ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ស្នើ​ឲ្យ​កូរ៉េ បង្កើន​ការបញ្ជាទិញ​ផលិតផល​កសិកម្ម​បន្ថែម​ពី​កម្ពុជា​
21, Aug 2019 , 4:30 pm        
រូបភាព
រូបភាពពីទំព័រហេ្វសប៉ុក​ សម្តេច ហ៊ុន សែន
រូបភាពពីទំព័រហេ្វសប៉ុក​ សម្តេច ហ៊ុន សែន
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​ប្រទេស​កូរ៉េ ជួយ​បង្កើន​ការបញ្ជា​ទិញ​ផលិតផល​កសិផល​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​របស់ខ្លួន ​ឲ្យ​បាន​កាន់តែច្រើន​បន្ថែមទៀត​។ លើសពីនេះ សម្តេច​ក៏បាន​ស្នើ​ឲ្យ​ទូត​កូរ៉េ​ប្រចាំ​កម្ពុជា ជួយ​ជំរុញ​វិនិយោគិន ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត និង​វិស័យ​ទេសចរណ៍ ​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។

 
​ការ​លើ​ឡើង​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី គឺធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​ ជាមួយ​ ​លោក អូ ណាក់​យ៉ុង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េប្រចាំ​កម្ពុជា​ ដែល​ចប់​អាណត្តិនៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី​។ 
 
​លោក កៅ គឹម ហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ប្រាប់​អ្នកកាសែត​នៅក្រោយ​ជំនួប​ខាងលើ​ថា សម្តេច​ចង់ឃើញ​ទំហំ​វិនិយោគពាណិជ្ជកម្ម និង​ទេសចរណ៍ រវាង​ប្រទេស​ទាំងពីរ ​មានការ​កើនឡើង​បន្ថែមទៀត​។ ដូច្នេះ​សម្តេច បានស្នើ​ឲ្យ​ភាគី​កូរ៉េ បន្ត​ជួយ​នាំចូល​ផលិតផល​កសិផល​រប​ស់​កម្ពុជា ទៅកាន់​ទីផ្សារ​កូរ៉េ ខណៈ​កម្ពុ​ជាមាន​សក្តានុពល​ជាច្រើន​ទៅលើ​ផលិតផល​កសិកម្ម​។ 
 
«​សម្ដេច​តេ​ជោ បាន​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​ ធ្វើយ៉ាងណា​ពង្រីក នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ​ឲ្យ​បាន​កាន់តែ​កើនឡើង​ថែមទៀត ហើយ​ក្នុងនោះ ​សម្ដេច​តេ​ជោ ក៏​ចង់ឃើញ​សាធារណរដ្ឋ​កូរ៉េ បង្កើន​ការវិនិយោគ​មកកាន់​ក​ម្ពុ​ជា​ថែមទៀត​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក កៅ គឹម ហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​។ 
 
​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បន្តថា សម្តេច បានដាក់​ចេញ​នូវ​យន្តការ​៣​កម្រិត ក្នុងការ​ជំរុញ និងពង្រឹង​លើ​កិច្ចសហការ​រវាង កម្ពុជា និង​កូរ៉េ មានដូចជា កម្រិត​ទ្វេភាគ​គី​, កម្រិត​អនុតំបន់​មេគង្គ និង​ចុងក្រោយ​គេកម្រិត​តំបន់​។ កម្ពុជា​បាន​ទាញ​ផលប្រយោជន៍​ជាច្រើន​ ទាំង​កម្រិត​ទ្វេភាគី និង​កម្រិត​អនុតំបន់​ផងដែរ ដោយសារតែ​កម្រិត​អនុតំបន់​ មាន​គម្រោង​ជាច្រើន​ ក្នុង​កិច្ចដំណើរការ​ជំរុញ​ការអភិវឌ្ឍ​ នៅក្នុង​ចំណោម​ប្រទេស​មេគង្គ​រួមទាំង​កម្ពុជា​ផងដែរ​។ 
 
