អន្តរជាតិ
សំណើ​លុបចោល​ទិដ្ឋាការ​ទេសចរ​ចិន និង​ឥណ្ឌា​ត្រូវបាន​ច្រានចោល​
22, Aug 2019 , 8:29 am        
រូបភាព
​ដោយ​៖ ងួន សុ​ភាវ​ត្តី​
 
​ថ្ងៃទី​២០ ខែសីហា គណៈរដ្ឋមន្ត្រី​ថៃ​បាន​ច្រានចោល​សំណើ​របស់​រដ្ឋមន្ត្រី​ទេសចរណ៍ និង​កីឡា​ជុំវិញ​ការលុបចោល​ទិដ្ឋាការ​សំរាប់អ្នកទេសចរ​ចិន​និង​ឥណ្ឌា​។ ប៉ុន្តែ​គណៈរដ្ឋមន្ត្រី​ថៃ បាន​យល់ព្រម​មិន​យក​ថ្លៃ​សេវា​លើ​ការសុំ​ពន្យា​ទិដ្ឋាការ​របស់​ប្រទេស​ចំនួន​១៨ វិញ​។​


 
​គណៈរដ្ឋមន្ត្រី​ថៃ បានអនុម័ត​កញ្ចប់​ទឹកប្រាក់​៣១៦​ពាន់​លាន​បាត​ចូលទៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ចជាតិ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​។ កញ្ចប់​ទឹកប្រាក់​នេះ នឹង​គ្របដណ្ដប់​លើ​បញ្ហា​មួយចំនួន​ដូចជា ផ្តល់ប្រាក់​ជំនួយ​ដល់​ជនក្រីក្រ ការលើកទឹកចិត្ត​ទេសចរណ៍​ក្នុងស្រុក និង​ផ្តល់​ប្រាក់កម្ចី​ដែលមាន​ការប្រាក់​ថោក​ដល់​កសិករ​។ ប៉ុន្តែ​គម្រោង​លើកលែង​ទិដ្ឋាការ មិន​ត្រូវបាន​ពិចារណា​ឡើយ​ក្រោយ​កិច្ចប្រជុំ​នេះ នាយករដ្ឋមន្ត្រី​ថៃ  ប្រា​យុទ្ធ ចន្ទ​អូ​ចា និយាយថា គណៈរដ្ឋមន្ត្រី​ថៃ​មិនបាន​អនុម័ត​លើ​សំណើ​លុបចោល​ទិដ្ឋាការ​ទេសចរ​ចិន​និង​ឥណ្ឌា​ឡើយ ព្រោះ​មានការ​លើកឡើង​ពី​ការព្រួយបារម្ភ​របស់​អង្គភាព​មួយចំនួន​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​បាងកក​ប៉ុស្តិ៍​។ 
 
​ទោះជា​យ៉ាងណា គណៈរដ្ឋមន្ត្រី​ថៃ​បាន​យល់ព្រម​លើ​ការមិន​យក​ថ្លៃ​សេវា​សុំ​ពន្យារ​ទិដ្ឋាការ​របស់​ទេស​ចរមក​ពី​ប្រទេស​ចំនួន​១៨​សម្រាប់​រយៈពេល​នៅ​៦​ខែ​ទៀត ឬ​ដល់​ខែមេសា​ឆ្នាំ​ក​២០១៩ ។ លោក  ប្រា​យុទ្ធ សង្ឃឹមថា ការមិន​យក​ថ្លៃ​សេវា​សុំ​ពន្យា​ទិដ្ឋាការ​នេះ​នឹង​ជួយ​ជំរុញ​កំណើន​អ្នកទេសចរ ដែល​គម្រោង​នេះ​នឹង​អនុវត្ត​ចំពេល​ចូលឆ្នាំ​ចិន​និង​ថ្ងៃបុណ្យ​ស​ង្ក្រា​ន​របស់​ថៃ​។ 
 
​គួរ​បញ្ជាក់ថា ក្រសួងទេសចរណ៍​និង​កីឡា​ថៃ​បានស្នើ​លុបចោល​ទិដ្ឋាការ​ទេសចរ​ចិន​និង​ឥណ្ឌា​ដែល​អនុញ្ញាតអោយ​ជនជាតិ​ចិន និង​ឥណ្ឌា​អាច​ស្នាក់នៅ​ប្រទេស​ថៃ​រហូតដល់​ទៅ​៣០​ថ្ងៃ​។ យ៉ាងណាមិញ សំណើ​នេះ​ត្រូវបាន​ជំទាស់​ដោយ​ក្រសួងការបរទេស​ថៃ​ដែល​ព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ​ជាតិ និង​ការ​ចូលមក​រស់នៅ​ដោយ​ខុសច្បាប់​។​
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោកស្រី Narumon Pinyosinwat  បាន​និយាយ​បញ្ជាក់ថា​សំណើ​នេះ​ត្រូវបាន​បដិសេធ​ដោយសារ​មើលឃើញ​ពី​បញ្ហា​មួយចំនួន​ដូចជា បញ្ហា​សន្តិសុខ ការប្រើប្រាស់​ធនធាន​ខ្ជះខ្ជាយ និង​បញ្ហា​កង្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មិនអាច​ទទួល​ភ្ញៀវទេសច​រ​យ៉ាងច្រើន​បាន​។​
 
​ទោះជា​យ៉ាងនេះ​ក្តី រដ្ឋមន្ត្រី​ទេសចរណ៍ និង​កីឡា លោក Phiphat Ratchakitprakarn បាន​បន្ត​ការដាក់​ស្នើ​សំណើ​ផ្សេងៗ​ទៀត​ដើម្បី​ទាក់ទាញ​អ្នក​ទេសចរណ៍​។ នៅ​ជំនួប​គណៈរដ្ឋមន្ត្រី​សប្តាហ៍​ក្រោយ លោក Phiphat នឹង​ស្នើអោយ​ពន្យារពេល​បិទ​ហាង​ពី​ម៉ោង​២​ទាបភ្លឺ​ដល់​ម៉ោង​៤​ទាបភ្លឺ​វិញ​។ លោក​បាន​បន្តថា​គម្រោង​នេះ​អាច​នឹងមិន​អនុវត្ត​គ្រប់កន្លែង​ទេ តែ​នឹង​អនុវត្ត​នៅ​ខេត្ត​សំខាន់ៗ​មួយចំនួន​ដូចជា Phuket, Krabi និង Chiang Mai ជាដើម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com