អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ឌូទើតេ បញ្ជានាវាបរទេសឲ្យសុំការអនុញ្ញាត មុនចូលដែនទឹកហ្វីលីពីន លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (ប្រភពរូប៖ AFP)
× ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានដាក់ចេញបញ្ជាយ៉ាងម៉ឹងម៉ាត់ថា ចាប់ពីថ្ងៃអង្គារ ទី២០ សីហាតទៅ រាល់នាវាបរទេសដែលមានបំណងធ្វើដំណើរឆ្លងកាត់ដែនទឹកហ្វីលីពីន ត្រូវផ្តល់ដំណឹងដល់អាជ្ញាធរក្រុងម៉ានីល និងទទួលការអនុញ្ញាតជាមុនសិន ទើបអាចឆ្លងកាត់បាន។ ការដាក់ចេញបញ្ជាបែបនេះ ទំនងជាតម្រង់មុខព្រួញទៅយោធាចិន ដែលមានសកម្មភាពនៅក្បែរដែនសមុទ្រហ្វីលីពីនកាលពីថ្មីៗនេះ។
ជម្រើសមានពីរ! «មួយគឺថា ហ្វីលីពីន ទទួលបានការស្នើសុំក្នុងអាកប្បកិរិយាសមរម្យ ឬក៏យើង ចាត់វិធានការក្នុងអាកប្បកិរិយាមិនស្លូតបូត» ។ នេះជាការលើកឡើងរបស់លោក Salvador Panelo អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន។ សាកសួរដោយអ្នកសារព័ត៌មានថា «អាកប្បកិរិយាមិនស្លូតបូត» សំដៅលើអ្វីនោះ លោក ឆ្លើយតបវិញថា វាមានន័យថា ហ្វីលីពីន ត្រូវបញ្ឈប់នាវាចម្បាំងបរទេសទាំងនោះ ហើយប្រាប់ឲ្យពួកគេដកចេញពីដែនទឹកហ្វីលីពីន។
តាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post អ្នកនាំពាក្យរូបនេះ អះអាងថា រដ្ឋាភិបាលក្រុងម៉ានីល នឹងមិនរុញរាក្នុងការប្រើកម្លាំងយោធាឡើយ ប្រសិនបើនាវាបរទេសទាំងនោះ ឆ្លងហួសព្រំដែនកំណត់។ លោកសង្កត់ធ្ងន់ថា៖ «បើកាលៈទេសៈបង្ខំ យើងនឹងធ្វើវា»។
លោក Panelo បញ្ជាក់ទៀតថា កន្លងទៅ អាជ្ញាធរហ្វីលីពីន ទទួលដំណឹងពីការឆ្លងកាត់ម្តងហើយម្តងទៀតពីសំណាក់នាវាបរទេស ជាពិសេសនាវាចម្បាំងចិន តែក្រុងម៉ានីល បានសម្រេចរក្សាភាពអត់ធ្មត់។ យ៉ាងណាមិញ ពេលនេះ រដ្ឋាភិបាលក្រុងម៉ានីល នឹងបញ្ជាពួកគេឲ្យចេញពីដែនទឹកហ្វីលីពីន។ ម្យ៉ាងវិញទៀត បទបញ្ជាថ្មីរបស់លោកប្រធានាធិបតី ឌូទើតេ ក៏នឹងបង្ការការផ្ទុះជម្លោះជាយថាហេតុនាពេលខាងមុខផងដែរ។
មែនទែនទៅ ហ្វីលីពីន បានតវ៉ាផ្នែកការទូតជុំវិញសកម្មភាពរបស់នាវាចិន ទាំងយោធា និងនេសាទក្នុងតំបន់មួយចំនួននៃសមុទ្រចិនខាងត្បូង ដែលគ្រប់គ្រងដោយហ្វីលីពីន និងក្នុងលំហសមុទ្រខ្លួនផងដែរ។ កាលពីថ្មីៗនេះ យោធាហ្វីលីពីន បានបញ្ចេញរូបភាពដែលបង្ហាញពីនាវាចម្បាំងចិនធ្វើដំណើរទៅក្បែរកោះ Palawan និង Tawi-Tawi ចន្លោះខែកុម្ភៈ និងដើមខែសីហា។
ទាក់ទិននឹងចលនារបស់នាវាយោធាចិននេះ លោករដ្ឋមន្ត្រីការពារជាតិហ្វីលីពីន Delfin Lorenzana កាលពីសប្តាហ៍មុន បានចាត់ទុករឿងនេះជា «គួរឲ្យក្តៅក្រហាយ»។ ហើយកាលពីខែ កក្កដាកន្លងទៅ លោក Lorenzana បានបង្ហើបទៀតថា នាវាចម្បាំងចិន បានបើកឆ្លងកាត់តាមច្រកសមុទ្រ Sibutu ដែលស្ថិតនៅភាគនីរតីប្រជុំកោះហ្វីលីពីន ដោយពុំបានផ្តល់ដំណឹងដល់រដ្ឋាភិបាលក្រុងម៉ានីល។
សូមបញ្ជាក់ថា ការប្រកាសពីចំណាត់ការថ្មីនេះ ធ្វើឡើងជាងមួយសប្តាហ៍ប៉ុណ្ណោះ មុននឹងលោក ឌូទើតេ ទៅធ្វើទស្សនកិច្ចជាលើកទីប្រាំនៅប្រទេសចិន ពោលគឺចាប់ផ្តើមពីថ្ងៃទី ២៨ ខែសីហាដល់ថ្ងៃទី ៣ ខែកញ្ញា៕
Tag:
ហ្វីលីពីន
ចិន
ឌូទើតេ
© រក្សាសិទ្ធិដោយ thmeythmey.com