ប្រវត្តិសាស្ត្រ​! ចិន​យក​កីឡាករ​ប្រេ​ស៊ី​ល​ចូល​ជម្រើសជាតិ ព្រោះ​ចង់​លើក​ពាន World Cup
កីឡាអន្តរជាតិ
អន្តរជាតិ
ប្រវត្តិសាស្ត្រ​! ចិន​យក​កីឡាករ​ប្រេ​ស៊ី​ល​ចូល​ជម្រើសជាតិ ព្រោះ​ចង់​លើក​ពាន World Cup
22, Aug 2019 , 2:42 pm        
រូបភាព
ខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីល Elkeson ដែលមានឈ្មោះចិនថា  Ai Kesen ។ រូបថត AFP
ខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីល Elkeson ដែលមានឈ្មោះចិនថា Ai Kesen ។ រូបថត AFP
​ខ្សែប្រយុទ្ធ​ដើមកំណើត​ប្រេ​ស៊ី​ល Elkeson អះអាងថា​ចង់​នាំ​ក្រុមកីឡា​បាល់ទាត់​ជម្រើស​ជាតិចិន​ឈានទៅ​កាន់ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup បន្ទាប់ពី​រូបគេ​បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិចិន​។ Elkeson ជា​កីឡាករ​បាល់ទាត់​ដំបូង​គេ​ដែល​គ្មាន​ជាប់សាច់​ឈាម​ចិន ហើយ​ជាប់​ជម្រើសជាតិ​ប្រទេស​នេះ​ជា​ប្រវត្តិសាស្ត្រ​។​


 
​ក្នុង​វ័យ ៣០ ឆ្នាំ Elkeson ដែលមាន​ឪពុកម្តាយ​ជា​ជនជាតិ​ប្រេ​ស៊ី​ល មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី ត្រៀមខ្លួន​សម្រាប់​ក្រុម​របស់លោក Marcello Lippi ក្នុងការ​ប្រកួត​ជម្រុះ World Cup Qatar 2022 ប្រចាំ​តំបន់​អាស៊ី ទល់នឹង​ជម្រើសជាតិ​ម៉ា​ល់​ឌី​វ នៅ​ថ្ងៃទី ១០ ខែកញ្ញា​។ ចិន​ស្ថិតនៅ​ពូ​ល A ជាមួយ ស៊ី​រី ហ្វីលីពីន ម៉ា​ល់​ឌី​វ និង កោះ​ហ្គា​ម​។​


Xi Jinping (ស្តាំ) នាជំនួបជាមួយ​ប្រធាន FIFA លោក Gianni Infantino នៅក្រុងប៉េកាំង កាលពីឆ្នាំ​២០១៧។ រូបថត AFP
 
​គ្រូបង្វឹក​ចិន​លោក Lippi ដែល​ឈឺក្បាល​ជា​យូរ​មក​ហើយពី​កង្វះ​ខ្សែប្រយុទ្ធ​នោះ នៅ​ថ្ងៃទី​២១ ខែសីហា បានសម្រេច​ជ្រើស​យក Elkeson សមាជិក​ក្លិប Guangzhou Evergrande ដោយ​ប្តូរ​ឈ្មោះ​របស់គេ​ទៅជា​ឈ្មោះ​ចិន Ai Kesen ដើម្បី​ប្រើ​ជាមួយ​លិខិតឆ្លងដែន​ចិន​ផង និង​ឈ្មោះ​សម្រាប់​ជម្រើសជាតិ​ផង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
​ការចូលរួម​ជាមួយ​ក្រុម​យក្ស​ចិន Elkeson បាន​ប្តេជ្ញា​ថា​រូបគេ​នឹង​ចួ​ល​រួមចំណែក​ជួយ​ឲ្យ​ប្រទេស​នេះ​បង្ហាញខ្លួន​នៅ World Cup សាជាថ្មី​ម្តងទៀត​។ 
 
