ជាតិ
ក្រសួង ប្រាប់ឱ្យពលរដ្ឋនៅអមសងខាងទន្លេប្រញាប់ប្រមូលកសិផល ខណៈស្ថានភាពទឹកហក់ឡើង
×
ដោយ៖ ហួ ឆេងស៊ីម
ភ្នំពេញ៖ កម្ពុជារងឥទ្ធិពលសម្ពាធទាបមួយ ដែលធ្វើឱ្យភ្លៀងធ្លាក់ខ្លាំង ហើយទឹកទន្លេកើនឡើងជាអតិបរមាលើកទី១ ចាប់ពីថ្ងៃទី២១ សីហាទៅ។ ដូច្នេះប្រជាកសិករនៅជុំវិញទន្លេ ត្រូវប្រញាប់ប្រមូលកសិផល ដើម្បីបញ្ចៀសការខូចខាតជាយថាហេតុ ដោយសារស្ថានភាពទឹកហក់ឡើងនេះ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ប្រព័ន្ធសម្ពាធទាប(ITCZ) ដែលកំពុងអូសកាត់លើអាងទន្លេមេគង្គ ចាប់ពីប្រទេសវៀតណាមដល់មីយ៉ាន់ម៉ា ដែលនឹងជះឥទ្ធិពលដល់ប្រទេសមួយចំនួនទៀតដូចជា ប្រទេសឡាវ ថៃ និងកម្ពុជា ជាពិសេសតំបន់ខ្ពង់រាបឦសាន តំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេសេកុង សេសាន និងទន្លេស្រែពក ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងកម្រិតពីមធ្យមទៅខ្លាំង ចាប់ពីចុងខែសីហានេះទៅ។
បើតាមក្រសួងធនធានទឹក ការធ្លាក់ភ្លៀងនេះ នឹងធ្វើឱ្យទឹកទន្លេមេគង្គកើនឡើងជាបន្តបន្ទាប់ ដែលបណ្តាលឱ្យស្ថានីយជលសាស្ត្រនានានៅតាមខេត្តស្ទឹងត្រែង ក្រចេះ និងកំពង់ចាម មានកម្ពស់ទឹកកើនឡើងជាងមុន ប៉ុន្តែកម្ពស់ទឹកនេះ គឺស្ថិតនៅក្រោមកម្រិតកម្ពស់ដែលត្រូវប្រុងប្រយ័ត្នទាំងអស់។ រីឯនៅទន្លេមេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់ ទឹកនឹងឡើងជាបន្តបន្ទាប់។
«ក្រសួងស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ ពិសេសប្រជាកសិករ ដែលប្រកបរបរកសិកម្មនៅអមសងខាងទន្លេទាំងអស់រួសរាន់ឡើងក្នុងការប្រមូលកសិផល និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ»។ នេះជាការអំពាវនាវរបស់ក្រសួងធនធានទឹក ដែលបានបន្ថែមថា ទឹកទន្លេមេគង្គ តែងតែហក់ឡើង២ដងក្នុងមួយឆ្នាំ ដែលហៅថា អតិបរមាលើកទី១ និងអតិបរមាលើកទី២៕
Tag:
ទឹកជំនន់
លឹម គានហោ
អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com