អន្តរជាតិ
អាមេរិក​យល់ព្រម​លក់​យន្តហោះ​ចម្បាំង F-16 ឲ្យ​តៃវ៉ាន់ ក្នុងតម្លៃ​៨​ពាន់​លាន​ដុល្លារ​
21, Aug 2019 , 3:21 pm        
រូបភាព
យន្តហោះចម្បាំងប្រភេទ the F-16
យន្តហោះចម្បាំងប្រភេទ the F-16
​ក្រសួងការបរទេស​អា​មេ​រិ​កនៅ​ថ្ងៃ​២០ ខែសីហា យល់ព្រម​លក់​យន្តហោះ​ចម្បាំង​ប្រភេទ F-16 ៦៦​គ្រឿង​អោយទៅ​កោះ​តៃវ៉ាន់​ក្នុងតម្លៃ ៨​ពាន់​លាន​ដុល្លារ​។ គម្រោង​លក់​នេះ ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ការផ្ទុះ​កំហឹង​ពី​សំណាក់​ទីក្រុង​ប៉េកាំង​មិន​ខាន​។


​ក្រសួងការបរទេស​អា​មេ​រិ​ក ប្រកាសថា កោះ​តៃវ៉ាន់​នឹង​ទទួលបាន​យន្តហោះ​ទំនើប​ចុងក្រោយ​ប្រភេទ 16C/D Block 70 ក្នុងតម្លៃ ៨​ពាន់​លាន​ដុល្លារ​។ លើសពីនេះទៅទៀត លោក​ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​បញ្ជាក់ថា ការលក់​យន្តហោះ​របស់​ក្រុមហ៊ុន​Lockheed Martin ទទួលបាន​ភ្លើង​ខៀវ បន្ទាប់ពី​សភា​យល់ព្រម​លើ​សំណើ​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP  រដ្ឋមន្ត្រី​ក្រសួងការបរទេស​និយាយថា​៖ «​សកម្មភាព​របស់​ពួកយើង គឺ​ភ្ជាប់​ជាមួយ​គោលនយោបាយ​ពី​អតីតកាល​។ យើង​អនុវត្តតាម​ការប្តេជ្ញា ដែល​យើង​បានធ្វើ​ជាមួយ​ភាគី​ទាំងអស់​»​។ 
 
​គួរ​ឲ្យ​កត់សម្គាល់ថា ការអភិវឌ្ឍ​គំរោង​ការពារ​លើ​អាកាស​របស់​តៃវ៉ាន់ គឺ​ចំ​ពេលដែល​យន្តហោះ​យោធា​ចិន តែងតែ​លួច​ចូលក្នុង​ដែនអាកាស​របស់​កោះ​តៃវ៉ាន់​។ 
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ប្រតិកម្ម​កាលពី​ថ្ងៃ​ចន្ទ​ថា ការលក់​យន្តហោះ​ឲ្យ​តៃវ៉ាន់ បាន​បំពាន​កិច្ចព្រមព្រៀង​រវាង​អាមេរិក និង​ចិន​យ៉ាងខ្លាំង ហើយ​វា​ជាការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។ បន្ថែម​ពីលើ​នេះ​ទៅទៀត លោក Geng Shuang បញ្ជាក់ទៀតថា អាមេរិក​គួរតែ​លុបចោល​ការលក់​យន្តហោះ​ប្រភេទ​នេះ​ភ្លាមៗ ហើយ​បញ្ឈប់​កិច្ចសន្យាលក់​អាវុធ និង​យោធា​ជាមួយ​តៃវ៉ាន់​ទៅ បើ​មិន​ចង់​ប្រឈមមុខ​នឹង​ផលវិបាក​ផ្សេងៗ​។ 
 
​សូមបញ្ជាក់ថា​យន្តហោះ​16C/D Block 70 គឺជា​ប្រភេទ​ចុងក្រោយ ដែល​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​Lockheed Martin ហើយ​មាន​បំពាក់អាវុធ រ៉ា​ដា និង​ឧបករណ៍​ទំនើបៗ​ជាច្រើន​ទៀត​។ តាម​ការអះអាង​របស់​ក្រុមហ៊ុន យន្តហោះ​ប្រភេទ​នេះ​អាច​ប្រើប្រាស់​រហូតដល់​ឆ្នាំ​២០៧០ ឬ​អាច​លើសពីនេះ​។ 
​ចិន​ទទួលស្គាល់​តៃវ៉ាន់​ថា​ជា​ផ្នែក​មួយ​របស់ខ្លួន​នៅក្រោម​គោលការណ៍​ចិន​តែមួយ​។ ប៉ុន្តែ​កោះ​តៃវ៉ាន់​តែងតែ​បដិសេធ
ពោលគឺ​កោះ​នេះ​មាន​ប្រព័ន្ធ​ដឹកនាំ​ផ្ទាល់ខ្លួន ហើយ​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​ជាមួយ​អាមេរិក​ថែមទៀត​៕

Tag:
 ​អាមេរិក​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com