«​ខ្ញុំ​ចង់​ប្រាប់​ពិភពលោក​ថា ខ្ញុំ​ជា​ជនជាតិ​ចិន ហើយ​ខ្ញុំ​ចង់​ប្រគល់​ក្តី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​ទាំ​ង​អស់​ដូចដែល​អ្នក​បានផ្តល់​ឲ្យ​ខ្ញុំ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។ ខ្ញុំ​សង្ឃឹមថានឹង​ទទួលបាន​ការគាំទ្រ​ពី​អ្នកជា​និច្ច​»​។ នេះ​ជាការ​អះអាង​របស់ Elkeson ដែល​មក​រួម​រស់នៅ​ទឹកដី​ចិន​តាំងពី​ឆ្នាំ​២០១៣ ក្រោយ​ចាក​ចេញពី​ក្រុម Botafogo ទៅ​រួម​ក្រុម Guangzhou Evergrande​។​
 
​រយៈពេល​៦​រដូវ​កាល Elkeson ស៊ុត​បញ្ចូល​ទី​បាន​លើសពី ១០០​គ្រាប់ ក្នុង​បង្ហាញខ្លួន ១៥០​ប្រកួ​ត នៃ​លី​គ​កំពូល​ចិន Chinese Super League​។ 


Nico Yennaris អតីតខ្សែបម្រើ Arsenal មានឈ្មោះចិនថា Li Ke។ រូបថត Getty Images
 
​ចិន​ដែល​សព្វថ្ងៃ​មាន​ចំណាត់ថ្នាក់​ទី​៧១​ពិភពលោក​ក្នុង​តារាង​ចំណាត់ថ្នាក់​របស់ FIFA ធ្លាប់​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក​តែម្ដង​ប៉ុណ្ណោះ​កាលពី​ឆ្នាំ ២០០២ ដែល​កូរ៉េខាងត្បូង និង​ជប៉ុន​ធ្វើ​ម្ចាស់ផ្ទះ​រួមគ្នា​។​
 
​កន្លងមក កីឡាករ​ដែល​ទទួលបាន​សញ្ជាតិ​ចិន និង​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ រួមមាន  Nico Yennaris អតីត​ខ្សែបម្រើ Arsenal ដែល​កើត​នៅ​អង់គ្លេស ដោយ​ឪពុក​ជា​ជនជាតិ​ស៊ី​ប ឯ​ម្តាយ​ជា​ជន​ជាតិចិន​។ Nico ដែល​លេង​ឲ្យ​ក្លិប Beijing Guon និង​មានឈ្មោះ​ចិន​ថា «Li Ke»​។​
 
John Hou Saeter មិត្ត​រួម​ក្រុម​របស់ Li Ke ដែល​ធ្លាប់​លេង​ឲ្យ​ក្រុមយុវជន​ជម្រើសជាតិ​ន័​រវេ​ស ក៏បាន​ទទួល​សញ្ជាតិ​ចិន កាលពី​ខែកុម្ភៈ​កន្លងមក​ផងដែរ ដោយសារ​គេ​មាន​ម្តាយដើម​កំណើត​ចិន រីឯ​ឪពុក​ជា​ជនជាតិ​ន័​រវេ​ស​។ Hou មានឈ្មោះ​ចិន​ថា «Hou Yongyong»​។​
 
​ជាមួយគ្នានេះ កីឡាករ​អង់គ្លេស Tyias Browning ដែល​បាន​ចូលរួម​ជាមួយ​ក្លិប Guangzhou Evergrande ក៏បាន​ស្នើសុំ​សញ្ជាតិ​ចិន​ផងដែរ ដោយសារ​គេ​ជីតា​ខាង​ម្តាយ​របស់គេ គឺជា​ជនជាតិ​ចិន​។​
 
​យោងតាម South China Morning Post លោក​ប្រធានាធិបតី​ចិន Xi Jinping មាន​មហិច្ឆតា​ខ្ពស់​ក្នុងការ​ជុំវិញ​វិស័យ​កីឡា ជាពិសេស​បាល់ទាត់ តាមរយៈ​ការជ្រើសរើស​ការផ្តល់​ស​ញ្ជា​តិ​កីឡាករ​បរទេស​ដែលមាន​សមត្ថភាព ខណៈ​ចិន​ត្រៀម​ប្រជែង​ធ្វើជា​ម្ចាស់ផ្ទះ World Cup ឆ្នាំ​២០៥០៕

Tag:
 World Cup
  ចិន​
  Elkeson
© រក្សាសិទ្ធិដោយ thmeythmey.com