ជាតិ
បាក់ឌុប
សង្គមជាតិ
រដ្ឋមន្ត្រី​៖ គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព គឺជា​មូលហេតុ​នៃ​ជោគជ័យ​កំណែទម្រង់​អប់រំ​
21, Aug 2019 , 3:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ពី​ភាពជោគជ័យ​នៃ​ដំណើការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ រយៈពេល​ពីរ​ថ្ងៃនេះ​។ ភាពជោគជ័យ​នៃ​ការ​កំណែទម្រង់​អប់រំ​នេះ កើតចេញពី​ការអនុវត្ត​តាម​គោលការណ៍​ច្បាប់​ត្រឹមត្រូវ , ភាពយុត្តិធម៌ និង​តម្លាភាព​នៅក្នុង​ការប្រឡង​។ នេះ​បើតាម​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។​



​មូលហេតុ​ដែល​លោក ហង់ ជួន ណា​រ៉ុ​ន ហ៊ាន​អះអាង​ពី​ភាពជោគជ័យ​នៃ​ការ​កំណែទម្រង់​នេះ ដោយសារ​លោក​មើលឃើញថា សិស្ស​ដែល​ប្រព្រឹត្តល្មើស​ក្នុងការ​ប្រឡង​មានតែ​ពីរ​ករណី​ប៉ុណ្ណោះ ដូចជា​ការយក​សំណៅ​ឯកសារ និង​ទូរ​សព្ទ​ចូលក្នុង​បន្ទប់​ប្រឡង ហើយ​ត្រូវ​កំណត់ឱ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​។ ចំណែក​ករណី​បេ​ក្ខ​នារី​នៅ​សៀមរាប​ម្នាក់ ដែល​ក្រសួង​សម្រេច​ឱ្យ​ធ្លាក់ ព្រោះតែ​មក​ប្រឡង​យឺត​នោះ ក៏​ជាការ​អនុវត្ត​ច្បាប់​ដ៏​ត្រឹមត្រូវ នៃ​ការពង្រឹង​គុណភាព​អប់រំ​ដែរ​។ នេះ​ជាការ​យល់ឃើញ​របស់រ​ដ្ឋ​មន្ត្រី​អប់រំ​។ 

ជា​បន្ត​សូម​លោកអ្នក​នាង ស្ដាប់​ការបកស្រាយ​របស់លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ផ្ដល់​កិច្ច​សម្ភាស​ផ្ដាច់មុខ​ដល់​សារព័ត៌មាន​ថ្មីៗ ដូចតទៅ​៖

​ក្រៅពី​ការ​រឹតបន្តឹង​ការប្រឡង​នេះ ការ​បូកសរុប​ពិន្ទុ​ក៏មាន​តម្លាភាព​ដែរ​។ ត្រង់ចំណុច​នេះ​លោក ហង់ ជួន ណា​រ៉ុ​ន បាន​បញ្ជាក់ថា ក្រសួង​បាន​បង្កើត​អនុគណៈកម្មការ​បច្ចេក​វិទ្យា​មួយ សម្រាប់​បូក​ស្រង់​ពិន្ទុ និង​រៀបចំ​មជ្ឈមណ្ឌល​កុំព្យូទ័រ​២​ទៀតផង​។ លោក ណា​រ៉ុ​ន បាន​សង្កត់ធ្ងន់ថា រាល់​វិញ្ញាសា​ប្រឡង​ណាមួយ ដែលមាន​សញ្ញា ឬ​ស្លាកស្នាម បង្ហាញ​ពី​ភាពមិនប្រក្រតី​នោះ គឺ​ត្រូវដាក់​ចូលក្នុង​គណៈកម្មកា​រ​កំណែ ដើម្បី​ត្រួតពិនិត្យ និង​វិភាគ ហើយ​បើ​រកឃើញថា ជា​សញ្ញា​សម្រាប់​ឱ្យ​គ្រូ​កំណែ​ដាក់ពិន្ទុ​នោះ គឺ​ក្រដាស​កិច្ចការ​បេក្ខជន នឹង​ទទួលបាន​ពិន្ទុ​សូន្យ​(០)​តែម្ដង​។ បើតាម​រដ្ឋមន្ត្រី​អប់រំ គ្រូ​កំណែ​រូប​ណា ដែល​ឃុបឃិត​ជាមួយ​សិស្ស ដោយ​ផ្ដល់​ពិន្ទុ​ខុស​វិជ្ជាជីវៈ លើ​ក្រដាស​កិច្ចការ​បេក្ខជន​ប្រឡង​នោះ ក៏ត្រូវ​ទោស​តាម​បទបញ្ញត្តិ​មន្ត្រីរាជការ និង​ទោស​វិន័យ​បញ្ឈប់​សកម្មភាព​បង្រៀន​ទៀតផង​៕
 
អត្ថបទទាក់ទង
 

Tag:
 ហង់ ជួន ណា​រ៉ុ​ន​
  បាក់​ឌុប ២០១៩
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com