដេច ស ខេង , រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន , រដ្ឋមន្ត្រី​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ប៊ិន ឈិន ,​មេបញ្ជាការ​កងរាជអាវុធហត្ថ ,​មេ​នគរបាលជាតិ និង​អភិបាលខេត្ត​ទាំងអស់​។​
 
​បច្ចុប្បន្ន​កម្ពុជា​មិនទាន់​មានច្បាប់​គ្រប់គ្រង​កាស៊ីណូ​នោះឡើយ​។ ប៉ុន្តែ​កម្ពុជា​បានផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​បើក​កាស៊ីណូ​ចំនួន ១៦៣​កន្លែង នៅ​ទូទាំងប្រទេស និង​កាស៊ីណូ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ និង​កំពុងដំណើរការ​អាជីវ​កម្ម​ល្បែងភ្នាល់​នៅ​ទូទាំងប្រទេស មាន​ចំនួន ៥៣​កន្លែង​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​នាយដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​
 
 កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ ជនជាតិ​ចិន​១៨០​នាក់ ត្រូវបាន​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន ពាក់ព័ន្ធ​បទល្មើស​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត Voice Over Internet Protocol (VOIP)​។ បើ​គិត​ចាប់តាំងពី​ឆ្នាំ ២០១៤ មកដល់​ខែកក្កដា ឆ្នាំ​២០១៩ នេះ អាជ្ញាធរ​កម្ពុជា បាន​បណ្ដេញ​ជនល្មើស​ជ​ន​ជាតិចិន​ប្រមាណ ២, ៧០០​នាក់​ហើយ ចេញពី​កម្ពុជា​៕



Tag:
 ហ្គេមអនឡាញ
© រក្សាសិទ្ធិដោយ thmeythmey.com