ជាតិ
បាក់ឌុប
សង្គមជាតិ
ចៅហ្វាយខេត្តភាគច្រើន ប្រកាសផ្តល់ម៉ូតូ ដល់សិស្ស ដែលបាននិទ្ទេសA រូបភាព បេក្ខជនចេញពីមណ្ឌលវិទ្យាល័យបឹងត្របែក កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩
× ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ បានប្រព្រឹត្តិទៅយ៉ាងរលូន ដោយមិនមានអ្វីជាទីកត់សម្គាល់ឡើយ។ សិស្សដែលជាប់និទ្ទេសA ឆ្នាំនេះ នឹងទទូលបានរង្វាន់ជាម៉ូតូម្នាក់មួយគ្រឿង និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត ពីអភិបាលខេត្តរបស់ខ្លួន។
ថ្លែងប្រាប់បេក្ខជនប្រឡងកាលពីថ្ងៃទី១៩ ខែសីហា នាពេលបើកហឹបសន្លឹកវិញ្ញាសា លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសថា នឹងផ្តល់រង្វាន់ម៉ូតូម៉ាក Zoomer X ម្នាក់មួយគ្រឿង សម្រាប់បេក្ខជនដែលប្រឡងជាប់និទ្ទេស A នៅខេត្តកំពង់ស្ពឺ។ លោកសង្ឃឹមថា ឆ្នាំនេះនឹងមានសិស្សដែលជាប់និទ្ទេសល្អកាន់តែច្រើន។
សម្រាប់អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ក៏នឹងផ្តល់រង្វាន់ជាម៉ូតូដល់សិស្សដែលប្រឡងជាប់និទ្ទេស A និទ្ទេស B ថវិកា២០០ដុល្លារ និងនិទ្ទេស C ថវិកាចំនួន ៥០ម៉ឺនរៀល ផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ។
រង្វាន់ម៉ូតូ និងថវិកាចំនួន១ពាន់ដុល្លារ ក៏រង់ចាំសិស្សដែលជាប់និទ្ទេស A នៅខេត្តព្រះសីហនុ ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុផងដែរ ដើម្បីលើកទឹកចិត្តដល់សិស្សដែលខិតខំរៀនសូត្ររហួតដល់ទទួលបានលទ្ធផលល្អ។
ចំណែកថ្នាក់ដឹកនាំផ្សេងៗទៀតដូចជា ខេត្តកំពង់ធំ,សៀមរាប,កោះកុង,ត្បូងឃ្មុំ, កណ្តាល,ប៉ៃលិន។ល។ ក៏សន្យាថានឹងផ្តល់ម៉ូតូ និងរង្វាន់លើកទឹកចិត្តបន្ថែមទៀត សម្រាប់សិស្សណាដែលជាប់និទ្ទេសA។
សូមបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះនឹងប្រកាសនៅថ្ងទី១០ ខែកញ្ញា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រាប់បណ្តាខេត្តឆ្ងាយៗនឹងប្រកាសនៅថ្ងៃទី១១ ខែកញ្ញា៕
Tag:
បាក់ឌុប
ម៉ូតូ
អប់រំ
BacII2019
រង្វាន់
© រក្សាសិទ្ធិដោយ thmeythmey.com