អន្តរជាតិ
ស្ត្រី​អារ៉ាប់​ប៊ី​សា​អូឌីត មាន​សេរីភាព​ធ្វើដំណើរ​ដោយ​ខ្លួនឯង ក្រោយ​រង​ការ​រឹតត្បិត​រាប់សិប​ឆ្នាំ​
22, Aug 2019 , 10:10 am        
រូបភាព
​ដោយ៖ ងួន សុ​ភាវ​ត្តី​
 
​ជាការ​ផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​ក្នុងប្រទេស​ដែលមាន​និន្នាការ​អភិរក្ស​ខ្លាំង ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត មាន​សិទ្ធិ​ទៅណា​មក​ណា​ដោយ​មិនចាំបាច់​មានការ​អនុញ្ញាត​ពី​គ្រួសារ​ឡើយ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ SPA នៅ​ថ្ងៃទី​២០ ខែសីហា ។ លើសពីនោះ ស្ត្រី​ពេញវ័យ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ក៏មាន​សិទ្ធិ​ចាត់ចែង​ការងារ​គ្រួសារ​កាន់តែច្រើន​ដែរ​។


 
​អារ៉ាប់​ប៊ី​សា​អូឌីត បានទទួល​ការរិះគន់​ជាច្រើន​ឆ្នាំ​មកហើយ​អំពី​បញ្ហា​សេរីភាព​របស់​ស្ត្រី​។ ក្រុម​សិ​ទិ្ធ​មនុស្ស​និយាយថា ស្ត្រី​ត្រូវបាន​គេ​ចាត់ទុកជា​ពលរដ្ឋ​ថ្នាក់​ទី ២ នៅក្រោម​ច្បាប់​ដែល​តម្រូវ​ឲ្យ​ពួកគេ​សុំ​ការអនុញ្ញាត​ពី​អាណាព្យាបាល​ជា​បុរស​ចំពោះ​ការសម្រេចចិត្ត​សំខាន់ៗ​ពេញ​មួយជីវិត​របស់​ពួកគេ​ដោយ​មិន​គិតពី​អាយុ​។​
 
​យ៉ាងណាមិញ អាជ្ញាធរ​ប្រទេស​សម្បូរ​ប្រេង​មួយ​នេះ បាន​លុបចោល​ជាប្រចាំ​នូវ​ការ​រឹតត្បិត​ទាំងនោះ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​រួមទាំង​ការបញ្ចប់​ការហាមឃាត់​ស្ត្រី​បើកបរ​រថយន្ត​កាលពី​ឆ្នាំមុន​។ មហាក្សត្រ សាល​ម៉ាន់ បានចេញ​រាជ​ក្រិ​ត្យ​ជា​បន្តបន្ទាប់​ដើម្បី​ធ្វើកំណែទម្រង់​ក្នុងស្រុក​។ ជាក់ស្ដែង លិខិតឆ្លងដែន​អា​រ៉ា​ប៊ី​សា​អូឌីត នឹងត្រូវ​បានចេញ​ឱ្យទៅ​ពលរដ្ឋ​ណា​ដែល​ដាក់ពាក្យ​ស្នើសុំ មិន​ថា​ភេទ​អ្វី​ទេ ហើយ​មនុ​ប្រជាជន​ដែលមាន​អាយុ​លើសពី ២១​ឆ្នាំ ក៏​មិន​ត្រូវការ​ការអនុញ្ញាត​ពី​អាណាព្យាបាល​សំរាប់​ធ្វើដំណើរ​ដែរ​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អាជ្ញាធរ​ក៏បានផ្តល់​សិទ្ធិ​ដល់​ស្ត្រី​ជា​លើកដំបូង​ក្នុង​ការចុះ​សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ឬ​លែងលះគ្នា និង​ឯកសារ​គ្រួសារ​ជា​ផ្លូវការ​នានា​។ បន្ថែម​ពីលើ​នោះ ស្រី្ត​អា​រ៉ា​ប៊ី​សា​អូឌីត ក៏មាន​សិទ្ធិ​ធ្វើជា​អាណាព្យាបាល​ដល់​កុមារ​ដែលមាន​អាយុ​តិច​។​
 
​ប្រភពពី​ក្រសួងមហាផ្ទៃ​អា​រ៉ា​ប៊ី​សា​អូឌីត​បញ្ជាក់ថា នាយកដ្ឋាន​លិខិតឆ្លងដែន​និង​អត្រានុកូលដ្ឋាន និង​សាខា​នៅ​គ្រប់​តំបន់​ទាំង​អស់នៃ​ព្រះរាជាណាចក្រ​មួយ​នេះ បានចាប់ផ្តើម​អនុវត្ត​វិសោធនកម្ម​ដែលមាន​ចែង​ក្នុង​ព្រះរាជក្រឹត្យ​។ 
 
​កាសែត​អារ៉ាប៊ីសាអ៊ូឌីត​បាន​រាយ​ការណ៍​ថា ស្ត្រី​ជាង ១.០០០ នាក់​នៅ​ខេត្ត​ភាគ​ខាងកើត​របស់​ប្រទេស​បាន​ចាក​ចេញពី​អារ៉ាប់​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃទី​១៩ ខែសីហា ដោយ​មិន​ការអនុញ្ញាត​ពី​អាណាព្យាបាល​របស់​ពួកគេ​។ នេះ​ជា​ទំនងជា​អនុវត្ត​ច្បាប់​ថ្មី​ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​ស្ត្រី​ក្នុងការ​ដើរហើរ​ដោយ​ខ្លួនឯង​៕

© រក្សាសិទ្ធិដោយ thmeythmey.com