អន្តរជាតិ
លោក ប្រាយុទ្ធ សន្យារក្សាច្បាប់ហាមឃាត់បារីអេឡិចត្រូនិក រូបភាព Inspire Pattaya
×
ដោយ៖ ឈួន ឈីវអ៊ីង
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី២០ ខែសីហា បានសន្យារក្សាច្បាប់ហាមឃាត់បារីអេឡិចត្រូនិកក្នុងប្រទេសថៃ។ លោក ប្រាយុទ្ធ បញ្ជាក់ថា រដ្ឋាភិបាលថ្មីរបស់លោកនឹងមិនទទួលយកការបញ្ចុះបញ្ចូលពីសំណាក់ក្រុមអ្នកបញ្ចុះបញ្ចូលដែលបានខិតខំដើម្បីឲ្យមានការលុបចោលបម្រាមដែលបានចូលធរមានតាំងពីឆ្នាំ ២០១៤ នេះឡើយ។
ជាការឆ្លើយតបទៅនឹងសំនួររបស់អ្នកយកពត៌មាននៅថ្ងៃទី២០ ខែសីហា លោក ប្រាយុទ្ធ ចន្ទអូចា បានលើកឡើងថា មានអ្នកចង់ឲ្យផលិតផលទីផ្សារងងឹតដែលមានតម្លៃទាំងនេះ ទៅជាស្របច្បាប់។ ប៉ុន្តែក្នុងការធ្វើសេចក្តីសម្រេចចិត្តលើបញ្ហានេះ លោក ប្រាយុទ្ធ អះអាងថា រដ្ឋាភិបាលមិនអាចគិតគូរត្រឹមបញ្ហាសេដ្ឋកិច្ចបានឡើយ។
«បារីអេឡិចត្រូនិចក៏នឹងប៉ះពាល់សុខភាពប្រជាពលរដ្ឋ ហើយដាក់បន្ទុកបន្ថែមទៅលើថវិកាសម្រាប់វិស័យសុខាភិបាលរបស់ជាតិ។» នេះជាការលើកឡើងរបស់លោក ប្រាយុទ្ធ ដែលយោងផ្សាយរបស់កាសែត Bangkok Post។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីថៃរូបនេះ ក៏ប្រាប់ឲ្យក្រសួងសុខភាពសាធារណៈ ប្រឹងធ្វើការថែមទៀតពីពិសេសការអប់រំជាសាធារណៈអំពីការប៉ះពាល់សុខភាពនៃការជក់បារីអេឡិចត្រូនិក (Vaping) ខណៈមន្ត្រីជំនាញគួរបង្ក្រាបបន្ថែមទៀតលើការលក់បារីអេឡិចត្រូនិកខុសច្បាប់នេះ៕
Tag:
ថៃ
ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com