ក្រសួងទេសចរណ៍​ចងក្រង​ឯកសារ​ពី​រូបមន្ត​ធ្វើ​នំ​បញ្ចុក ដើម្បី​ផ្សព្វផ្សាយ​ទៅ​ពិភពលោក​
ជាតិ
ក្រសួងទេសចរណ៍​ចងក្រង​ឯកសារ​ពី​រូបមន្ត​ធ្វើ​នំ​បញ្ចុក ដើម្បី​ផ្សព្វផ្សាយ​ទៅ​ពិភពលោក​
21, Aug 2019 , 10:39 pm        
រូបភាព
លោក ថោង ខុន ទស្សនាស្តង់ផលិតផលម្ហូបអាហារខ្នាតតូច ក្នុងឱកាសសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា។ រូបថតក្រសួងទេសចរណ៍
លោក ថោង ខុន ទស្សនាស្តង់ផលិតផលម្ហូបអាហារខ្នាតតូច ក្នុងឱកាសសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា។ រូបថតក្រសួងទេសចរណ៍
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ នឹង​ចងក្រង​ឯកសារ​ពី​រូបមន្ត​ធ្វើ​នំ​បញ្ចុក ដើម្បី​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក​។ នេះ​បើតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​ថ្លែង​នៅក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​១ ស្ដីពី​ទេសចរណ៍​ម្ហូបអាហារ​កម្ពុជា នា​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩​។​

 
​លោក ថោង ខុន បាន​និយាយថា ក្រុមការងារ​ក្រសួង​នឹង​រៀបចំ​សរសេរ​ជា​សៀវភៅ​មួយ ពី​របៀប​ធ្វើ​សម្ល​នំ​បញ្ចុក​ឆ្ងាញ់ ដើម្បីឱ្យ​ជនបរទេស សាកល្បង​ធ្វើ​ហូប និង​ភ្លក់​រសជាតិ​ពី​ម្ហូបអាហារ​របស់​ខ្មែរ ដែលមាន​ប្រវត្តិ​ជា​យូរលង់​មកហើយ​។ ក្រៅពី​នំ​បញ្ចុក​នេះ ក្រសួង​ក៏​នឹង​ស្រាវជ្រាវ​រូបមន្ត​ធ្វើ​ត្រសក់ចាវ ដែលមាន​គុណភាព នឹង​អនាម័យ​ផងដែរ​។​
 
​បើតាម​លោក ថោង ខុន ក្រៅពី​អង្គរវត្ត និង​វប្បធម៌​រូបិយ​-​អ​រូបិយ​ផ្សេងទៀត​នោះ ភ្ញៀវទេសចរ​អន្តរជាតិ ក៏​អាច​ស្គាល់​កម្ពុជា តាមរយៈ​ម្ហូបអាហារ​នេះដែរ​។​
 
​សូម​ស្ដាប់​សំឡេង​៖



 
​កាលពី​ថ្ងៃទី​៣ ខែកក្កដា​កន្លងមក សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​អត្តសញ្ញាណ​នំ​បញ្ចុក​ខ្មែរ ដល់​អ្នកចូលរួម​ទាំង​អស់ នៅក្នុង​កម្មវិធី​សង្គម និង​វប្បធម៌ ដែល​រៀបចំ​នៅ​ទីស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នៅ​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ។​ជនជាតិ​បរទេស​ជាច្រើន​នាំគ្នា​បរិភោគ​នំ​បញ្ចុក​ខ្មែរ ក្រោយ​ការណែនាំ​បង្ហាញ​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​
 
​ប្រមុខ​រដ្ឋាភិបាល​បានលើកឡើង​ថា នំ​បញ្ចុក​ជា​អត្តសញ្ញាណ​នំ​របស់​ជាតិខ្មែរ ដែល​បង្ហាញ​ពី​សាមគ្គីភាព​ស្អិតល្មួត​វេញ​ត្របាញ់​ចូលគ្នា​ដូចជា​ចង្វាយ​នំ​បញ្ចុក ដែលមាន​គ្រឿងផ្សំ​ជាច្រើន​នាំមក​នូវ​ក្លិន​ដ៏​ឈ្ងុយ​និង​រសជាតិ​ដ៏​ឆ្ងាញ់ ពិសារ​ដែល​នាំមក​នូវ​សុខភាព​ពិតៗ​។​
 
​សម្ដេច ហ៊ុន សែន ក៏​ធ្លាប់បាន​ណែ​នាំឱ្យ​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់ រៀបចំ​ម្ហូបអាហារ​ខ្មែរ​ទទួល​ថ្នាក់ដឹកនាំ​រដ្ឋ ប្រតិភូ និង​ភ្ញៀវ​បរទេស​ផងដែរ ដើម្បីឱ្យ​ពួកគេ​បាន​ស្គា​ល់ពី​អត្តសញ្ញាណ វប្បធម៌ និង​អរិយធម៌​ខ្មែរ តាមរយៈ​ម្ហូបអាហារ​នេះ​៕

Tag:
 ថោង ខុន​
  ទេសចរណ៍​
  នំ​បញ្ចុក​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com