អន្តរជាតិ
ក្រោយដាណឺម៉ាកមិនលក់កោះហ្គ្រោអង់ឡង់ឲ្យ លោក ត្រាំ លុបដំណើរទស្សនកិច្ចចោល ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព AFP
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២០ ខែសីហា បានប្រកាសលុបចោលដំណើរទស្សនកិច្ចនៅដាណឺម៉ាក ដែលគ្រោងធ្វើនៅខែកញ្ញាខាងមុខ។ មូលហេតុនៃការលុបចោលនេះ ត្រូវបានលោក ត្រាំ និយាយត្រង់ៗថា មកពីដាណឺម៉ាកបដិសេធលក់កោះហ្គ្រោអង់ឡង់ (Greenland) ឯរឿងទស្សនកិច្ចនេះ ចាំគិតតាមក្រោយទៀត។ ប្រមុខរដ្ឋាភិបាលដាណឺម៉ាក បានហៅគំនិតរបស់លោក ត្រាំ ដែលចង់ទិញកោះទឹកកកមួយនេះ ជារឿងហួសហេតុ។
«ដោយសារនាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen មិនចង់ជជែកពីការទិញលក់កោះហ្គ្រោអង់ឡង់ ខ្ញុំនឹងលើកពេលជំនួបទ្វេភាគីដែលគ្រោងធ្វើនៅពីរសប្ដាហ៍ទៀតទៅពេលក្រោយវិញ។» នេះជាការប្រកាសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅលើគណនី Twitter របស់ខ្លួន។ លោក ត្រាំ ទំនងមិនពេញចិត្តនឹងការបដិសេធរបស់ដាណឺម៉ាក តែក្នុងសាររបស់ខ្លួន ក៏និយាយសរសើរប្រទេសសម្ព័ន្ធមិត្តមួយនេះ ដែលមានមនុស្សអស្ចារ្យផងដែរ។
កាលពីសប្ដាហ៍មុន លោក ត្រាំ និយាយដោយមិនលាក់លៀមពីបំណងទិញកោះហ្គ្រោអង់ឡង់ពីដាណឺម៉ាក និងថា ការទិញកោះដ៏ធំមួយនេះ អាចជួយសម្រួលបន្ទុករបស់រដ្ឋាភិបាលក្រុងកូប៉ិនហាកដែលចំណាយលុយយ៉ាងច្រើនលើកោះស្វយ័តមួយនេះ ខណៈសម្រាប់អាមេរិក វាជាល្អផ្នែកយុទ្ធសាស្ត្រ។ លោក ក៏បានជជែកពីបញ្ហានេះជាមួយទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកពីទិដ្ឋភាពនានាជុំវិញគម្រោងទឹកដីបរទេសនេះផងដែរ។
ក្នុងសំណេរលើបណ្ដាញសង្គមដដែល ដោយសំដៅលោកស្រី Frederiksen ប្រធានាធិបតីអាមេរិករូបបន្តថា នាយករដ្ឋមន្ត្រីដាណឺម៉ាក អាចសន្សំលុយបានច្រើនពីកិច្ចព្រមព្រៀងទិញលក់នេះ ហើយទំនាក់ទំនងអាមេរិក និងដាណឺម៉ាក ក៏ល្អប្រសើរដែរ។ លោក ត្រាំ ក៏រំពឹងថា នឹងបានជួបលោកស្រីនាយករដ្ឋមន្ត្រីនៅពេលអនាគត។
កាសែតអាមេរិក The Wall Street Journal ជាអ្នករាយការណ៍មុនគេពីចំណាប់អារម្មណ៍របស់លោក ត្រាំ លើការទិញកោះទំហំជាពីរលានម៉ែត្រក្រឡានេះ។ បើតាមកាសែតនេះ លោក ត្រាំ មានចំណាប់អារម្មណ៍លើធនធានរ៉ែដ៏សម្បូរបែបរបស់កោះនេះ ដែលទីតាំងយុទ្ធសាស្ត្រដ៏ល្អមួយផងដែរ។ កោះហ្គ្រោអង់ឡង់ ស្ថិតនៅខាងជើងមហាសមុទ្រអាត្លង់ទិក ហើយជាប់តំបន់អាក់ទិក។ ភូមិសាស្ត្រកោះនេះ អំណោយផលសម្រាប់ការឃ្លាំមើលសកម្មភាពនានានៅប៉ូលខាងជើងរបស់ពិភពលោក។
មិនត្រឹមរដ្ឋាភិបាលដាណឺម៉ាកទេ សូម្បីតែកោះហ្គ្រោអង់ឡង់ផ្ទាល់ក៏មិនសុខចិត្តលក់ទឹកដីខ្លួនឲ្យអាមេរិកដែរ។ ឆ្លើយតបនឹងចំណាប់អារម្មណ៍របស់ប្រធានាធិបតីអាមេរិក រដ្ឋាភិបាលតំបន់មួយនេះ អះអាងថា ហ្គ្រោអង់ឡង់ មានធនធានជាច្រើនដូចជារ៉ែ ទឹកកក ទឹកបរិសុទ្ធជាងគេ ត្រី គ្រឿងសមុទ្រ ថាមពលកើតឡើងវិញ និងជាតំបន់ទេសចរណ៍ថ្មីមួយរបស់មនុស្សលោក ប៉ុន្តែកោះមិនមែនសម្រាប់លក់ឡើយ អាចត្រឹមរកស៊ីជាមួយប៉ុណ្ណោះ៕
Tag:
ដាណឺម៉ាក
អាមេរិក
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com