អន្តរជាតិ
កូរ៉េខាងត្បូង​ប្រតិកម្ម​ប្រឆាំងនឹង​លោក Trump
21, Aug 2019 , 9:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​វា​មិនមែនជា​ការភ្ញាក់ផ្អើល​អ្វី​ទេ​ដែល​ពេលខ្លះ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ធ្វើ​ល្អ​ដាក់​ប្រទេស​ជាស​ត្រូវ​របស់លោក​ជាង​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន​។ ប៉ុន្តែ​វិធីសាស្ត្រ​ចរចា​មិន​សមរម្យ​របស់លោក Trump ហាក់​ទំនង​បង្ហាញ​ការមិនសប្បាយចិត្ត​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ជាពិសេស​ក្នុងចំណោម​ក្រុម​អភិរក្សនិយម​ដែល​បង្ហាញ​ការរិះគន់​កាន់តែខ្លាំង​ទៅលើ​មេ​ដឹក​សហរដ្ឋអាមេរិក​រូប​នេះ​។​

 
​នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ មានរឿង​បន្តិចបន្តួច​កើតឡើង ប៉ុន្តែ​ត្រូវបាន​គេ​កត់សម្គាល់ថា​ជាការ​ប៉ះទង្គិច​គ្នា​ក្នុងចំណោម​ក្រុម​អភិរក្សនិយម​កូរ៉េខាងត្បូង​ដែលជា​ធម្មតា​ជា​អ្នកគាំទ្រ​សហរដ្ឋអាមេរិក ខណៈ​លោក Trump បន្ត​និយាយ​ស​សើរ​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ប៉ុន្តែ​បែរជា​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ពាក់ព័ន្ធ​នឹង​ការចរចា​លើ​វិភាគទាន​ដែល​ត្រូវ​ចំណាយ​លើ​កងទ័ព​សហរដ្ឋអាមេរិក​នៅ​កូរ៉េខាងត្បូង​។ នេះ​មិនមែនជា​យុទ្ធសាស្ត្រ​ថ្មី​នោះទេ​។​
 
​លោក Trump បា​នស​សើ​រលោក Kim ដែលជា​មិត្តភក្តិ​របស់លោក​ជាង​មួយឆ្នាំ​មកនេះ បន្ទាប់ពី​លោក​បាន​ព្យាយាម​បញ្ចុះបញ្ចូល​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ ឲ្យ​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។ ប៉ុន្តែ​ការចរចា​បាន​ជាប់គាំង​ម្តង​ហើយ​ម្តងទៀត ហើយ​លោក Kim ចាប់ផ្តើម​បង្ក​រករឿង​ប្រឆាំងនឹង​កូរ៉េខាងត្បូង​កាន់តែខ្លាំង ដែល​បណ្តាល​ឲ្យ​មនុស្ស​មួយចំនួន​នៅ​កូរ៉េខាងត្បូង​អស់​ការអត់ធ្មត់​។ កាលពី​ដើមខែ​នេះ ក្រុម​សកម្មជន​សិទ្ធិមនុស្ស​កូរ៉េខាងត្បូង​បាន​រិះគន់​លោក Trump ថា​ព្រងើយកន្តើយ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង ហើយ​ស្របពេល​ជាមួយគ្នា​នោះ លោក Trump បាន​និយាយ​ស​សើ​រលោក Kim ថា​ជា​មេដឹកនាំ​មាន​ទស្សនៈវិស័យ​អស្ចារ្យ​សម្រាប់​ប្រទេស​របស់លោក​។​
 
​ពួក​អ្នក​អភិរក្សនិយម​មួយចំនួន​បានលើកឡើង​ពី​ក្តីបារម្ភ​ថា លោក Trump កំពុង​ទុកពេល​ច្រើន​ហួសហេតុ​បណ្តោយ​ឲ្យ​លោក Kim ផលិត​អាវុធ​នុយក្លេអ៊ែរ ដោយ​លោក​និយាយថា​លោក​គ្មាន​បញ្ហា​ជាមួយនឹង​ការបាញ់​គ្រាប់​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង​ទេ បើទោះបីជា​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ជិត​អាច​បាញ់​ដល់​គ្រប់កន្លែង​ក្នុងប្រទេស​កូរ៉េខាងត្បូង​យ៉ាងណាក៏ដោយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com