អន្តរជាតិ
ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន កើនឡើង​ខ្លាំង​ដល់​កម្រិត​កំណត់ត្រា
21, Aug 2019 , 5:59 pm        
រូបភាព
​ករណី​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​របស់​ប្រេ​ស៊ី​ល បាន​កើនឡើង​ដល់កំណត់​ថ្មី​ក្នុង​ឆ្នាំ​២០​១៩។ នេះ​បើ​ផ្អែក​ទៅតាម​ទិន្នន័យ​មកពី​ទីភ្នាក់ងារ​ស្រាវជ្រាវ​អវកាស​របស់​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ​។​


 
​ការស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ជាតិ​ស្រាវ​ជាវ​ផ្នែក​អាវ​កាស ទិន្នន័យ​ផ្កាយរណប បង្ហាញថា​ភ្លើង​ឆេះ​ព្រៃ​មានការ​កើនឡើង ៨៣​ភាគរយ​ក្នុង​ឆ្នាំ​២០១៩ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៨​។ ការស្រាវជ្រាវ​នេះ​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក​ប្រធានាធិបតី Jair Bolsonaro បាន​ដកតំណែង​ប្រធាន​ទីភ្នាក់ងារ​ស្រាវជ្រាវ​ផ្នែក​អាវ​កាស ខណៈពេល​មានការ​ខ្វែងគំនិត​គ្នា​លើ​ទិន្នន័យ​នៃ​ការដុត​បំផ្លាញ​ព្រៃឈើ​។ 
 
​កាលពី​ថ្ងៃទី​១៩ ខែសីហា ផ្សែង​បាន​ហុយ​មកដល់​ទៅ​ក្រុង Sao Paulo នៅពេល​ថ្ងៃ ដោយសារ​មាន​ខ្យល់​ខ្លាំង ដែល​បាន​នាំ​ផ្សែង​មកពី​តំបន់​មាន​ភ្លើង​ឆេះ​ព្រៃ​ក្នុង​រដ្ឋ Amazonas និង Rondonia ដែលមាន​ចំងាយ​ច្រើនជាង​២៧០០​គីឡូម៉ែត្រ​ឯណោះ​។ ការស្រាវជ្រាវ​ដដែល​បាន​បង្ហាញថា ភ្លើង​ឆេះ​ព្រៃ​កើតឡើង​នៅ​រដូវក្តៅ ហើយ​ភាគច្រើន​ជា​សកម្មភាព​របស់​មនុស្ស​ដែល​កាប់​ឆ្ការព្រៃ​យក​ដី​ចិញ្ចឹមសត្វ​។ 
 
​តាម​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters លោក​ប្រធានាធិបតី Bolsonaro បាន​ច្រានចោល​នូវ​ទិន្ន័យ ៨៣​ភាគរយ​របស់​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​ផ្នែក​អាវ​កាស ហើយ​និយាយថា វា​ជា​រដូវ​កាល​នៃ​ការកាប់​ឆ្ការព្រៃ ដែល​កសិករ​ប្រើ​ភ្លើង​សម្រាប់​ដុត​ព្រៃ​ដើម្បី​យក​ដី​ចិញ្ចឹមសត្វ​។ 
 
​អ្នកវិទ្យាសាស្ត្រ​បាន​រិះគន់​លោក​ប្រធានាធិបតី​រូបនេះ ខណៈ​អត្រា​បាត់បង់​ព្រៃឈើ​បាន​កើនឡើង​ក្រោយ​លោក​ចូលកាន់​តំណែង​ដែល​ធ្វើ​ព្រៃ​អា​ម៉ា​ហ្សូ​ន​ទទួលរង​នូវ​ការរង​គ្រោះ ពិសេស ជំហរ​របស់លោក​ដែល​យក​អភិវឌ្ឍ​ធំ​ជាង​អភិរក្ស​ព្រៃឈើ​។ 
 
​សូមបញ្ជាក់ថា ការស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ជាតិ​ស្រាវ​ជាវ​ផ្នែក​អាវ​កាស​រកឃើញ ការដុត​ព្រៃ​មាន​៧២០០០​ករណី ចន្លោះ​ពី​ខែមករា ដល់​ខែសីហា ដែល​តួលេខ​នេះ​ខ្ពស់ជាង​ឆ្នាំ​ណាៗ​ទាំងអស់​ចាប់ពី​ឆ្នាំ​២០១៣​។ ព្រៃ​អា​ម៉ា​ហ្សូ​ន​គឺជា​កន្លែង​ផ្ទុក​សារធាតុ​កាបូន​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក ដែល​ជួយ​បន្ថយ​ការកើនឡើង​កម្តៅ​ផែនដី​៕

Tag:
 ប្រេ​ស៊ី​ល
© រក្សាសិទ្ធិដោយ thmeythmey.com