«​បច្ចុប្បន្ននេះ នៅក្នុង​កម្រិត​ទ្វេភាគី​ឃើញថា​ ពលករ​របស់​កម្ពុ​ជា ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​មានការ​កើនឡើង ដែល​បាន​ជួយ​ដល់​ប្រជាពលរដ្ ឋ​មិន​ត្រឹមតែ​ពលករ​នៅ​កូរ៉េ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​នាំ​ចំណូល​ជាច្រើន ​ជួ​ប​គ្រួសារ​របស់​ពួកគាត់​នៅ​កម្ពុជា ​និង​ជួយ​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ពិសេស​ថែមទៀត​នោះ ​ពលករ​​កម្ពុជា​បាន​រៀនសូត្រ និង​ទទួល​បទពិសោធ ពី​ប្រទេស​កូរ៉េ​ ដែល​បាន​បង្កើន​សមត្ថភាព​ពលករ​ខ្មែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក កៅ គឹម ហួន​។​
 
​បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៨​ពាន់​នាក់ ​ដែល​បាន​រៀបការ​ជាមួយ​ជនជាតិ​កូរ៉េ ហើយ​មាន​ប្រមាណ​៤០០​នាក់​ មាន​ភរិយា​ជា​ជនជាតិ​កូរ៉េ ដូច្នេះ​មានន័យថា ​ទំនាក់ទំនង​រវាង​ប្រ​ជា​ជន ​និង​ប្រជាជនមាន​ការកើនឡើង​។ សម្ដេច ក៏បាន​បញ្ជាក់ថា សម្ដេច​គ្រោង​​​ទៅ​បំពេញ​ទស្សនកិច្ច ​នៅ​សាធារណរដ្ឋ​កូរ៉េ នាពេលខាងមុខ​នេះដែរ ប៉ុន្តែ​មិនទាន់​បានកំណត់​ពេលវេលា​ជាក់លាក់​នៅឡើយ​។ 
 
​ឯកអគ្គរដ្ឋទូត​កូរ៉េ ឆ្លើយតប​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ មានការ​រីកចម្រើន​យ៉ាងខ្លាំង រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ ជាដើម​។ លោកសន្យាថា លោក​នឹង​បន្ត​ជួយ​ជំរុញ​ទំនាក់ទំនង ​ក្នុង​កម្រិត​ទ្វេភាគី​, កម្រិត​អនុតំបន់​មេគង្គ​ប​ន្តែ​ម​ទៀត​។ តាម​ការលើកឡើង​រប​ស់លោក កៅ គឹម ហួន​។ 
 
​ក្នុង​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ​មានចំនួន ​៧៥៦​លាន​ដុល្លារ  ដែល​កម្ពុជា​បាន​នាំចូល​ទៅកាន់​ទីផ្សារ​កូរ៉េ មាន​២០២​លាន​ដុល្លារ ខណៈ​កូរ៉េខាងត្បូង​នាំចូល​មកកាន់​កម្ពុជា​វិញ​ មាន​៥៤៧​លាន​ដុល្លារ​។ កម្ពុជា​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​កូរ៉េ មានដូចជា​សម្លៀកបំពាក់ គ្រឿង​អេឡិចត្រូនិក ស្បែកជើង ​ភេសជ្ជៈ កាបូប កៅស៊ូ​ ឱសថ និង​ក្រដាសកាតុង​។ ដោយឡែក សម្រាប់​កម្ពុជា​នាំចូល​ពី​ប្រទេស​កូរ៉េ​វិញ ​ភាគច្រើន​​ជា​ក្រណាត់​តម្បាញ​ រថយន្ត​ដឹកទំនិញ ​ភេសជ្ជៈ ​គ្រឿង​ម៉ាស៊ីន គ្រឿង​តុបតែង​លម្អ​ផ្ទះ ឱសថ សាប៊ូ និង​ផលិតផល​ប្លា​ស្ទិ​ក ជាដើម​៕ 
 

Tag:
 កម្ពុជា​
  កូរ៉េ​
© រក្សាសិទ្ធិដោយ thmeythmey.com