ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឧស្សាហ៍​ស្ងួត​ប្រេះ​បបូរមាត់​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​!
23, Aug 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បបូរមាត់​ស្ងួត​ប្រេះ​មិន​ត្រឹមតែ​ជា​បញ្ហា​គួរ​ឲ្យ​រំខាន​ធម្មតា​មួយ​ប៉ុណ្ណោះ​ទេ ក៏​ព្រោះ​ពេលខ្លះ​វា​ផ្ដល់នូវ​ការឈឺចាប់​ខ្លាំង និង​មាន​ហូរឈាម​ទៀតផង​។ បបូរមាត់​ប្រេះ​ស្ងួត​មិនមែន​កើតមាន​ដោយសារតែ​កត្តា​អាកាសធាតុ​តែមួយ​ឡើយ ប៉ុន្តែ​ក៏​អាច​បណ្ដាលមកពី​មូលហេតុ​មួយចំនួន​ផ្សេងទៀត​ដែរ​។ ហើយ​ការដឹង​អំពី​ហេតុ​បង្ក​ជា​គន្លឹះ​ដ៏​ល្អ​មួយ​ក្នុងការ​ទប់ស្កាត់​នូវ​បញ្ហា​កុំ​ឲ្យ​កើតឡើង​។


 
​ថ្ងៃនេះ​យើង  នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ទូទៅ​បំផុត​នៃ​បញ្ហា​ស្ងួត​ប្រេះ​បបូរមាត់ ៖

១. ឥទ្ធិពល​នៃ​អាកាសធាតុ​
 
​បបូរមាត់​ងាយ​នឹង​ទទួលរង​ផលប៉ះពាល់​ពី​កត្តា​ខាងក្រៅ​ណាស់​ត្រឹមតែ​ការ​ប៉ះ​ផ្ទាល់​ជាមួយ​ខ្យល់​ត្រជាក់ ឬ​ខ្យល់​ធម្មតា​ក៏​អាចធ្វើ​ឲ្យ​វា​ប្រែជា​ស្ងួត​បាន​យ៉ាង​ងាយ​ដែរ​។ ពន្លឺព្រះអាទិត្យ​ក៏​ផ្ដល់​ឥទ្ធិពល​អវិជ្ជមាន​ដល់​បបូរមាត់​មិន​ចាញ់​ខ្យល់​ឡើយ​ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ការពារ​បបូរមាត់​ពី​កត្តា​អាកាសធាតុ​នេះ ដោយ​ប្រើប្រាស់​ឡេ​ការពារ​កម្ដៅ ឬ​ក្រែ​មរ​លោង​លាប​លើ​បបូរមាត់​។​
 
២. ការ​លិឍ​បបូរមាត់​
 
​ការ​លិឍ​បបូរមាត់​មិនអាច​ធ្វើឱ្យ​បបូរមាត់​ជៀសផុត​ពី​ការ​ប្រេះ​ឡើយ​។ ផ្ទុយទៅវិញ គឺ​មានតែ​ធ្វើ​ឲ្យ​បបូរមាត់​ងាយ​នឹង​ស្ងួត​ប្រេះ​លើស​ដើម​។ ជំនួស​ឲ្យ​ការផ្ដល់​សំណើម​ដល់​បបូរមាត់​ជាមួយនឹង​ទឹកមាត់ ចូរ​ប្រើប្រាស់​ក្រែ​មរ​លោង​លាប​ការពារ​បបូរមាត់​វិញ​ទើប​ប្រសើរ​។​
 
៣. ការដកដង្ហើម​តាម​មាត់​
 
​បបូរមាត់​ងាយ​នឹង​ស្ងួត​ប្រេះ​ណាស់​នៅពេល​អ្នកមាន​ជំងឺ​ផ្ដាសាយ ឬ​ហៀរ​សំបោរ​តឹង​ច្រមុះ​ដោយសារ​អ្នក​ដកដង្ហើម​តាម​មាត់​ដែល​ធ្វើ​ឲ្យ​ស្ងួត​បបូរមាត់​។ ដូច្នេះ​ចូរ​លាប​ក្រែ​មរ​លោង​លើ​បបូរមាត់​ដើម្បី​ការពារ​។​
 
៤. កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​
 
​ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​មិនបាន​ប្រហែលជា ២ លីត្រ ក្នុង​មួយថ្ងៃ​ទេនោះ មិនចាំបាច់​ភ្ញាក់ផ្អើល ឬ​ឆ្ងល់​ឡើយ​ថា​ហេតុអ្វី​បានជា​បបូរមាត់​របស់​អ្នក​ចេះតែ​ស្ងួត ហើយ​ប្រេះ​សឹង​គ្រប់ពេល​។ ហើយ​កុំ​ភ្លេច​កំណត់​កម្រិត​នៃ​ការទទួល​ទាន​គ្រឿង​ស្រវឹង និង​កាហ្វេ​ផង ខណៈដែល​ភេសជ្ជៈ​ទាំងពីរ​នេះ​អាចធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​។​
 
៥. ទទួលទាន​អាហារ​មាន​រសជាតិ​ហឹរ​និង​មាន​ជាតិ​អាស៊ីត​
 
​អាហារ​ដែលមាន​រសជាតិ​ហឹរ និង​មាន​ជាតិ​អាស៊ីត ក៏​អាចធ្វើ​ឲ្យ​បបូរមាត់​ទទួលរង​ផលប៉ះពាល់​ប្រែជា​ស្ងួត​ប្រេះ​បាន​ផងដែរ​។ ដូច្នេះ​អ្នក​គួរ​កំណត់​កម្រិត​បរិមាណ​នៃ​ការ​ទទួលទាន​អាហារ​ប្រភេទ​នេះ​។​
 
៦. បញ្ហា​សុខភាព​មួយចំនួន​
 
​ប្រសិនបើ​បញ្ហា​នៃ​ការ​ស្ងួត​ប្រេះ​បបូរមាត់​របស់​អ្នក​មិនមែន​បណ្ដាលមកពី​មូលហេតុ​ប៉ុន្មាន​ចំនុច​ខាងលើ​ទេនោះ អ្នក​គួរ​ប្រញាប់​ទៅ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ហើយ​។ ក្នុង​ករណីខ្លះ​បបូរមាត់​ស្ងួត​ប្រេះ​អាចជា ឬ​រោគសញ្ញា​មួយ​នៃ​ជំងឺរើម​មាត់ រោគ​ផ្សិត​ក្នុង​មាត់ ជំងឺ​ពងបែក និង​បញ្ហា​ទាក់ទង​ជាមួយ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com