អន្តរជាតិ
ស៊ូដង់​៖ យោធា និង​ស៊ីវិល​ដឹកនាំ​ប្រទេស​រួមគ្នា មុន​រៀបចំ​ការបោះឆ្នោត​
21, Aug 2019 , 10:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ក្រោយ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​យោធា​អស់​ពេល​ជាង​បួន​ខែ​រួចមក ស៊ូដង់​មាន​ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេស​ថ្មី ដែល​បន្ត​ដឹកនាំ​ប្រទេស​ពី​យោធា​។ យោធា​ស៊ូដង់​កំពុងកាន់​អំណាច និង​ចលនា​ប្រឆាំង បាន​ឈានដល់​ការបង្កើត​ក្រុមប្រឹក្សា​អធិបតេយ្យ​មួយ​មាន​សមាជិក​១១​នាក់​ដើម្បី​ដឹកនាំ​ប្រទេស​ក្នុង​រយៈពេល​អន្តរកាល​៣៩​ខែ មុន​ការបោះឆ្នោត​មួយ​រៀបចំឡើង​។ វិបត្តិ​សេដ្ឋកិច្ច គឺជា​បញ្ហា​ធំ​សម្រាប់​រដ្ឋាភិបាល​ស៊ូដង់​ថ្មី​។​

 
​ស្ថិតក្រោម​របប​ដឹកនាំ​ផ្ដាច់ការ អូ​ម៉ា អាល់​-​បា​សៀ ជាង​៣០​ឆ្នាំ រួច​ត្រូវ​យោធា​ដែល​ទម្លាក់​លោក អាល់​-​បា​សៀ ពី​អំណាច គ្រប់គ្រង​ចំនួន​បួន​ខែ​ទៀត ពេលនេះ​ស្ថានការណ៍​នយោបាយ​ស៊ូដង់​បាន​ឈានដល់​ដំណាក់​ថ្មី​មួយទៀត​។ យោធា​ស៊ូដង់ និង​មេដឹកនាំ​បាតុកម្ម នៅ​ថ្ងៃទី​២០ ខែសីហា បានប្រកាស​ពី​ការបង្កើត​ក្រុមប្រឹក្សា​អធិបតេយ្យ​មួយ ដែលមាន​សមាសភាព​ចម្រុះ​ស៊ីវិល និង​យោធា​ដើម្បី​ដឹកនាំ​ប្រទេស​យ៉ាងតិចណាស់​៣​ឆ្នាំ​ខាងមុខ​។​
 
​ក្រុម​ប្រឹក្ស​អធិបតេយ្យ​នេះ មាន​សមាជិក​យោធា​ចំនួន​៥​រូប និង​ស៊ីវិល​៦​រូប​។ ការបង្កើត​ក្រុមប្រឹក្សា​ដែលមាន​សមាសភាព​ស៊ីវិល​ភាគច្រើន ក៏​ជាការ​បញ្ចប់​ការដឹកនាំ​របស់​ក្រុមប្រឹក្សា​យោធា​ដែល​គ្រប់គ្រង​ស៊ូដង់​ប៉ុន្មាន​ខែ​មកនេះ​។ ក្រុមប្រឹក្សា​នេះ ជា​លទ្ធផល​នៃ​ការចរចា​យ៉ាង​តឹងតែង​រវាង​យោធា និង​ក្រុមបាតុករ ក្រោម​ការសម្របសម្រួល​របស់​អេ​ត្យូ​ពី និង​សហភាព​អាហ្វ្រិក​។ មនុស្ស​ជាង​ពីរ​រយ​នាក់​បាន​ស្លាប់ មុន​សម្រេចបាន​កិច្ចព្រមព្រៀង​ដែល​ឈានដល់​ការបង្កើត​ក្រុមប្រឹក្សា​ថ្មី​នេះ​។​
 
​ក្រោម​កិច្ចព្រមព្រៀង ប្រមុខ​ក្រុមប្រឹក្សា​យោធា ឧ​ត្ត​ម​សេនីយ៍ Abdel Fattah al-Burhan នឹង​ដឹកនាំ​ក្រុមប្រឹក្សា​ថ្មី​រយៈពេល​២១​ខែ ឯ​១៨​ខែ​ចុងក្រោយ​នឹង​ដឹកនាំ​សមាជិក​មកពី​ក្រុម​ស៊ីវិល​វិញ​ម្ដង​។ សមាជិក​ក្រុមប្រឹក្សា​អធិបតេយ្យ​ទាំងអស់ រួមទាំង​នាយករដ្ឋមន្ត្រី​ថ្មី​ផង ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២១ ខែសីហា​។ សេដ្ឋវិទូ​ប្រចាំ​ប្រទេស លោក Abdalla Hamdok ត្រូវបានតែងតាំង​ដោយ​ចលនា​ប្រឆាំង​ដើម្បី​ធ្វើជា​នាយករដ្ឋមន្ត្រី​ក្នុង​រយៈពេល​អន្តរកាល​នេះ​។​
 
​ជាមួយគ្នានេះ សភា​នីតិបញ្ញត្តិ​មួយ ក៏​នឹងត្រូវ​បង្កើត​ផងដែរ​ដោយមាន​សមាជិក​បី​រយ​នាក់ ដើម្បី​កាន់កាប់​ការងារ​នីតិបញ្ញត្តិ​ទម្រាំ​មានការ​បោះឆ្នោត​ថ្មី​។ ចំណែកឯ​គណៈរដ្ឋមន្ត្រី​ថ្មី​វិញ នឹងមាន​សមាស​ភាពជា​អ្នកជំនាញ​ទាំងអស់​។ 
 
​ការឈាន​មកដល់​ដំណាក់កាល​នេះ មិនមែនជា​រឿង​ងាយស្រួល​ឡើយ ខណៈ​ការចរចា​រវាង​ក្រុម​យោធា​កាន់អំណាច និង​ក្រុមបាតុករ​បាន​បរាជ័យ​ជា​ញឹកញយ​ផងដែរ​។ ទោះជា​យ៉ាងណា ការផ្ទេរអំណាច​ពី​យោធា​ទៅ​ឲ្យ​ក្រុមប្រឹក្សា​ថ្មី​ដែលមាន​សមាជិក​ស៊ីវិល​ភាគច្រើន ជា​រឿង​គួរ​ឲ្យ​សាទរ​មួយ​សម្រាប់​ស៊ូដង់​។ ការដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច ជា​បញ្ហា​អាទិភាព​សម្រាប់​រដ្ឋាភិបាល​ថ្មី ពិសេស​តម្លៃ​ប្រេង នំប៉័ង និង​ការធ្លាក់ចុះ​លុយ​ជាតិ​៕ 

Tag:
 ស៊ូដង់​
  អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com