កីឡាអន្តរជាតិ
អន្តរជាតិ
​ជម្រុះ World Cup៖ កម្ពុជា និង​៣​ក្រុម​ទៀត​ត្រូវ​ប្រកួត​នៅ​ទឹកដី​អ៊ីរ៉ាក់ ក្រោយ​បំរាម​ជាង​៣០​ឆ្នាំ​
21, Aug 2019 , 5:27 pm        
រូបភាព
អ្នកគាំទ្រអ៊ីរ៉ាក់នាជំនួបមិត្តជាមួយហ្ស៊កដានីក្នុងក្រុង Basra កាលពីឆ្នាំ២០១៧។ រូបថត AFP
អ្នកគាំទ្រអ៊ីរ៉ាក់នាជំនួបមិត្តជាមួយហ្ស៊កដានីក្នុងក្រុង Basra កាលពីឆ្នាំ២០១៧។ រូបថត AFP
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បានអនុញ្ញាត​ឲ្យ​អ៊ីរ៉ាក់​ប្រើប្រាស់​កីឡដ្ឋាន​ក្នុង​ក្រុង Basra ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​ក្នុងការ​ប្រកួត​ជម្រុះ World Cup Qatar 2022 ប្រចាំ​តំបន់​អាស៊ី​។ ប្រធាន AFC លោក Shaikh Salman bin Ebrahim Al Khalifa នៅ​ថ្ងៃទី​២១ ខែសីហា ក៏បាន​សាទរ​ចំពោះ​ការសម្រេចចិត្ត​របស់ FIFA នេះដែរ​។​


 
បន្ទាប់ពី​ពិនិត្យ​ស្ថានការណ៍​ក្នុងប្រទេស​អ៊ីរ៉ាក់​រួចមក FIFA សម្រេច​ឲ្យ​ប្រទេស​នេះ​បើក​កីឡដ្ឋាន Basra Sports របស់ខ្លួន​ដែល​ផ្ទុក​ទស្សនិកជន​សរុប​៦៥០០០​នាក់ ដើម្បី​ទទួលភ្ញៀវ កម្ពុជា ហុងកុង បា​រ៉ែ​ន និង​អ៊ីរ៉ង់ សម្រាប់​វគ្គ​ជម្រុះ​កីឡាបាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ នៅ​កាតា ជុំ​ទី​២ ពូ​ល C​។​
 
​ការព្រួយបារម្ភ​ពី​សន្តិសុខ​ចាប់តាំងពី​ទសវត្ស​ឆ្នាំ ១៩៨០​មក បាន​បង្ខំ​អ៊ីរ៉ាក់​ប្រើប្រាស់​ទឹកដី​កណ្តាល​ក្នុងប្រទេស​ផ្សេង​ជំនួស​ឲ្យ​ទឹកដី​ខ្លួនឯង​នា​ការប្រកួត​ជម្រុះ​កន្លងមក​។ FIFA បាន​អះអាងថា​៖«​បន្ទាប់ពី​ការវាយតំ​លៃ​ផ្នែក​សុវត្ថិភាព​ដោយ​គណៈប្រតិភូ FIFA ក្រុង Basra អាច​រៀបចំ​ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​សម្រាប់​ឆ្នាំ ២០២២ នេះ​បាន​»​។​


 
​អ៊ីរ៉ាក់ នឹង​បើកទ្វារ​កីឡដ្ឋាន Basra Sports របស់ខ្លួន​ជា​លើកដំបូង​ដើម្បី​ស្វាគមន៍​ហុងកុង​សម្រាប់​ជំនួប​ពូ​ល C នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ ជួប អ៊ីរ៉ង់ ថ្ងៃទី​១៤ វិច្ឆិកា​, បា​រ៉ែ​ន ថ្ងៃទី​១៩ វិច្ឆិកា​។ ជំនួប​ជាមួយ​កម្ពុជា និង​ចុងក្រោយ​សម្រាប់​យុទ្ធនាការ​ជម្រុះ​ជុំ​ទី​២​នេះ អ៊ីរ៉ាក់​នឹង​ប្រើ​ទីលាន​ដដែល​នេះ នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០​។​
 
​សូមបញ្ជាក់ថា ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់ FIFA World Cup Qatar 2022 ក៏​ជាការ​ប្រកួត​សម្រាប់​ជម្រុះ​ពានរង្វាន់​ប្រចាំ​តំបន់​អាស៊ី Asian Cup 2023 ដែល​ចិន​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​៕


អ៊ីរ៉ាក់(បៃតង) នាជំនួបមិត្តជាមួយហ្ស៊កដានីក្នុងក្រុង Basra កាលពីឆ្នាំ២០១៧


Tag:
 World Cup
  អ៊ីរ៉ាក់​
© រក្សាសិទ្ធិដោយ thmeythmey.com