ជាតិ
សង្គមជាតិ
ទីតាំង​បញ្ចូល​ហ្កា​ស​៣​កន្លែង​នៅ​សៀមរាប ត្រូវបាន​ផ្អាក ក្រោយ​ផ្ទុះ​បង្ក​ឲ្យ​មាន​អ្នករបួស​
21, Aug 2019 , 9:59 pm        
រូបភាព
រូបភាពពីក្រសួងរ៉ែនិងថាមពល
រូបភាពពីក្រសួងរ៉ែនិងថាមពល
​ក្រោយពី​ហេតុការណ៍​ផ្ទុះ​ឆេះ​ទីតាំង​បញ្ចូល​ហ្កា​ស​នៅ​កណ្តាល​ក្រុង​សៀមរាប ដែល​ធ្វើ​ឲ្យ​មាន​អ្នករបួស​មួយចំនួន​កន្លងមក មន្ទីរ​រ៉ែ និង ថាមពល​ខេត្ត បាន​ចុះទៅពិនិត្យ នៅ​ថ្ងៃទី​២០ សីហា ឆ្នាំ​២០១៩ ហើយក៏​តម្រូវ​ឲ្យ​ផ្អាក​ដំណើរការ រួមទាំង​ផ្អាក​ការ​ស្តុក​ទុក​ហ្កា​ស​ផងដែរ​។ មន្ត្រី​ជំនាញ រកឃើញថា ទីតាំង​បញ្ចូល​ហ្កា​ស​៣​កន្លែង​នោះ គ្មាន​លិខិតអនុញ្ញាត​ឡើយ​។​


 
​ទីតាំង​ប្រកប​អាជីវកម្ម និង​បញ្ចូល​ហ្កា​ស​កំប៉ុង​ទាំង​៣​ទីតាំង​នោះ ស្ថិតក្នុង​ភូមិ​មណ្ឌល​១ ភូមិ​ស្ទឹង​ថ្មី និង ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ  ក្រុង​សៀមរាប​។ លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្រោយ​ផ្អាក​រួចហើយ មន្ត្រី​ជំនាញ បាន​តម្រូវ​ឲ្យ​រើ​ឧបករណ៍​ផ្ទេរ​ហ្កា​ស​ចេញពី​ទីតាំង​ទាំងនោះ​។  លោក បន្តថា កម្លាំង​ជំនាញ​បាន​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​អាជីវកម្ម ដាក់ពាក្យ​ស្នើសុំ​លិខិតអនុញ្ញាត និង ត្រូវគោរព​ទៅតាម​លក្ខខណ្ឌ និង បទដ្ឋាន​បច្ចេកទេស អនុលោម​តាមច្បាប់​ជា​ធរមាន​។ 
 
​លោក មាស ជូ​រ៉ានី បញ្ជាក់ថា នាពេល​កន្លងមក មន្ទីរជំនាញ តែង​ចុះ​អប់រំ​ប្រជាពលរដ្ឋ ដែល​ប្រកប​អាជីវកម្ម​បញ្ចូល​ហ្កា​ស និង​ស្តុ​ប​ហ្កា​ស ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​បច្ចេកទេស​ក្នុងការ​បង្ការ​ជៀសវាង​កុំ​ឲ្យ​កើត​ហានិភ័យ​ណាមួយ​។ ក្នុង​ហេតុការណ៍​ផ្ទុះ​ហ្កា​ស​ក្នុង​ក្រុង​សៀមរាប​កន្លងមកនេះ គឺ​បណ្តាលមកពី​ការធ្វេសប្រហែស​របស់​ម្ចាស់​អាជីវកម្ម និង មិន​គោរព​ទៅតាម​ការណែនាំ​របស់​ម​ន្ត្រី​ជំនាញ ព្រមទាំង​ទីតាំង​មួយចំនួន​បាន​លួចលាក់​ដោយ​ពុំបាន​សុំច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម​៕
 

Tag:
 ហ្កា​ស
© រក្សាសិទ្ធិដោយ thmeythmey.com