អន្តរជាតិ
ក្នុងប្រទេស​កូរ៉េខាងត្បូង អារម្មណ៍​ប្រឆាំង​ជប៉ុន​មាន​កាន់តែច្រើន នៅ​ទិវា​រំដោះ​ប្រទេសជាតិ​
21, Aug 2019 , 7:59 pm        
រូបភាព
មនុស្សម្នា​ស្តាប់​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in ក្នុង​ខួប​លើក​ទី៧៤​នៃ​ការ​រំដោះ​ប្រទេស​ចេញ​ពី​អាណានិគម​ជប៉ុន។
មនុស្សម្នា​ស្តាប់​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in ក្នុង​ខួប​លើក​ទី៧៤​នៃ​ការ​រំដោះ​ប្រទេស​ចេញ​ពី​អាណានិគម​ជប៉ុន។
ដោយ: VOA
​សេ​អ៊ូ​ល ៖ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ កាលពី​សប្តាហ៍​មុន បានធ្វើ​សុន្ទរកថា​ខួប​នៃ​ការចុះចាញ់​របស់​ជប៉ុន​ក្នុង​សង្គ្រាមលោកលើកទី​២​ដោយ​ការគោរព​វិញ្ញាណក្ខន្ធ​នៅ​ទី​សក្ការបូជា Yasukuni ដែលមាន​ជាប់​ទាក់ទិន​នឹង​ឧក្រិដ្ឋជន​សង្គ្រាម​។ ការណ៍​នេះ បានធ្វើ​ឲ្យ​មានការ​រកាំចិត្ត​ដល់​មនុស្ស​ជាច្រើន​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដែល​កំពុង​ប្រារព្ធ​ពិធី​ដែល​ពួកគេ​ចាត់ទុកជា «​ថ្ងៃ​រំដោះ​» ដោយមាន​ការតវ៉ា​ជា​បន្តបន្ទាប់​ប្រឆាំងនឹង​ជប៉ុន​។ បាតុកម្ម​នេះ​កើតមានឡើង​នៅពេលដែល​ចំណងទាក់ទង​រវាង​កូរ៉េខាងត្បូង​និង​ជប៉ុន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ កោះ Liancourt Rocks ត្រូវបាន​ត្រួតត្រា​ដោយ​កូរ៉េខាងត្បូង ក៏ប៉ុន្តែ ក៏ត្រូវ​បានទាមទារ​ដោយ​ជប៉ុន​ផងដែរ​។​

 
​ក្រុម​វង់ភ្លេង​កុមារ​កូរ៉េខាងត្បូង​ចង់​ឲ្យ​អ្នក​ដឹងថា​តើ​ពួកគេ​គិតថា ប្រជុំ​កោះ​តូចៗ​ជា​របស់​នរណា​។​
 
​មាន​សញ្ញា​ពី​ការតានតឹង​ខាង​ជាតិនិយម​ក្នុងប្រទេស​កូរ៉េខាងត្បូង​។ ជាពិសេស អារម្មណ៍​ប្រឆាំងនឹង​ជប៉ុន​ដែលជា​អតីត​អ្នកត្រួតត្រា​តាមបែប​អាណានិគម​លើ​ប្រទេស​កូរ៉េ​។ ស្នាមរបួស អាចជា​រឿង​ចាស់ ក៏ប៉ុន្តែ ការឈឺចាប់​សម្រាប់​ជនជាតិ​កូរ៉េ​ខ្លះ​នៅ​ថ្មីៗ​នៅឡើយ​។ លោកស្រី Lee Yong-ju អតីត​ស្ត្រី​បម្រើ​ផ្លូវភេទ​ម្នាក់ បាន​និយាយថា​៖ «​ខ្ញុំ មិនអាច​អត់ឱន​ឲ្យ​ពួកគេ​បានទេ​»​។ ប្រវត្តិសាស្ត្រ​នៃ​ការធ្វើ​ពលកម្ម​ដោយ​ការបង្ខំ​របស់​ជប៉ុន រួម​មានការ​ជញ្ជក់​ប្រយោជន៍​ពីអ្វី​ដែល​ហៅថា «​ស្ត្រី​បម្រើ​ផ្លូវភេទ​» នៅតែ​ជា​មូលហេតុ​នៃ​ភាព​តានតឹង​នៅពេល​សព្វថ្ងៃនេះ​។ នាង Nam Dong-ju ជា​អ្នកស្រុក​កូរ៉េខាងត្បូង​ម្នាក់ និយាយថា​៖ «​ពួកគាត់​ជា​ស្ត្រី​ដូចជា​ខ្ញុំ​ដែរ​។ ហើយ វា​ជា​បញ្ហា​ដែល​នៅ​មិនទាន់​ដោះស្រាយបាន​នៅឡើយ​»​។​
 
