ជាតិ
បាក់ឌុប
សង្គមជាតិ
រដ្ឋមន្ត្រី៖ គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព គឺជាមូលហេតុនៃជោគជ័យកំណែទម្រង់អប់រំ
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសពីភាពជោគជ័យនៃដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ រយៈពេលពីរថ្ងៃនេះ។ ភាពជោគជ័យនៃការកំណែទម្រង់អប់រំនេះ កើតចេញពីការអនុវត្តតាមគោលការណ៍ច្បាប់ត្រឹមត្រូវ , ភាពយុត្តិធម៌ និងតម្លាភាពនៅក្នុងការប្រឡង។ នេះបើតាមលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
មូលហេតុដែលលោក ហង់ ជួន ណារ៉ុន ហ៊ានអះអាងពីភាពជោគជ័យនៃការកំណែទម្រង់នេះ ដោយសារលោកមើលឃើញថា សិស្សដែលប្រព្រឹត្តល្មើសក្នុងការប្រឡងមានតែពីរករណីប៉ុណ្ណោះ ដូចជាការយកសំណៅឯកសារ និងទូរសព្ទចូលក្នុងបន្ទប់ប្រឡង ហើយត្រូវកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។ ចំណែកករណីបេក្ខនារីនៅសៀមរាបម្នាក់ ដែលក្រសួងសម្រេចឱ្យធ្លាក់ ព្រោះតែមកប្រឡងយឺតនោះ ក៏ជាការអនុវត្តច្បាប់ដ៏ត្រឹមត្រូវ នៃការពង្រឹងគុណភាពអប់រំដែរ។ នេះជាការយល់ឃើញរបស់រដ្ឋមន្ត្រីអប់រំ។
ជាបន្តសូមលោកអ្នកនាង ស្ដាប់ការបកស្រាយរបស់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលផ្ដល់កិច្ចសម្ភាសផ្ដាច់មុខដល់សារព័ត៌មានថ្មីៗ ដូចតទៅ៖
ក្រៅពីការរឹតបន្តឹងការប្រឡងនេះ ការបូកសរុបពិន្ទុក៏មានតម្លាភាពដែរ។ ត្រង់ចំណុចនេះលោក ហង់ ជួន ណារ៉ុន បានបញ្ជាក់ថា ក្រសួងបានបង្កើតអនុគណៈកម្មការបច្ចេកវិទ្យាមួយ សម្រាប់បូកស្រង់ពិន្ទុ និងរៀបចំមជ្ឈមណ្ឌលកុំព្យូទ័រ២ទៀតផង។ លោក ណារ៉ុន បានសង្កត់ធ្ងន់ថា រាល់វិញ្ញាសាប្រឡងណាមួយ ដែលមានសញ្ញា ឬស្លាកស្នាម បង្ហាញពីភាពមិនប្រក្រតីនោះ គឺត្រូវដាក់ចូលក្នុងគណៈកម្មការកំណែ ដើម្បីត្រួតពិនិត្យ និងវិភាគ ហើយបើរកឃើញថា ជាសញ្ញាសម្រាប់ឱ្យគ្រូកំណែដាក់ពិន្ទុនោះ គឺក្រដាសកិច្ចការបេក្ខជន នឹងទទួលបានពិន្ទុសូន្យ(០)តែម្ដង។ បើតាមរដ្ឋមន្ត្រីអប់រំ គ្រូកំណែរូបណា ដែលឃុបឃិតជាមួយសិស្ស ដោយផ្ដល់ពិន្ទុខុសវិជ្ជាជីវៈ លើក្រដាសកិច្ចការបេក្ខជនប្រឡងនោះ ក៏ត្រូវទោសតាមបទបញ្ញត្តិមន្ត្រីរាជការ និងទោសវិន័យបញ្ឈប់សកម្មភាពបង្រៀនទៀតផង៕
Tag:
ហង់ ជួន ណារ៉ុន
បាក់ឌុប ២០១៩
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com