ជាតិ
លោក ថោង ខុន៖ ទេសចរណ៍ម្ហូបអាហារ សំដៅលើការធ្វើដំណើរ ទៅតំបន់ណាមួយ ដើម្បីភ្លក់អាហារ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងសន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី១ ស្ដីពីទេសចរណ៍ម្ហូបអាហារកម្ពុជា នាព្រឹកថ្ងៃទី២១សីហា នៅសណ្ឋាគារសុខាភ្នំពេញ( រូបភាព ផ្តល់ដោយ លោក អាន សុគន្ឌធារ៉ា)
× ភ្នំពេញ៖ «ទេសចរណ៍ម្ហូបអាហារ» សំដៅលើការធ្វើដំណើររបស់ភ្ញៀវទេសចរទាំងក្នុងស្រុកនិងភ្ញៀវទេចរអន្តរជាតិ (Gastronomy Traveler) ទៅតំបន់ណាមួយ ដើម្បីភ្លក់រសជាតិម្ហូបអាហារនៅតំបន់នោះ។ នេះជាការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍ ក្នុងសន្និសីទអន្តរជាតិលើកទី១ ស្ដីពីទេសចរណ៍ម្ហូបអាហារកម្ពុជា នាព្រឹកថ្ងៃទី២១សីហា នៅសណ្ឋាគារសុខាភ្នំពេញ។
បើតាមប្រសាសន៍របស់រដ្ឋមន្ត្រីរូបនេះ «ទេសចរណ៍ម្ហូបអាហារ» មិនត្រឹមតែចូលរួមទាក់ទាញទេសចរជាតិ-អន្តរជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងលើកតម្កើងប្រពៃណី បេតិកភណ្ឌជាតិប៉ុណ្ណោះទេ ថែមទាំងចូលរួមបង្កើតការងារបន្ថែម ជំរុញសហគ្រិនភាព ការបង្កើតថ្មី និងភាពច្នៃប្រឌិត ផងដែរ។ វិស័យទេសចរណ៍បែបនេះ នឹងចូលរួមទាក់ទាញទេសចរជាតិឲ្យទៅទស្សនាតំបន់គោលដៅម្ហូបអាហារទាំងនោះ ហើយក៏ដូចជាការចូលរួមទាក់ទាញទេសចរ ពីតំបន់ប្រមូលផ្ដុំមកទស្សនាគោលដៅទេសចរណ៍ម្ហូបអាហារផងដែរ។ លោក ថោង ខុន បញ្ជាក់ដូច្នេះថា៖«ទេសចរណ៍ម្ហូបអាហារ គឺជាចំណែកទីផ្សារ (Market Segment) ដែលកំពុងទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំង»។
លោក ថោង ខុន បានបន្ថែមថា វិជ្ជាជីវៈផ្នែកម្ហូបអាហារ គឺទាមទារទាំងឆន្ទៈ ចំណេះដឹង ជំនាញ ឥរិយាបថខ្ពស់ សិល្បៈ និងគំនិតច្នៃប្រឌិត ដែលមិនអាចខ្វះបាន។ ការអភិវឌ្ឍវិស័យទេសចរណ៍ម្ហូបអាហារ ពិតជានាំមកនូវការរីកចម្រើនផ្នែកអាជីព ក្នុងវិស័យទេសចរណ៍ ជាពិសេសចូលរួមទប់ស្កាត់ចំណាកស្រុក និងបង្កើនស្មារតីស្រឡាញ់ជាតិមាតុភូមិ។
សូមជម្រាបថា ក្រសួងទេសចរណ៍រៀបចំសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា (The First International Conference on Cambodia Gastronomy and Food Tourism) នេះឡើងគឺ ដើម្បីលើកកម្ពស់គុណតម្លៃប្រពៃណី និងបេតិកភណ្ឌសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។ លើសពីនេះ គឺក្នុងគោលដៅផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ម្ហូបអាហារ និងផលិតផលខ្មែរ ឲ្យក្លាយជាផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញ៕
© រក្សាសិទ្ធិដោយ thmeythmey.com