កីឡាជាតិ
ជាតិ
លោក ជា ប៊ុនហេង សន្យា​ស្នើ​ឲ្យ​ចូល​ក្របខណ្ឌ​ប៉ូលិស បើ​ក្រុម​ទូក​ដណ្តើមបាន​មេដាយ​ពិភពលោក​នៅ​ថៃ​
21, Aug 2019 , 4:51 pm        
រូបភាព
ដោយ:
​ប្រធាន​អង្គភាព​កីឡា​នគរបាលជាតិ​លោក ជា ប៊ុនហេង សន្យា​ស្នើ​ទៅកាន់​ក្រសួងមហាផ្ទៃ សុំ​ដាក់បញ្ចូល​ក្រុម​កីឡាករ​ប្រណាំងទូក​ក្នុង​ក្របខណ្ឌ​ប៉ូលិស បើ​ពួកគេ​ដណ្តើមបាន​មេដាយ​ក្នុង​ព្រឹត្តិការណ៍ World Dragon Racing Championship ដែល​រៀបចំ​នៅ​ទីក្រុង​ប៉ា​តា​យ៉ា​ប្រទេស​ថៃ​។ លោក បានផ្តល់​ដំបូន្មាន​ឲ្យ​ចេះ​សាមគ្គី​គ្នា និង​ដាស់តឿន​ឲ្យ​កីឡាករ​ខិត​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព និង​កុំ​មាន​មោទកភាព​លើ​ខ្លួនឯង​។​

 
​ឱកាស​ក្លាយជា​មន្ត្រី​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ របស់​ក្រុម​កីឡាករ​ប្រណាំងទូក​បានមក​ដល់​ហើយ បើ​ពួកគេ​អាច​ដណ្តើមបាន​មេដាយ​ណាមួយ​ពី​ការប្រកួត​ជើងឯក​ពិភពលោក World Dragon Racing Championship ដែល​រៀបចំ​នៅ​ទីក្រុង​ប៉ា​តា​យ៉ា​ប្រទេស​ថៃ​ចន្លោះ​ពីថ្ងៃ​ទី​២១-២៤ ខែសីហា​។ នេះ​ជាការ​សន្យា​របស់លោក ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា​នគរបាលជាតិ ដែល​អះអាងថា លោក​នឹងដាក់​សំណើរ​ទៅកាន់​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើសុំ​ក្របខណ្ឌ​ដល់​ក្រុមកីឡា​ទូក​បើ​ពួកគេ​អាចធ្វើ​បាន​តាម​អ្វីដែល​បានកំណត់​។ 
 
​បើតាម​លោក ជា ប៊ុនហេង សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា​ធ្លាប់​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​មី​យ៉ាន់​ម៉ា​កាលពី​ឆ្នាំ​២០០៥ តែ​មកទល់​បច្ចុប្បន្ន សហព័ន្ធ​នេះ ពុំ​ធ្លាប់​ដណ្តើម​មេដាយ​ក្នុង​ការប្រកួត​ផ្លូវការ​លក្ខណៈ​អន្តរជាតិ​នោះទេ​។ ដូច្នេះ​ការចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ថៃ ជា​ឱកាស​មាស​សម្រាប់​ក្រុម​កីឡាករ​ប្រណាំងទូក​ក្នុង​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​របស់ខ្លួន​។  
 
​នា​ពិ​ធិ​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ​កីឡា​ប្រណាំងទូក​មុន​ចាកចេញ​ទៅ​ថៃ លោក ជា ប៊ុនហេង ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការប្រកួត​ជើងឯក​ពិភពលោក​ថៃ វា​ជា​ឱកាស​មាស​សម្រាប់​ក្រុម​ទូក​កម្ពុជា​យើង យើង​បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​តាំងពី​ឆ្នាំ​២០០៥ ដែល​យើង​បាន​មេដាយ​សំរឹទ្ធ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​មី​យ៉ាន់​ម៉ា តែ​មកទល់​ឆ្នាំ​២០១៨ រកតែ​កូន​មេ​មេដាយ​១​អត់​បាន​។ ដូច្នេះ​វា​ជា​ឱកាស​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ឡើងវិញ​»​។ 
 
​ប៉ុន្មាន​ថ្ងៃមុន​ចូលរួម​ការប្រកួត​ខាងលើ ក្រុម​កីឡាករ​ប្រណាំងទូក​កម្ពុជា ទើបតែ​ដណ្តើមបាន​មេដាយមាស​ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក​ប៉ូលិស World Police and Fire Games នៅ​ប្រទេស​ចិន​។ ទោះបី​យ៉ាងនេះ​ក្តី លោក ជា ប៊ុនហេង ដាស់តឿន​ឲ្យ​កីឡាករ​ខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ព្រោះ​លោក​យល់ថា នេះ​គឺជា​ការប្រកួត​កម្រិត​អាជីព​មិន​ដូច​ការប្រកួត​ក្របខណ្ឌ​ប៉ូលិស​នោះទេ​។ 
 
«​ខ្ញុំ​សុំ​ផ្តាំផ្ញើ​ថា យើង​ត្រូវ​ចេះ​សាមគ្គី​គ្នា ហើយ​កុំ​មោទកភាព​លើ​ខ្លួនឯង ព្រោះ​បើ​ធ្វេសប្រហែស​តែ​១​វិនាទី​យើង​នឹង​អាច​ចាញ់​»​។ ក្រោយ​ផ្តាំផ្ញើ​បែបនេះ​លោក ជា ប៊ុនហេង បានប្រកាស​ផ្តល់​ថវិកា​ម្នាក់​៣​ពាន់​បាត​(​ប្រហែល​១០០​ដុល្លារ​)​ដល់​កីឡាករ គ្រូបង្វឹក និង​ប្រតិភូ​ផងដែរ​។ ប្រ​ភិ​កីឡា​ប្រណាំងទូក​កម្ពុជា​បាន​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ តាំងពី​ថ្ងៃទី​១៩ ខែសីហា ពោលគឺ​ក្រោយ​១​ថ្ងៃ​ពេលធ្វើ​មាតុភូមិ​និវត្ត​មកពី​ប្រទេស​ចិន​៕ 

Tag:
 ទូក​នាគ​
  ជា ប៊ុនហេង​
  World Dragon Boat Racing Championship
© រក្សាសិទ្ធិដោយ thmeythmey.com