សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យប្រទេសកូរ៉េ ជួយបង្កើនការបញ្ជាទិញផលិតផលកសិផលកម្ពុជាទៅកាន់ទីផ្សាររបស់ខ្លួន ឲ្យបានកាន់តែច្រើនបន្ថែមទៀត។ លើសពីនេះ សម្តេចក៏បានស្នើឲ្យទូតកូរ៉េប្រចាំកម្ពុជា ជួយជំរុញវិនិយោគិន ឲ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត និងវិស័យទេសចរណ៍ នៃប្រទេសទាំងពីរផងដែរ។
ការលើឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី គឺធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ដែលចប់អាណត្តិនៅព្រឹកថ្ងៃទី២១ ខែសីហា នៅទីស្តីការនាយករដ្ឋមន្ត្រី។
លោក កៅ គឹម ហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់អ្នកកាសែតនៅក្រោយជំនួបខាងលើថា សម្តេចចង់ឃើញទំហំវិនិយោគពាណិជ្ជកម្ម និងទេសចរណ៍ រវាងប្រទេសទាំងពីរ មានការកើនឡើងបន្ថែមទៀត។ ដូច្នេះសម្តេច បានស្នើឲ្យភាគីកូរ៉េ បន្តជួយនាំចូលផលិតផលកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារកូរ៉េ ខណៈកម្ពុជាមានសក្តានុពលជាច្រើនទៅលើផលិតផលកសិកម្ម។
«សម្ដេចតេជោ បានជំរុញឲ្យភាគីទាំងពីរ ធ្វើយ៉ាងណាពង្រីក នឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបានកាន់តែកើនឡើងថែមទៀត ហើយក្នុងនោះ សម្ដេចតេជោ ក៏ចង់ឃើញសាធារណរដ្ឋកូរ៉េ បង្កើនការវិនិយោគមកកាន់កម្ពុជាថែមទៀត»។ នេះបើតាមការលើកឡើងរបស់លោក កៅ គឹម ហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្តថា សម្តេច បានដាក់ចេញនូវយន្តការ៣កម្រិត ក្នុងការជំរុញ និងពង្រឹងលើកិច្ចសហការរវាង កម្ពុជា និងកូរ៉េ មានដូចជា កម្រិតទ្វេភាគគី, កម្រិតអនុតំបន់មេគង្គ និងចុងក្រោយគេកម្រិតតំបន់។ កម្ពុជាបានទាញផលប្រយោជន៍ជាច្រើន ទាំងកម្រិតទ្វេភាគី និងកម្រិតអនុតំបន់ផងដែរ ដោយសារតែកម្រិតអនុតំបន់ មានគម្រោងជាច្រើន ក្នុងកិច្ចដំណើរការជំរុញការអភិវឌ្ឍ នៅក្នុងចំណោមប្រទេសមេគង្គរួមទាំងកម្ពុជាផងដែរ។
«បច្ចុប្បន្ននេះ នៅក្នុងកម្រិតទ្វេភាគីឃើញថា ពលកររបស់កម្ពុជា ដែលទៅធ្វើការនៅប្រទេសកូរ៉េមានការកើនឡើង ដែលបានជួយដល់ប្រជាពលរដ្ ឋមិនត្រឹមតែពលករនៅកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែបាននាំចំណូលជាច្រើន ជួបគ្រួសាររបស់ពួកគាត់នៅកម្ពុជា និងជួយដល់សេដ្ឋកិច្ចរបស់កម្ពុជា។ ពិសេសថែមទៀតនោះ ពលករកម្ពុជាបានរៀនសូត្រ និងទទួលបទពិសោធ ពីប្រទេសកូរ៉េ ដែលបានបង្កើនសមត្ថភាពពលករខ្មែរ»។ នេះជាការបញ្ជាក់របស់លោក កៅ គឹម ហួន។
បច្ចុប្បន្ន មានប្រជាពលរដ្ឋខ្មែរជាង៨ពាន់នាក់ ដែលបានរៀបការជាមួយជនជាតិកូរ៉េ ហើយមានប្រមាណ៤០០នាក់ មានភរិយាជាជនជាតិកូរ៉េ ដូច្នេះមានន័យថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនមានការកើនឡើង។ សម្ដេច ក៏បានបញ្ជាក់ថា សម្ដេចគ្រោងទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋកូរ៉េ នាពេលខាងមុខនេះដែរ ប៉ុន្តែមិនទាន់បានកំណត់ពេលវេលាជាក់លាក់នៅឡើយ។
ឯកអគ្គរដ្ឋទូតកូរ៉េ ឆ្លើយតបថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ មានការរីកចម្រើនយ៉ាងខ្លាំង រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ ជាដើម។ លោកសន្យាថា លោកនឹងបន្តជួយជំរុញទំនាក់ទំនង ក្នុងកម្រិតទ្វេភាគី, កម្រិតអនុតំបន់មេគង្គបន្តែមទៀត។ តាមការលើកឡើងរបស់លោក កៅ គឹម ហួន។
ក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានចំនួន ៧៥៦លានដុល្លារ ដែលកម្ពុជាបាននាំចូលទៅកាន់ទីផ្សារកូរ៉េ មាន២០២លានដុល្លារ ខណៈកូរ៉េខាងត្បូងនាំចូលមកកាន់កម្ពុជាវិញ មាន៥៤៧លានដុល្លារ។ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារកូរ៉េ មានដូចជាសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ និងក្រដាសកាតុង។ ដោយឡែក សម្រាប់កម្ពុជានាំចូលពីប្រទេសកូរ៉េវិញ ភាគច្រើនជាក្រណាត់តម្បាញ រថយន្តដឹកទំនិញ ភេសជ្ជៈ គ្រឿងម៉ាស៊ីន គ្រឿងតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិក ជាដើម៕