​សិស្សសាលា​អាយុ​១៨​ឆ្នាំ​ម្នាក់ទៀត​នៅ​ក្រុង​សេ​អ៊ូ​ល និយាយថា​៖ «​ចំពោះ​បញ្ហា​ស្ត្រី​បម្រើ​ផ្លូវភេទ ខ្ញុំ​គិតថា កូរ៉េខាងត្បូង ត្រូវតែ​ទទួលបាន​ការសុំ​អភ័យទោស​ដ៏​ត្រឹមត្រូវ​ពី​ជប៉ុន​»​។​
 
​នាង Wang Se-hyun អាយុ​១៨​ឆ្នាំ​និយាយថា​៖ «​ជប៉ុន មិន​ត្រឹមតែ​សង​ប្រាក់​ជំងឺ​ចិត្ត​ប៉ុណ្ណោះ​ទេ​។​ជប៉ុន ត្រូវតែ​សុំទោស​ដោយស្មោះ​ត្រង់​ទៀត​»​។​
 
​ជប៉ុន​បាន​សុំ​អភ័យទោស ក៏ប៉ុន្តែ បាន​និយាយថា ការទាមទារ​សំណង​ទាំងអស់ បាន​ត្រូវ​ដោះស្រាយ​នៅក្នុង​សន្ធិសញ្ញា​ឆ្នាំ​១៩៦៥​។ ការទាមទារ​ទាំងនេះ​ជាការ​តានតឹង​ដ៏​ខ្លាំង​ដែល​ត្រូវបាន​គេ​មើលឃើញថា រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​និង​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ បាន​បន្ថយ​ចំណងទាក់ទង​ខាង​ពាណិជ្ជកម្ម​។​
 
​ក្នុង​សុន្ទរកថា​កាលពីពេល​ថ្មីៗ​នេះ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មួន ជា​អ៊ី​ន បាន​ព្យាយាម​បន្ធូរបន្ថយ​ភាព​តានតឹង​នេះ ដោយ​និយាយថា កូរ៉េខាងត្បូង នឹងធ្វើ​ការ​ជាមួយ​ជប៉ុន ប្រសិនបើ ជប៉ុន ជ្រើសរើស​ការសន្ទនា​។​
 
​ក៏ប៉ុន្តែ នៅក្នុង​រដ្ឋធានី​សេ​អ៊ូ​ល មានការ​អំពាវនាវ​ឲ្យ​បន្តធ្វើ​ពហិការ​។ ហើយ​នៅពេលដែល​ទំនាក់ទំនង​រវាង​សម្ព័ន្ធមិត្ត​ទាំង​២​របស់​សហរដ្ឋអាមេរិក​កាន់តែ​អាក្រក់​ឡើង អ្នកខ្លះ​បាន​និយាយថា សហរដ្ឋអាមេរិក មិនបាន​ធ្វើ​ការងារ​គ្រប់គ្រាន់​ដើម្បី​ជួយ​នោះទេ​។ លោក Patrick Gerard Buchan នៃ​គម្រោង US Alliance របស់​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ និយាយថា​៖ «​មិន​មានការ​ព្រួយ​កង្វល់​អំពី​បញ្ហា​នេះ​ទេ ហើយ​ជាការ​ពិត នេះ​ជាការ​ធ្លាក់ចុះ​ទាប​បំផុត​ក្នុង​រយៈពេល​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​រវាង​មិត្តភក្តិ​របស់​យើង​ទាំង​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​និង​ទីក្រុង​តូ​ក្យូ​»​។​
 
​កាលពី​ពេលមុន ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូ​ណា​ល់ ត្រាំ បាន​ត្អូញត្អែរ​ពី​ការផ្សះផ្សា​រវាង​ប្រទេស​ទាំង​២​ដែល​នឹង​ចំណាយ​ពេលវេលា​ច្រើន​។ ក៏ប៉ុន្តែ គេ មិនទាន់​ដឹង​ច្បាស់​ថា តើ​ប្រទេស​ណា​ទៀត​អាចជួយ​បានទេ​។ លោក Patrick Gerard Buchan នៃ​គម្រោង US Alliance របស់​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ និយាយទៀតថា​៖ «​សហរដ្ឋអាមេរិក នៅតែ​ជា​ដៃគូ​សម្ព័ន្ធមិត្ត​ខ្លាំង​បំផុត​។ សហរដ្ឋអាមេរិក​នៅតែ​មាន​តួនាទី​សំខាន់​នៅក្នុង​បញ្ហា​នេះ​»​។​
 
​ក៏ប៉ុន្តែ រហូតមកទល់​ពេលនេះ សហរដ្ឋអាមេរិក បាន​ព្យាយាម​សម្រុះសម្រួល​ជា​សាធារណៈ​ដោយបាន​ទទួលលទ្ធផល​តិចតួច​ជាង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com